Views: 19
ប្រែសម្រួល : កញ្ញាដាលីស (ស្ពុតនិក) ៖ លោក រីស៊ីប ថាយយីប អឺដូហ្គាន (Recep Tayyip Erdogan) បានឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីតួកគីកាលពីថ្ងៃអាទិត្យដោយយកឈ្នះគូប្រជែងនយោបាយរបស់គាត់ ដែលជាមេដឹកនាំគណបក្សសាធារណរដ្ឋ (CHP)លោក កេម៉ាល់ គីលីកដារ៉ូគ្លូ (Kemal Kilicdaroglu)។
តើការឈ្នះរបស់លោកអឺដូហ្គានអាចមានឥទ្ធិពលយ៉ាងណាទៅលើគោលនយោបាយការបរទេសរបស់តួកគីនិងទំនាក់ទំនងរបស់ខ្លួនជាមួយអង្គការណាតូ?
កាលពីថ្ងៃទី ២៨ ខែឧសភា លោកអឺដូហ្គានបានទទួលអាណត្តិទីបីជាប្រវត្តិសាស្ត្រ ដែលបង្ហាញថា យុទ្ធសាស្ត្រការបរទេសនិងចក្ខុវិស័យភូមិសាស្ត្រនយោបាយរបស់ប្រទេសនឹងមិនមានការផ្លាស់ប្ដូរឡើយ នេះបើយោងតាមអ្នកឆ្លើយឆ្លងព័ត៌មានរបស់ Sputnik ។
តើគោលបំណងភូមិសាស្ត្រនយោបាយរបស់តួកគីជាអ្វី?
លោក អាលី ហ្វូអាត ហ្គូក (Ali Fuat Gokce)ជាអ្នកវិទ្យាសាស្ត្រនយោបាយតួកគីនិងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យហ្គាហ្ស៊ីយ៉ានថេប (Gaziantep) បានប្រាប់ Sputnik ថា”នៅក្នុងគោលនយោបាយការបរទេស តួកគីនឹងបន្តប្រកាន់ខ្ជាប់នូវផែនទីបង្ហាញផ្លូវដែលបានគ្រោងទុកពីមុន។ វាជាការចង់ដឹងចង់ឃើញណាស់ថាតើអ្នកណានឹងត្រូវតែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស។ ជាមួយនឹងកម្រិតខ្ពស់នៃប្រូបាប៊ីលីតេ វាអាចជាលោក អ៊ីប្រាហ៊ីម កាលីន (Ibrahim Kalin) [ដែលបច្ចុប្បន្នបម្រើការជាអ្នកនាំពាក្យរបស់ប្រធានាធិបតីអឺដូហ្គាន]។គេដឹងថាបើប្រៀបធៀបទៅនឹងលោកមេលូត ខាវូសូគ្លូ (Mevlut Cavusoglu) លោកកាលីនប្រកាន់ខ្ជាប់នូវគោលនយោបាយដែលលម្អៀងខាងលោកខាងលិចច្រើនជាង។ ទោះយ៉ាងណា តួកគីនឹងមិនបែរខ្នងដាក់មជ្ឈិមបូព៌ានិងអាស៊ីទេ។ គោលនយោបាយការបរទេសរបស់តួកគីនឹងបន្តធ្វើតាមលំអានដែលមានតុល្យភាព”។
យោងតាមលោកហ្គូក នៅពេលនេះចំណុចសំខាន់មួយនៃគោលនយោបាយការបរទេសរបស់តួកគីគឺ “ការលុបបំបាត់ច្រករបៀងភេរវករនៅក្នុងប្រទេសស៊ីរី”។ រដ្ឋាភិបាលក្រុងអង់ការ៉ាបានចាត់ទុកកងជីវពលឃឺដស៊ីរីគាំទ្រដោយសហរដ្ឋអាម៉េរិក ដែលត្រូវបានដាក់ពង្រាយនៅក្នុងតំបន់សាខារបស់គណបក្សពលករឃឺដ (PKK) ជាពួកភេរវករ។លោកហ្គូកបានសង្កត់ធ្ងន់ថា “គោលនយោបាយនៃការធ្វើឱ្យមានទំនាក់ទំនងមានប្រក្រតីភាពឡើងវិញជាមួយស៊ីរីគឺមានសារៈសំខាន់យ៉ាងខ្លាំងពីទស្សនៈនេះ”។
