Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ថ្ងៃកាន់បិណ្ឌដំបូងពុទ្ធបរិស័ទខេត្តកំពតបាននាំគ្នាទៅវត្តយ៉ាងច្រើនកុះករ

Views: 8

ដោយ:បូកគោ/កំពត÷ នាងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដែលជាថ្ងៃដំបូងនៃពិធីកាន់បិណ្ឌ នៅខេត្តកំពតមានប្រជាពុទ្ធបរិស័ទក្មេងចាស់ប្រុសស្រីយ៉ាងច្រើនកុះករបាននាំគ្នាយកចង្ហាន់ ទេយ្យទាន និងគ្រឿងសក្ការបូជាទៅប្រគេនព្រះសង្ឃនាទីអារាមនីមួយៗ ដោយទឹកមុខសប្បាយរីករាយ  ដើម្បីឧទ្ទិសមគ្គផលកុសលបុណ្យជូនដល់បុព្វការីជនដែលបានចែកឋានទៅកាន់លោកខាងមុខរៀងៗខ្លួន។

    តាមការរៀបរាប់របស់ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តសុវណ្ណសាគរ ស្ថិតនៅសង្កាត់កំពង់កណ្តាល ក្រុងកំពតបានឱ្យដឹងថា ថ្ងៃនេះជាថ្ងៃពិធីបុណ្យកាន់បិណ្ឌដំបូងធ្វើឱ្យពួកគាត់មានសេចក្តីសោមនស្សរីករាយក្នុងការនាំយកចង្ហាន់ ទេយ្យទាន និងគ្រឿងសក្ការៈផ្សេងៗមកប្រគេនព្រះសង្ឃគង់នៅវត្តសុវណ្ណសាគរ។ រដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ ក្នុងបរិវេណវត្តមានការតុបតែងលម្អ សម្អាតអនាម័យបរិស្ថានបានល្អប្រសើរគួរជាទីជ្រះថ្លាសម្រាប់ប្រជាពុទ្ធបរិស័ទមកធ្វើបុណ្យទាន។ 

     លោក នាក់ យិតថូ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពតបានប្រាប់ឱ្យដឹងថា ពិធីកាន់បិណ្ឌថ្ងៃដំបូងនាព្រឹកនេះ ធាតុអាកាសហាក់អំណោយផលល្អ និងចំថ្ងៃសម្រាកការងាររបស់មន្ត្រីរាជការផងទើបនៅគ្រប់វត្តអារាមមានពុទ្ធបរិស័ទចូលរួមយ៉ាងកុះករ។ 

លោកបានបន្តថា គ្រប់ទីអារាមទាំង២៧៤ទូទាំងខេត្តមានភាព មមាញឹកក្នុងការរៀបចំកិច្ចគោរពបូជាផ្សេងៗ ដូចជា ពូនភ្នំខ្សាច់ រាប់បាត្រ និងសូត្រមន្តជាដើម ដោយមិនមានវត្តណាមួយខ្វះចង្ហាន់ទេ។ 

លោកប្រធានមន្ទីរបានបញ្ជាក់ថា ចំពោះការរៀបចំបរិស្ថានអនាម័យ សន្តិសុខសណ្តាប់ធ្នាប់គឺទីអារាមនីមួយៗមានស្ថានភាពល្អប្រសើរ ខណ:ដែលអាជ្ញាធរបានយកចិត្តទុកដាក់ដោយដាក់កម្លាំងនគរបាលប៉ុស្តិ៍ និងប្រជាការពារចាំជួយសម្រួលការងារផ្សេងៗ។

 លោកប្រធានមន្ទីរបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបើកបរដោយប្រុងប្រយ័ត្នដើម្បីរក្សាបាននូវសុវត្ថិភាព ការជួបជុំសប្បាយរីករាយ និងទទួលបានកុសលផលបុណ្យទៅតាមសទ្ធាក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ៕ P / N

Post navigation