Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ថ្នាលសហគមន៍ឌីជីថលកម្ពុជា ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ២៧ ខែកញ្ញា នេះ

Views: 1

ដោយ: ពៅនិមល / ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាសដាក់ឱ្យប្រើប្រាស់ ថ្នាលសហគមន៍ឌីជីថលកម្ពុជា (Digital Community of Cambodia) ជាផ្លូវការ នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅក្រោមវត្តមានរបស់ លោករដ្ឋមន្រ្តី ជា វ៉ាន់ដេត នៅបណ្ឌិត្យសភាបច្ចេក វិទ្យា ឌីជីថលកម្ពុជា។

នៅក្នុងកម្មវិធីនេះ បានលើកឡើងថា ថ្នាលសហគមន៍ឌីជីថលកម្ពុជា​ជាគំនិតផ្តួចផ្តើម របស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីគាំទ្រដល់ការអនុវត្តក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា និងគោលនយោបាយរដ្ឋាភិបាល ឌីជីថលកម្ពុជា ជាពិសេសការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងគោលបំណងប្រមូលផ្តុំអ្នកអភិវឌ្ឍន៍ បច្ចេកវិទ្យា សហគ្រិនឌីជីថល និងអ្នកមានគុណវុឌ្ឍិបច្ចេកវិទ្យាឌីជីថល ព្រមទាំងសិស្ស -និស្សិត ដើម្បីអាចបង្ហាញពីសក្តានុពល និងពង្រីកទំនាក់ទំនង រវាងអ្នកអភិវឌ្ឍន៍សុសវែរ និងបច្ចេកវិទ្យាឌីជីថល លើកម្ពស់កិច្ចសហការ និងការផ្លាស់ប្តូរបទពិសោធន៍ ជំរុញការរីក ចម្រើននៃវិស័យឌីជីថល ឈានទៅដល់ការកសាងមូលធនមនុស្ស ឱ្យក្លាយទៅជាពលរដ្ឋ ឌីជីថល (Digital Citizen) នៅកម្ពុជា។

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ថ្នាលសហគមន៍ឌីជីថលកម្ពុជា ពិតជាមានសារៈសំខាន់និងភាពចាំបាច់ ដែលអាចចូលរួមអភិវឌ្ឍធនធានមនុស្ស ផ្នែកបច្ចេកវិទ្យាឌីជីថល ទាំងក្នុងនិងក្រៅប្រទេស ដើម្បីធានាបាននូវភាពជោគជ័យ នៃការអនុវត្តគោលនយោបាយរដ្ឋាភិបាល ឌីជីថលកម្ពុជា ២០២២-២០៣៥ និងការអនុវត្តបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

លោករដ្ឋមន្ត្រី បានបន្ថែមថា សហគមន៍ឌីជីថលកម្ពុជានេះ ជាថ្នាលប្រមូលផ្តុំ និងផ្សព្វ​ផ្សាយ ដល់វិស័យសាធារណៈ វិស័យឯកជន គ្រឹះស្ថានអប់រំ និងសាធារណជន ឱ្យយល់ ដឹងជ្រួតជ្រាប អំពីវិស័យឌីជីថលនៅកម្ពុជា ព្រមទាំងផ្តល់អត្ថប្រយោជន៍ ដូចជា៖ ១. សម្រាប់រាជរដ្ឋាភិបាល៖ កៀរគរអ្នកមានគុណវុឌ្ឍិបច្ចេកវិទ្យាឌីជីថល ឱ្យចូលរួមក្នុង ការកសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិត ទំនុកចិត្តប្រជាពលរដ្ឋ និងអាចកំណត់បាននូវតម្រូវការ និងការផ្គត់ផ្គង់កម្លាំងការងារ ឌីជីថលក្នុងប្រទេស។ ២. សម្រាប់វិស័យឯកជន៖ អាចជ្រើសរើសបុគ្គលិក ដែលមានចំណេះជំនាញ បច្ចេកវិទ្យា ឌីជីថល តាមតម្រូវការ។ ៣. សម្រាប់គ្រឹះស្ថានអប់រំ៖ ជួយឱ្យសិស្ស-និស្សិត អាចអភិវឌ្ឍ ចំណេះដឹង បទពិសោធន៍ បង្កើតទំនាក់ទំនង ឱកាសហាត់ការ ឬចុះកម្មសិក្សា ឱកាសការងារ និងអាចស្វែងរក និងទទួលបានអាហារូបករណ៍ ពី ក.ប.ទ.។ ៤. សម្រាប់អ្នកបច្ចេកវិទ្យាឌីជីថលវ័យក្មេង៖ មានទំនាក់ទំនងជាមួយអ្នកជំនាញ​ក្នុងវិស័យ របស់ខ្លួន ទទួលព័ត៌មានអំពីបច្ចេកវិទ្យាឌីជីថលពី ក.ប.ទ. និងប្រភពផ្សេងៗ ហើយ សមាជិក ក៏អាចទទួលការបណ្តុះបណ្តាល ពី​ក.ប.ទ. ព្រមទាំងទទួលឱកាសអាចស្វែង រកការងារ ទាំងក្នុងនិងក្រៅប្រទេស។ និង៥. សម្រាប់ប្រជាពលរដ្ឋ៖ លើកកម្ពស់ គុណភាពជីវិត តាមរយៈការរៀនសូត្រ ពង្រីកចំណេះដឹង បទពិសោធន៍ ទំនាក់ទំនង សង្គម និងឱកាសទទួលបានការងារល្អ។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ សាធារណជនទាំងអស់ មេត្តាចូលរួមប្រើប្រាស់ និងទាញយកប្រយោជន៍ ពីថ្នាលសហគមន៍ឌីជីថលកម្ពុជានេះ ឱ្យបានជាអតិបរមា តាមរយៈវែបសាយ https://dcc.gov.kh ឬស្កេន QR Code៕ V / N

Post navigation