Views: 2
ដោយៈ មុនីរ័ត្ន/ភ្នំពេញ៖ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ នេះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ បានចាប់ផ្ដើមបើកដំណើរការ នៅតាមឃុំសង្កាត់ ទាំង ១.៦៥២ ។ តាមរបាយការណ៍ ពីលេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំការបោះឆ្នោត (លធ.ខប) ការិយាល័យចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ទូទាំងប្រទេស បានបើកដំណើរការព្រមៗគ្នា នៅវេលាម៉ោង ៧ព្រឹកថ្ងៃនេះ និងបានប្រព្រឹត្តទៅយ៉ាងល្អ តាមការគ្រោងទុក ពុំមានបញ្ហាប្រឈមណាមួយ ធ្វើឱ្យរាំង ស្ទះឡើយ។ នេះបេីយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ គ.ជ.ប នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣។
គ.ជ.ប បានឲ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ តាមឃុំ សង្កាត់ មានរយៈពេល ១៩ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយក្នុងនោះ ការិយាល័យចុះឈ្មោះ បោះឆ្នោត ក៏នឹងត្រូវផ្អាកដំណើរការ ១ថ្ងៃផងដែរគឺនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ដើម្បីឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត ធ្វើការប្រជុំត្រួតពិនិត្យ ការអនុវត្តការងារ។
ជាមួយគ្នានេះ គ.ជ.ប សូមប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ពីមុនមក ឬអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៣ (កើតមុន ឬត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៦) ឬអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី អញ្ជើញទៅចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា នៅឃុំ សង្កាត់ ដែលសាមីខ្លួនកំពុងរស់នៅ ឬស្នាក់នៅ។
ចំពោះប្រជាពលរដ្ឋខ្មែរ ដែលបានចុះឈ្មោះបោះឆ្នោត ពីមុនមក សូមអញ្ជើញទៅពិនិត្យ មើលឈ្មោះ និងទិន្នន័យរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោត នៅតាមឃុំ សង្កាត់ ឬតាមគេហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh ឬតាមរយៈ App-NEC KH ក្នុងទូរសព្ទដៃ។ ប្រសិនបើពិនិត្យឃើញថា មានការកត់ត្រា មិនបានត្រឹមត្រូវ តាមអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ដែលមានសុពលភាព សាមីខ្លួន អាចស្នើសុំកែតម្រូវជាមួយក្រុមចុះ ឈ្មោះបោះឆ្នោត ក្នុងអំឡុងពេល នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ តាមឃុំ សង្កាត់៕/V-PC









