Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

តំណាងអយ្យការចោទប្រកាន់លោក គឹង វណ្ណៈ រឿងជំពាក់លុយជិត ១ លានដុល្លារ

Views: 9

ដោយ: ឫទ្ធិស័ក្តិ / ភ្នំពេញៈ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច ចោទប្រកាន់លើលោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ពីបទឆបោក និងបទ មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ ដែលអាចជួញដូរបាន។

លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ត្រូវបានបុគ្គលពីរនាក់ ប្តឹងទៅសាលាដំបូង រាជធានីភ្នំពេញ ពាក់ព័ន្ធរឿងឆបោកលុយជិត ១លានដុល្លារដុល្លារ និងរំលោភលើទំនុកចិត្ត និងពីបទមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចទូទាត់។

អ្នកនាំពាក្យអយ្យការ អមសាលលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានបញ្ជាក់ ប្រាប់រស្មីកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថាៈ “សំណុំរឿងខាងលើ តំណាង អយ្យការ បានបើកការស៊ើបសួររួចហើយ ពីបទឆបោក និងបទមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ ដែលអាចជួញដូរបាន”។

មន្ត្រីជាន់ខ្ពស់តុលាការ បានបញ្ជាក់ថាៈ ” តំណាងអយ្យការបើកការស៊ើបសួរ លើអង្គហេតុខាងលើ និងស្នើសុំដាក់ឲ្យស្ថិត នៅក្រោមការពិនិត្យលើ ឈ្មោះ គឹង វណ្ណៈ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ (ក្រៅឃុំ) ពីបទៈ ឆបោក និងមិនបំពេញកាតព្វកច្ច ចំពោះឧបករណ៍ ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៦ និងថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្ដន្ទា ទោសតាមបញ្ញត្តិ មាត្រា ៣៧៧, ៣៧៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍ ដែលអាចជួញដូរបាន និងប្រតិបត្តិការទូរទាត់សងប្រាក់ ។ ដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួន បណ្តោះអាសន្ន លើឈ្មោះខាងលើដើម្បីបង្ការ ឬបញ្ចប់បទ ល្មើសកុំឲ្យកើតឡើងជាថ្មី និងធានារក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី ” ។ ប្រភពបានបញ្ជាក់ថា ការសម្រេចចោទប្រកាន់នេះ គឺដោយលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង។

សូមជម្រាបថា បុគ្គលពីរនាក់ បានប្តឹងលោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធរឿងឆបោកលុយរាប់សិបម៉ឺនដុល្លារ និងរំលោភ លើទំនុកចិត្ត និងពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចទូទាត់។

ដើមបណ្តឹងទាំងពីរនាក់ មានដូចជា ទី១. លោកស៊ន សម្បត្តិ និងទី២. លោកស្រី សុខ ស្រីនី រស់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បើយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះខាងលើ ទាមទារលុយដែលលោក គឹង វណ្ណៈ ដែលបានជំពាក់ ដោយក្នុងនោះ លោកស្រី សុខ ស្រីនី ទាមទារលុយដែលជំពាក់ ៥០ ម៉ឺនដុល្លារ និងទាមទារសំណងជំងឺចិត្ត ៥ ម៉ឺនដុល្លារ និងលោក ស៊ន សម្បត្តិ ទាមទារលុយ ដែលជំពាក់ ៣០ ម៉ឺនដុល្លារ និងទាមទារសំណងជំងឺចិត្ត ២ ម៉ឺនដុល្លារ។

ទាក់ទងករណីនេះ លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ មិនអាចសុំការអត្ថា ធិប្បាយបានទេ។

សូមរម្លឹកថា លោក គឹង វណ្ណៈ ធ្លាប់ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួននិងនាំយកមកអាវុធហត្ថលើ ផ្ទៃប្រទេស កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ពាក់ព័ន្ធករណីចេញសែកសស្អុយ។ បន្ទាប់ពីមានការអន្តរាគមន៍ និងសម្របសម្រួលជាមួយដើមបណ្តឹងលោក ក៏ត្រូវដោះលែង វិញ៕/V

Post navigation