Views: 3
ដោយ: សុខុម / មណ្ឌលគិរី: សមត្ថកិច្ច បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៣ថាៈ ករណីប្រទះឃើញសាកសពសត្វដំរីញីមួយក្បាល នៅច្រាំងភ្នំថ្ម មួយកន្លែង ត្រង់ចំណុចក្រុមចុងរ៉ាង ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្រុមការងារ បានចុះពិនិត្យរួចហើយ។

ប្រភពបានបន្តថាៈ សត្វដំរីព្រៃញីមួយក្បាលនេះ សង្ស័យអាចរអិលជើងធ្លាក់ពី លើច្រាំងភ្នំ ងាប់កាលពីប៉ុន្មានថ្ងៃមុន ហើមស្អុយ ទើបប្រជាពលរដ្ឋ ប្រទះឃើញ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ។ ក្រុមការងារដែលចុះទៅនោះ រួមមាន កម្លាំងអធិការដ្ឋាននគរបាល ស្រុកអូររាំង សការជាមួយកម្លាំងបរិស្ថាន និងក្រុមការងារអង្គការ WCS ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។
បន្ទាប់ពីចុះពិនិត្យក្រុមការងារ សន្និដ្ឋានថា សាកសពសត្វដំរីព្រៃញី ងាប់ជាប់អូរ ដែលមានភិនភាគ ហើមស្អុយ ស្ថានភាពសណ្ឋានដីច្រាំងថ្ម ចោតខ្លាំង។ ទីតាំងកើតហេតុ ក្រុមការងារ បានធ្វើការវាស់វែងសត្វដំរី មានបណ្តោយ ៤,២ ម៉ែត្រ, កម្ពស់ ២,៣ ម៉ែត្រ, ទំហំជើងមុខ ០,៧២ ម៉ែត្រ និងជើងក្រោយ ០,៥៨ ម៉ែត្រ។ ក្រុមការងារមន្ទីរកសិកម្ម ខេត្តមណ្ឌលគិរី និងក្រុមបសុពេទ្យ របស់អង្គការ WCS , WWF មន្ទីរបរិស្ថានខេត្ត បានពិនិត្យឃើញថា ដំរីបានងាប់នោះ គឺមិនមានកូន នៅក្នុងពោះឡើយ។ វាបានជួបគ្រោះថ្នាក់ អាចបណ្ដាលមកពីលើធ្លាក់ច្រាំងភ្នំ ចុះមកក្រោម៕ V / N




