Views: 4
ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ក្នុងសាលដែលប្រសិទ្ធ នាមថា «Tiger Futsal 2023» បានឈានមកដល់វគ្គផ្ដាច់ព្រ័ត្រ ហើយនៅថ្ងៃទី១០ កញ្ញា ស្អែកនេះ។
ក្រុមកំពូលតារាង Ov mal FC ប្រកួតផ្ដាច់ព្រ័ត្រជាមួយក្រុម Down Town Sport ដែលជាក្រុមចំណាត់ថ្នាក់លេខ២។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ មានក្រុមបាល់ទាត់ក្នុងសាល ចំនួន១៩ក្រុម ចូលរួម ដោយបែងចែកជា ៥ ពូល ដែលពូលនីមួយៗ យកតែមួយក្រុមប៉ុណ្ណោះ សម្រាប់ឡើងទៅលេងវគ្គជម្រុះ នាដំណាក់កាលទី២។
ដំណាក់កាលទី២ លេងតាមប្រព័ន្ធ League មួយជុំ តែដោយដំណាក់កាលទី២ ត្រូវការចំនួន ៦ ក្រុម ដើម្បីបង្គ្រប់នោះ ទើបគណៈកម្មការរៀបចំការប្រកួត សម្រេចជ្រើស រើសយកក្រុមចំណាត់ថ្នាក់លេខ២ នៃពូលណាមួយ ដែលល្អជាងគេមកបង្គ្រប់។
តាមពិត ក្នុងជំនួបគ្នា នាដំណាក់កាលទី២ ក្រុម Ov mal FC បានយកឈ្នះក្រុម Down Town Sport ៥ទល់៤ យ៉ាងតឹងតែង។ សម្រាប់វគ្គផ្ដាច់ព្រ័ត្រនេះ មិនដឹងថា ប្រវត្តិសាស្រ្ត នៅច្រំដែល ឬក៏អ្វីៗត្រូវផ្លាស់ប្ដូរនោះឡើយ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Tiger Futsal 2023 នេះ រៀបចំឡើង ដើម្បីសហព័ន្ធ ស្វែងរកកីឡាល្អៗ មករៀបចំក្រុមជម្រើសជាតិមួយ សម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍ AFC Futsal Asian Cup ដែលកម្ពុជាស្ថិតនៅពូល «G» ជាមួយអ៊ូបេគីស្ថាន អ៊ីរ៉ាក់ និង ម៉ាឡេស៊ី៕/V/r