ជាក់ស្តែង ការធ្វើឱ្យមានទំនាក់ទំនងធម្មតាឡើងវិញជាមួយប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ (Bashar al-Assad)អាចជួយរដ្ឋាភិបាលក្រុងអង់ការ៉ាសម្លាប់បានចាបពីរដោយព្រួយមួយ ពោលគឺទប់ស្កាត់ជនជាតិឃឺដនៅភាគខាងជើងប្រទេសស៊ីរី និងជួយសម្រួលដល់ការវិលត្រឡប់របស់ជនភៀសខ្លួនប្រហែល ៤ លាននាក់ដែលទើបទទួលដោយតួកគី ទៅកាន់សាធារណរដ្ឋអារ៉ាប់ នេះបើយោងតាមអ្នកសង្កេតការណ៍របស់លោកខាងលិច។ ការធ្វើឱ្យមានប្រក្រតីភាពរបស់តួកគី-ស៊ីរីបានឈានដល់ចំណុចសំខាន់ថ្មីបន្ទាប់ពីរដ្ឋាភិបាលក្រុងដាម៉ាសបានបន្តសមាជិកភាពរបស់ខ្លួនឡើងវិញនៅក្នុងសម្ពន្ធអារ៉ាប់។
លោកហ្គូកបានបន្តថា “វាក៏ចាំបាច់ផងដែរក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិរុស្ស៊ី-អ៊ុយក្រែន ដើម្បីបង្កើតសន្តិភាពរវាងអាហ្សែបៃហ្សង់និងអាមេនី។ កិច្ចសហប្រតិបត្តិការជាមួយក្រិកលើកោះនានាក្នុងសមុទ្រអេជីន (Aegean) និងបញ្ហាប្រទេសស៊ីពក៏នៅតែជាគោលដៅសំខាន់ដែរ”។
ឯករាជ្យភាពនិងការអនុវត្តជាក់ស្តែងរបស់រដ្ឋាភិបាលក្រុងអង់ការ៉ាបានធ្វើឱ្យតួកគីអាចបត់បែនបាននៅក្នុងលក្ខខណ្ឌនៃការរៀបចំភូមិសាស្ត្រនយោបាយ នេះបើយោងតាមអ្នកវិទ្យាសាស្ត្រនយោបាយនិងអ្នកជំនាញទំនាក់ទំនងអន្តរជាតិមកពីសាកលវិទ្យាល័យ Marmara Baris Doster ។
លោកដូស្ទើ (Doster) បានប្រាប់ Sputnik ថា”រដ្ឋាភិបាលនៅប្រមុខដឹកនាំរបស់តួកគីគឺមានភាពជាក់ស្តែងខ្លាំងណាស់ដែលត្រូវបានបង្ហាញនៅក្នុងសមត្ថភាពក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងគោលនយោបាយការបរទេស។ មានឧទាហរណ៍ជាច្រើននៃរឿងនេះ ពោលដូចជា ទំនាក់ទំនងជាមួយអ៊ីស្រាអែល កាតា អារ៉ាប់រួមអេមីរ៉ាត អេហ្ស៊ីប និងអារ៉ាប៊ីសាអូឌីត។ នៅពេលដែលទំនាក់ទំនងជាមួយមជ្ឈិមបូព៌ាមិនដំណើរការល្អ តួកគីងាកទៅលោកខាងលិច ហើយក្នុងករណីមានការលំបាកជាមួយបស្ចិមប្រទេស តួកគីងាកទៅមជ្ឈិមបូព៌ា។ ទោះយ៉ាងណា ក្នុងស្ថានភាពបច្ចុប្បន្ន ខ្ញុំជឿថា ម៉ែត្រវាស់នយោបាយដែលមានស្រាប់នឹងរក្សានៅដដែល”៕

លោកអឺដូហ្គានឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអាទិត្យ