Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ថ្នាក់ដឹកនាំកម្ពុជា ថៃ មានជំនឿដ៏មុតមាំថាកិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ដែលនឹងកាន់តែរីកចម្រើននិងរឹងមាំថែមទៀត

Views: 1

ដោយ៖តារារិទ្ធ/ភ្នំពេញ៖ថ្នាក់ដឹកនាំព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃបានបង្ហាញជំនឿដ៏មុតមាំថាកិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ដែលនឹងកាន់តែរីកចម្រើននិងរឹងមាំ ថែមទៀត ។ ភាគីទាំងពីរវាយតម្លែខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសទាំងពីរ ។

ថ្នាក់ដឹកនាំប្រទេសទាំងពីរបានបង្ហាញជំនឿនេះនៅក្នុងជំនួបចរចាទ្វេភាគីរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin)នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃនាព្រឹកថ្ងៃទី ២៨ ខែកញ្ញា ២០២៣ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។

សម្តេចធិបតីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោក សេដ្ឋា ថាវីស៊ីន និងគណៈប្រតិភូជាន់ខ្ពស់ មកកាន់ព្រះរាជាណាចក្រកម្ពុជានិងចំពោះការជ្រើសរើសកម្ពុជាជាប្រ ទេសដំបូងសម្រាប់ការបំពេ ញទស្សនកិច្ចផ្លូវការរបស់លោកក្នុងនាមជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ។ សម្តេចធិបតីក៏បានសម្តែងនូវការអបអរសាទរជាថ្មីម្តងទៀត ជូនចំពោះ លោក សេដ្ឋា ថាវីស៊ីន ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃនៅថ្ងៃតែមួយស្របគ្នាទៅនឹងការជ្រើសតាំងជានាយករដ្ឋមន្រ្តីរបស់សម្តេចធិបតីផងដែរ ។

ជាការឆ្លើយតប,លោក សេដ្ឋា ថាវីស៊ីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅប្រកបដោយភាតរភាពនិងក៏បានអបអរសាទរដោយផ្ទាល់ ចំពោះសម្តេចធិបតីដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីកម្ពុជានីតិកាលទី៧ នៃរដ្ឋសភាផងដែរ ។

ប្រមុខរាជរដ្ឋាភិបាលទាំងពីរបានពិភាក្សាគ្នាដោយយកចិត្តទុកដាក់ និង ដោយស្និទ្ធស្នាល អំពីវិស័យនៃកិច្ចសហការទ្វេភាគីកម្ពុជា-ថៃ ដែលមានភាពសម្បូរបែបនិងទូលំទូលាយ ។កិច្ចពិ ភាក្សាបានផ្តោតជាសំខាន់ទៅលើវិស័យគន្លឹះ ដោយរាប់ចាប់ពី វិស័យពាណិជ្ជកម្ម, វិនិយោគ, ទេសចរណ៍, ការអប់រំ, ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, កិច្ចការទូត, ទំនាក់ទំនងធុរកិច្ច, ទំនាក់ទំនង ប្រជាជននិង ប្រជាជន, ការតភ្ជាប់រវាងប្រទេសទាំងពីរ តាមផ្លូវអាកាស, ផ្លូវរថភ្លើង និង ផ្លូវថ្នល់, សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង, កិច្ចការពាក់ព័ន្ធនឹងអន្តោប្រវេសន៍ រហូតដល់ វិស័យសន្តិសុខឆ្លងដែននិង សន្តិសុខអនឡាញ ។ ជាមួយគ្នានេះ, ថ្នាក់ដឹកនាំទាំងពីរក៏បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តពិភាក្សា និង សហការគ្នាដើម្បីឱ្យកិច្ច សហប្រតិបត្តិការកម្ពុជា-ថៃ ទទួលបានផ្លែផ្កា សម្រាប់ជាឧត្តមប្រយោជន៍ទាំងសងខាង ។

ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ទៅវិញទៅមកនិងមានជំនឿដ៏មុតមាំថា កិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ដែលនឹងកាន់តែរីកចម្រើន និងរឹងមាំថែមទៀត ។

គួរបញ្ជាក់ថា៖ថៃជាប់លំដាប់ថ្នាក់លេខ៤ក្នុងការធ្វើពាណិជ្ជកម្មជាមួយកម្ពុជាបន្ទាប់ពីចិន អាមេរិក និងវៀតណាម ។ គិតត្រឹមរយៈពេល ៨ខែឆ្នាំ ២០២៣ពាណិជ្ជកម្មរវាងកម្ពុជា និងថៃ សម្រេចបាន ២,៥ពាន់លានដុល្លារថយចុះប្រមាណជិត ២០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ មានចំនួនជាង ៣,២ពាន់លានដុល្លារ។

សម្រាប់ការនាំចេញទំនិញរបស់កម្ពុជាទៅថៃមានចំនួនទឹកប្រាក់ ៦៤៥លានដុល្លារនិងនាំចូលមកវិញមានចំនួន ១,៩ពាន់លានដុល្លារ ។ ដោយឡែកសម្រាប់ខែសីហា ឆ្នាំ ២០២៣ការនាំចេញ របស់កម្ពុជាទៅថៃសម្រេចបានជាង ៧១លានដុល្លារ និងការនាំចូលមកវិញមានចំនួនជិ ២៥០លានដុល្លារ។

កន្លង​មកទំនិញ​ដែល​កម្ពុជាបាន​នាំ​ចេញ​ទៅ​ប្រទេស​ថៃ មាន​ដូច​ជា ផលិតផលកសិផល វត្ថុធាតុដើមវាយនភណ្ឌនិងត្បូងថ្មមានតម្លៃហើយបានទិញចូលវិញនូវទំនិញផលិតផលសម្រេច ដូចជាត្រី សាច់ ម្ហូបអាហារ ភេសជ្ជៈ ជីសរីរាង្គ គ្រឿងសំអាងគ្រឿងតុបតែងផ្ទះ ឧបករណ៍អេឡិចត្រូនិក រថយន្ត គ្រឿងបន្លាស់ សម្ភារៈការិយាល័យ និងសំណង់ ជាដើម​។

ពាណិជ្ជកម្មរវាងកម្ពុជានិងប្រទេសថៃ ឆ្នាំ២០២២ សម្រេចបានប្រមាណ ៤,៦៦ពាន់លានដុល្លារក្នុងនោះកម្ពុជានាំទៅថៃជាង ៨៣១លាន និងនាំចូលពីថៃមានជិត៤ពាន់ លានដុល្លារ។ កម្ពុជា និងប្រទេសថៃ មានបំណងសម្រេចការធ្វើពាណិជ្ជកម្មរួមគ្នាឱ្យបាន ១៥ពាន់លានដុល្លារនៅឆ្នាំ២០២៥៕

Post navigation