Views: 2
ដោយ:ម៉ារ៉ា/ភ្នំពេញ៖ តារាសម្តែងលោក បញ្ញា សិទ្ធ បានវិលត្រឡប់មកខ្មែរវិញហើយ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ដោយ មកជាមួយម្តាយរបស់លោក មកបន្ទាប់ពីលោកបានជូនម្តាយទៅព្យាបាលនៅប្រទេសថៃ អស់រយៈពេលជាងមួយខែរួចមក។
លោក បញ្ញា សិទ្ធ ប្រាប់ដល់ក្រុមអ្នកសារព័ត៌មាននៅពេលត្រឡប់មកពីប្រទេសថៃវិញ នៅអាកាសយានដ្ឋានយន្តអន្តរជាតិភ្នំពេញ ថា ស្ថានភាពរបស់ម្តាយរបស់លោកពេលនេះគឺគ្រាន់បើជាងមុនហើយ។ គ្រូពេទ្យថារយៈពេល២ខែក្រោយត្រូវត្រឡប់ទៅពេទ្យថៃម្តងទៀតពិនិត្យតាមដានម្តង។ លោកសូមថ្លែងអំណរគុណដល់បណ្តាមិត្តសិល្បៈនិងរៀមច្បងដែលឧបត្ថម្ភជួយដល់លោក ជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី ផ្តល់ថវិកាអាចមានលទ្ធភាពយកម្តាយទៅព្យាបាលនៅថៃទាន់ពេលវេលា។

លោក បញ្ញា សិទ្ធ បានប្រាប់ថា ស្ថានភាពរបស់លោកធូរស្រាលបន្តិចហើយ។លោកសម្រេចចិត្តថា មិនត្រឡប់ទៅធ្វើការងារថៃវិញទេ ដោយលោកថ្មីៗនេះ ទទួលបានការងារថតរឿងភាគ និងការសម្តែងឡើងវិញក្រោយផ្អាកការងារសិល្បៈរយៈពេលនេះជាង២ឆ្នាំមកហើយ។ សម្រាប់ថ្ងៃនេះផងដែរ លោកវិលមកដល់ខ្មែរភ្លាម គឺត្រូវចំថ្ងៃចេញថតរឿងភាគថ្មីមួយរបស់ស្ថានីយទូរទស្សនបាយ័នតែម្តង។ លោកសំណូមពរដល់បណ្តាអ្នកដឹកនាំរឿងនិងបណ្តាផលិតកម្មទាំងអស់ សូមផ្តល់ឱកាសការងារ ឱ្យលោកបន្តមានវត្តមានក្នុងសិល្បៈខ្មែរ។ អ្វីដែលលោកចង់បាននោះគឺលោកគ្រាន់តែចង់បានការងារ ដែលអាចមានលទ្ធភាពព្យាបាលម្តាយនិងចិញ្ចឹមឪពុករបស់លោកប៉ុណ្ណោះ។
សូមបញ្ជាក់ផងដែរ លោក បញ្ញា សិទ្ធ បានបាត់មុខចេញសិល្បៈខ្មែរអស់ពេលជាច្រើនឆ្នាំក្នុងអំឡុងពេលចាប់តាំងកូវិដ១៩មកម្ល៉េះ ដោយលោកធ្លាប់បានបញ្ជាក់ថា ដោយសារតែស្ថានភាពគ្រួសារ លោកត្រូវបង្ខំចិត្តចំណាកស្រុកទៅធ្វើការងារឱ្យគេនៅទីក្រុងបាងកកប្រទេសថៃវិញ ដើម្បីរកលុយចិញ្ចឹមគ្រួសារ៕.mara



