ប្រែសម្រួលៈវាសនា/បាងកក៖ ថៃឡង់ដ៍ កាលពីថ្ងៃចន្ទបានបន្ថែមអ្នកកើតកូវីដ១៩ចំនួន២១ករណីទៀត តែសុទ្ធតែជាអ្នកមកពីក្រៅប្រទេសទោះជាយ៉ាងណាប្រទេសនេះមិនបានសេចក្តីរាយការណ៍អំពីការស្លាប់ដោយជំងឺឆ្លងសកលនេះទេ។
តួលេខឆ្លងថ្មី នាំអោយចំនួនមនុស្សឆ្លងសរុបនៅក្នុងប្រទេសថៃឡង់ដ៍កើនដល់៤.៩៩៨នាក់។
សូមបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងនាំចូល២១នាក់ មាន១៧នាក់ជាជនជាតិថៃ រួមមានស្ត្រី៣នាក់ ដែលបានលួចចូលមកក្នុងស្រុកមួយក្នុងខេត្តឈៀង រ៉ៃកាលពីយប់ថ្ងៃអង្គារនិងថ្ងៃសុក្រ។ម្នាក់ក្នុងចំណោមស្ត្រីទាំង៣នេះ បានចេញរោគសញ្ញាមុនពេលលួចឆ្លងកាត់ព្រំដែនមកពីខាងមីយ៉ាន់ម៉ា ហើយម្នាក់ទៀតទើបក្តៅខ្លួនកាលពីថ្ងៃអាទិត្យ។
ក្នុងពេលជាមួយគ្នា នៅថ្ងៃចន្ទនេះអាជ្ញាធរថៃកំពុងតាមស្វែងរកមនុស្សដល់ទៅប្រមាណ២០០នាក់ នៅខេត្តឈៀង រ៉ៃ និងឈៀងម៉ៃភាគខាងជើងដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសកូរ៉ូណាក្នុងសហគមន៍ បន្ទាប់ពីជនជាតិថៃ៣នាក់ខាងលើបានចូលមកក្នុងប្រទេសមកពីខាងប្រទេសមីយ៉ាន់ម៉ា និងត្រូវបានពិនិត្យឃើញវិជ្ជមានកូវីដ១៩។
ស្ត្រីទាំង៣នាក់បានគេចការត្រួតពិនិត្យនៅប៉ុស្តិ៍អន្តោប្រវេសន៍ និងបានចូលប្រទេសថៃតាមច្រកព្រំដែនមិនផ្លូវការកាលពីយប់ថ្ងៃអង្គារនិងថ្ងៃសុក្រ ដោយគេចការធ្វើចត្តាឡីស័កសំរាប់អ្នកមកដល់ថ្មី។
សរុបទាំងនៅខេត្តឈៀង រ៉ៃ និងឈៀង ម៉ៃជាប់គ្នានេះ មានមនុស្ស៣៥៦នាក់ អាចប៉ះពាល់ឬមានទំនាក់ទំនងជាមួយស្ត្រីទាំង៣ក្រោយពួកគេចូលមកក្នុងប្រទេសថៃឡង់ដ៍ហើយក្នុងចំណោមពួកគេរួមមានបុគ្គលិកនិងអតិថិជននៃសណ្ឋាគារមួយ ផ្សារទំនើបមួយ រោងភាពយន្ត ភោជ្ជនីយដ្ឋាន និងអ្នកដំណើរនៃរថយន្តដឹកអ្នកដំណើរមួយនិងតាក់ស៊ីមួយ។
តាំងពីមុនមុនមក គេរកឃើញមនុស្សជាប់សង្ស័យប្រមាណ១៥០នាក់ប៉ុណ្ណោះ នៅក្នុងខេត្តភាគខាងជើងទាំង២នេះហើយត្រូវបាននាំទៅធ្វើតេស្តិ៍និងបង្ហាញថាមិនមានកូវីដ១៩ទេដូច្នេះជនសង្ស័យអាចឆ្លងកូវីដ១៩ចំនួន២០០នាក់ទៀតកំពុងនៅរាយប៉ាយក្នុងសហគមន៍នៅឡើយ។
ថៃឡង់ដ៍ មានវិធានការនិងការគ្រប់គ្រងព្រំដែនតឹងតែងណាស់ដើម្បីកុំអោយវីរុសកូរ៉ូណាចូលក្នុងប្រទេសខ្លួន ។ការរកឃើញការឆ្លងភាគច្រើនបំផុតជាករណីនាំចូល និងរកឃើញនៅកន្លែងធ្វើចត្តាឡីស័ករបស់រដ្ឋាភិបាល ទោះជាយ៉ាងណាមានករណីឆ្លងក្នុងសហគមន៍ខ្លះដែរនៅដំណាក់កាលដំបូងៗ។
ស្ត្រីកើតកូវីដ១៩ទី១ ក្នុង៣ករណីខាងលើ បានចូលមកដល់ខេត្តឈៀង រ៉ៃ កាលពីថ្ងៃ២៤វិច្ឆិកា និងបានធ្វើដំណើរទៅឈៀង ម៉ៃ ហើយបានចេញរោគសញ្ញាកូវីដ១៩និងបានចូលដេកពេទ្យនៅទីនោះ ។២នាក់ទៀតដែលធ្វើការនៅកន្លែងកម្សាន្តសប្បាយជាមួយគ្នានៅមីយ៉ាន់ម៉ា បានវិលចូលថៃឡង់ដ៍ កាលពីថ្ងៃសុក្រ ។ពួកគេបានស្នាក់នៅក្នុងសណ្ឋាគារថៃមួយនិងក្រោយមកបានធ្វើតេស្តិ៍រកកូវីដ១៩រកឃើញជំងឺនេះ។
សូមបញ្ជាក់ថា មីយ៉ាន់ម៉ា បច្ចុប្បន្នមានការឆ្លងកូវីដ១៩ ជាមធ្យម១.៤៤៧នាក់ក្នុងមួយថ្ងៃ ដែលនាំអោយចំនួនឆ្លងសរុបឡើងដល់៨៨.០០០នាក់ និង១.៨៨៧នាក់ស្លាប់៕
ទាហានថៃឈរយាមនៅខាងព្រំដែនរបស់ខ្លួនជាប់មីយ៉ាន់ម៉ា ក្នុងខេត្តតាក់និងឈៀង រ៉ៃ។ការល្បាតព្រំដែនខាងជើងត្រូវបានបង្កើនដើម្បីទប់ស្កាត់ការនាំចូលកូវីដ១៩តាមរយៈការឆ្លងកាត់ព្រំដែនខុសច្បាប់