Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរសម្រេចបាន ៩០ភាគរយហើយ

Views: 4

ដោយៈសុផល/ភ្នំពេញ៖គិតត្រឹមថ្ងៃទី២៨ ខែមីនាឆ្នាំ២០២៣នេះ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រេចបាន ៩០ភាគរយហើយ។នេះបើតាមលទ្ធផលដែលបង្ហាញនៅក្នុងកិច្ចប្រជុំ​គណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋាន​អន្តរជាតិ សៀមរាបអង្គរ ។

នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ គណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ដែលដឹកនាំ​ដោយលោក តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការ បានដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ និងការចុះពិនិត្យការដ្ឋានសាងសង់នៅទីតាំងគម្រោង ដោយមានការចូលរួមពី លោក លោកស្រី ជាអនុប្រធាននិងសមាជិកគណៈកម្មការ។

ជាសេចក្តីរាយការណ៍ក្នុងកិច្ចប្រជុំបានឱ្យដឹងថា គិតត្រឹមដំណាច់ខែមីនានេះ គម្រោងអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ សម្រេច​បាន ៩០ភាគរយតាមផែនការដែលបានគ្រោងទុក ហើយត្រៀមដាក់ឱ្យធ្វើតេស្តសាកល្បងនៅខែឧសភាខាងមុខ សំដៅសម្រេច​ឱ្យបាន​ការដាក់ដំណើរការជាផ្លូវការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ខាងមុខ។ ជាមួយគ្នានេះដែរប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នេះ នឹងមានអគ្គិសនីប្រើប្រាស់ចិញ្ចាចចិញ្ចែងចាប់ពីថ្ងៃនេះទៅ ដែលតភ្ជាប់ពីអនុស្ថានីយអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរផងដែរ។

សមិទ្ធផលដែលសម្រេចបានលើទឹកដីអច្ឆរិយនាពេលនេះ កើតឡើងពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនអនុវត្តគម្រោង ដោយមាន​ការយកចិត្តទុកដាក់ និងជួយជ្រោមជ្រែងពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសការតម្រង់ទិស និងសម្របសម្រួល​ពីគណៈកម្មការដោយផ្ទាល់។

ប្រភពបញ្ជាក់ថា ជាទិសដៅបន្ត គឺជាដំណាក់កាលចាប់ផ្តើមអនុវត្តផែនការប្រតិបត្តិការ ដែលក្រុមហ៊ុនអនុវត្តគម្រោង និងក្រសួងស្ថាប័ន​ពាក់ព័ន្ធ ត្រូវសហការរួមចំណែកធានាសម្រេចឱ្យបានតាមផែនការ៕សរន

Post navigation