Views: 6
ដោយៈ ប.ខុន/ភ្នំពេញៈ នៅលើរាជធានីភ្នំពេញថ្ងៃទី៩ និងថ្ងៃទី១០ ខែកញ្ញាមានភ្លៀងធ្លាក់តែក្នុងបរិមាណមិនច្រើនទេនិងបណ្តាខេត្តនៅប៉ែកខាងកើតទន្លេមេគង្គក៏មានភ្លៀងធ្លាក់រាយ ប៉ាយល្អដែរដោយសារ ឥទ្ធិពលជ្រលងនៃសម្ពាធទាបអូសកាត់លើភាគខាងជើងប្រទេសថៃ ឡាវនិងប្រទេសវៀតណាម ។
នៅកំលុងថ្ងៃទី១៤ ខែកញ្ញាសម្ពាធទាបខ្សោយមួយនៅខាងកើត កោះហៃណាំច្រើនថ្ងៃមកហើយនោះអាចនឹងបង្កើនឥទ្ធិពលរួចដើរទៅរកឈូងសមុទ្រតុងកឹង តែវាមិនបង្កឱ្យមានភ្លៀងធ្លាក់ច្រើននៅក្នុងប្រទេសកម្ពុជានោះទេ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៣ថានៅភ្នំពេញរសៀលថ្ងៃទី៩ ខែកញ្ញានេះនិងថ្ងៃស្អែកទី១០ ខែកញ្ញាមានភ្លៀង តែក្នុងបរិមាណមិនច្រើនទេ។បណ្តាខេត្តនៅប៉ែកខាងកើតទន្លេមេគង្គក៏ឃើញមានភ្លៀងធ្លាក់រាយប៉ាយច្រើនដែរក្នុងរយៈពេលពីរបីថ្ងៃនេះ ដោយសារឥទ្ធិពលជ្រលងនៃប្រព័ន្ធសម្ពាធទាបស្ថិតនៅលើភាគខាងជើងប្រទេសថៃ ឡាវ និង វៀតណាម។
អ្នកនាំពាក្យដដែលបានឱ្យដឹងទៀតថា ស្ថានភាពភ្លៀងនៅក្នុងសប្តាហ៍ក្រោយនៅតែមានអំណោយផលល្អ ដោយសារនៅអំឡុងថ្ងៃទី ១៤ ខែកញ្ញាសម្ពាធទាបខ្សោយមួយនៅខាងកើតកោះហៃណាំជាច្រើនថ្ងៃមកហើយ អាចបង្កើនឥទ្ធិពលដល់កម្រិតវិសម្ពាធនិងដើរមករកឈូងសមុទ្រតុងកឹង។ទោះជាយ៉ាងណាការធ្លាក់ភ្លៀងនៅក្នុងប្រទេសកម្ពុជាមិនមានអ្វីគួរឱ្យព្រួយបារម្ភនោះទេ។

ក្រសួងធនធានទឹកនិងឧតុនិយកាលពីថ្ងៃទី៤ខែកញ្ញាឆ្នាំ២០២៣បានជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសម្រាប់ពីថ្ងៃទី៤ដល់ថ្ងៃទី១០ខែកញ្ញាថា នៅក្នុងកំលុងពេលនេះព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើភាគខាងជើងប្រទេសថៃ ឡាវនិងប្រទេសវៀតណាមរួមជាមួយនឹងខ្យល់មូសុងនិរតីកម្រិតមធ្យមបង្កឱ្យមានភ្លៀងធ្លាក់ក្នុង កម្រិតពីខ្សោយទៅបង្គួរលាយឡំដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។ សេចក្តីជូនដំណឹងបានសរសេរលម្អិតថា នៅតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរិមាពី២៣ទៅ២៥អង្សាសេ សីតុណ្ហភាព អតិបរមាមានពី៣២ទៅ៣៤អង្សាសេ។អាចមានភ្លៀងធ្លាក់ក្នុង កម្រិតពីខ្សោយទៅមធ្យមនិងផ្នែកខ្លះមានភ្លៀងធ្លាក់បង្គួរលាយឡំដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។ នៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរិមាពី២២ទៅ២៤អង្សាសេ សីតុណ្ហភាព អតិបរមាមានពីទៅ៣២ទៅ៣៤អង្សាសេ។អាចមានភ្លៀងធ្លាក់ក្នុង កម្រិតពីខ្សោយទៅមធ្យមលាយឡំដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។ សម្រាប់តំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរិមាពី២២ទៅ២៦អង្សាសេ សីតុណ្ហភាព អតិបរមាមានពី៣០ទៅ៣២អង្សាសេ។នៅថ្ងៃទី៤និងទី៥ ខែកញ្ញានឹងអាចមានភ្លៀងធ្លាក់ក្នុង កម្រិតពីមធ្យមទៅច្រើនលាយឡំដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។ បន្ទាប់ពីនោះភ្លៀងធ្លាក់ថមថយមកក្នុងកម្រិតពីតិចទៅមធ្យមវិញ៕សរន/r