ចែករម្លែក

ដោយៈ បូ​រិ​ន / ភ្នំពេញៈ ការប្រកួត​ប្រដាល់ កំពូល​ជើងឯក Cell Card Champion សម្រាប់​វគ្គ​ជុំ​ទី​២ នៅ​លើស​ង្វ្រៀ​ន​ស្ថានីយ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ នឹង​ចាប់ផ្តើម​ហើយ នៅវេលា​ម៉ោង ៦ ល្ងាច ថ្ងៃ​សៅរ៍ ទី​២៤ ខែតុលា នេះ ។ កីឡាករ​ប្រដាល់ ស៊ឺន ថៃ​សាន់ និង កីឡាករ​ប្រដាល់ ធន់ អៀន​ឡៃ នឹង​ជួប​ប្រកួត​គ្នា ដើម្បី​ដណ្ដើម​ជ័យជំនះ សម្រាប់​ឈានទៅ​វគ្គ​បន្តទៀត ក៏ប៉ុន្តែ​មិនដឹងថា តើន​រណា នឹងមាន​សំណាង​នោះទេ​? ។

​ជា​គូ​សម្រាប់​ថ្ងៃ​បើកឆាក​ជុំ​ទី​២ នៃ​ការប្រកួត​ប្រដាល់ កំពូល​ជើងឯក TV5 Knock Out Series by Cellcard អ្នក​ប្រដាល់ ស៊ឺន ថៃ​សាន់ និង ធន់ អៀន​ឡៃ ទាំងពីរ​រូបនេះ ក៏​ជា​កីឡាករ ដែលមាន​ប្រជាប្រិយភាព និង​មាន​អ្នកគាំទ្រ រង់ចាំ​ទស្សនា​យ៉ាងច្រើន ដោយ​ចង់ដឹងថា នៅពេល​ពួកគេ ប៉ះគ្នា​លើក​នេះ លទ្ធផល នឹង​ទៅជា​យ៉ាងណា​? ។​

ស៊ឺន ថៃ​សាន់ និង ធន់ អៀន​ឡៃ នរណា អាច​ដណ្ដើម​ជ័យជំនះ នា​ថ្ងៃ​សៅរ៍​នេះ

​សូមបញ្ជាក់ថា កាលពី​ល្ងាច ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២០ ដែល​ការប្រកួត​ជុំ​ទី​១ កីឡាករ​គុន​ខ្មែរ ស៊ឺន ថៃ​សាន់ គ្រាន់តែ​ចូល​ទឹក​ទី​១ សម្រុក​វាយ​លើ​ដៃគូ នូវ សុខ​ទី តែម្តង ដោយ​មិន​ស្ទាប់ស្ទង់​អ្វី​ច្រើន​ឡើយ​។ ទឹក​១ និង ទី​២ ស៊ឺន ថៃ​សាន់ វ៉ៃ​សម្រុក​ខ្លាំង ដូច​តោ​ហក់ ទៅ​ត្របាក់​កូន​ចៀម​។ ប៉ុន្តែ នូវ សុខ​ទី ក្នុង​ទឹក​១ និង​២ ហាក់បីដូចជា​គិត​ខុស ពីដំបូង ដោយ​វាយ​ឡបៗ ស្ទាបស្ទង់​កម្លាំង ស៊ឺន ថៃ​សាន់ បែរជា​ធ្វើឱ្យ​បង្គោល​ក្រហម ស៊ឺន ថៃ​សាន់ មានការ​គាំទ្រ​ច្រើន និង​បាន​ពិន្ទុ​ច្រើន មុន​ទៅហើយ រហូត​សម្រេចបាន​ជ័យជំនះ ដោយ​ពិន្ទុ ។​

​ចំណែក​កីឡាករ​ប្រដាល់​គុន​ខ្មែរ ធន់ អៀន​ឡៃ ដែល​ធ្លាប់​ជើងឯក​រង កាលពី​ប្រកួត​លើក​មុន ហើយ​លើក​នេះ បង្ហាញខ្លួន​ជាថ្មី ក្នុងការ​ចូលរួម ដណ្តើម​ខ្សែក្រវាត់ ការប្រកួត​ប្រដាល់​កំពូល​ជើងឯក TV5 Knock Out Series by Cellcard ចង់​ក្លាយជា​ម្ចាស់​ជើងឯក នា​ឆ្នាំនេះ​។ ជុំ​ទី​១ នៃ​ការបើកឆាក​ការប្រកួត លើក​មុន​នោះ ធន់ អៀន​ឡៃ បាន​ប៉ះ​ជាមួយ​ជើង​ខ្លាំង ដូចគ្នា សេក សារ៉ាន់ ដោយ​ឡើង​វ៉ៃ បញ្ចេញ​ក្បាច់​ស្ទើរ ប​គ្រប់​ស្នៀត និង​ជាពិសេស វ៉ៃ​សង្គ្រុប់​លើ សេក សារ៉ាន រហូត​ចៅក្រម​ដាក់ពិន្ទុ​ឱ្យ ធន់ អៀន​ឡៃ បានឈ្នះ​បន្ត​ឡើង ជុំ​ទី​២ តែម្តង​។​

កីឡាករ ស៊ឺន ថៃ​សាន់ ទទួលបានជ័យជំនះ ក្នុងការប្រកួត កន្លងមក

​គ្មាន​នរណាម្នាក់ អាច​ទស្សន៍ទាយ​ពី​លទ្ធផល បានដឹង​មុន​ឡើយ ដូច្នេះ​សូម​ទស្សនា នៅ​ថ្ងៃ​សៅរ៍ វេលា​ម៉ោង ៦ ល្ងាច ទាំងអស់គ្នា លើ​កញ្ចក់​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ សម្រាប់​ការប្រកួត​ប្រដាល់​កំពូល​ជើងឯក TV5 Knock Out Series by Cellcard នៅ​ព្រែកកំពឹស ថា​តើ​កីឡាករ ស៊ឺន ថៃ​សាន់ ឬក៏​កីឡាករ ធន់ អៀន​ឡៃ នរណា ជា​អ្នក​ដណ្ដើមបាន​ជ័យជំនះ ។ ទោះជា​យ៉ាងណា គេ​រំពឹងថា ទាំង​អ្នកឈ្នះ ទាំង​អ្នកចាញ់ ប្រាកដជា​ទ្រមខ្លួន​ដូចគ្នា ៕/V

កីឡាករ ធន់ អៀន​ឡៃ ទទួលបានជ័យជំនះ ក្នុងការប្រកួត កន្លងមក

ទីតាំងផ្សាយពាណិជ្ជកម្ម