Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

តើ​មាន​អ្វី​កើតឡើង​ចំពោះ​ធនាគារ​Credit Suisse ហើយ​ហេតុអ្វី​បាន​ជា​ធនាគារ UBS ទិញ​វា​?

Views: 1

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ពុត​និក​) ៖ ធនាគារ UBS បាន​យល់ព្រម​ទិញ​ធនាគារ​គូប្រជែង​តូច​ជាង​ខ្លួន​ដែល​កំពុង​មាន​បញ្ហា គឺ​ធនាគារ Credit Suisse កាលពី​ថ្ងៃទី ១៩ ខែ​មីនា ក្នុង​កិច្ចព្រមព្រៀង ៣,២ ពាន់​លាន​ដុល្លារ ដោយ​អាជ្ញាធរ​ស្វីស​រំពឹងធ្វើ​ការកែប្រែ​ច្បាប់​របស់​ប្រទេស​ដើម្បី​រំលង​ការបោះឆ្នោត​របស់​ម្ចាស់​ភាគហ៊ុន​។ តើ​ធនាគារ UBS គឺជា​អ្វី ហើយ​ហេតុអ្វី​បានជា​វា​សម្រេច​ចិត្ត​ទិញ​យក​ធនាគារ Credit Suisse?

UBS Group AG គឺជា​ធនាគារ​វិនិយោគ​ពហុ​ជាតិ​សាសន៍​និង​ជា​ក្រុមហ៊ុន​សេវាកម្ម​ហិរញ្ញវត្ថុ ដែល​មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​ស្វីស​។ នៅ​ថ្ងៃទី ១៩ ខែ​មីនា ស្ថាប័ន​ហិរញ្ញវត្ថុ​នេះ​បាន​យល់ព្រម​កាន់កាប់​គូប្រជែង​យូរអង្វែង​របស់ខ្លួន Credit Suisse Group AG ដោយ​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ត្រូវ​បាន​រង​ឥទ្ធិពល​យ៉ាង​ខ្លាំង​ពី​ធនាគារ​ជាតិ​ស្វីស (SNB) និង​និយតករ Finma ក្នុង​គោលបំណង​ទប់ស្កាត់​វិបត្តិ​ធនាគារ​។​

​ហេតុអ្វី​បានជា UBS ទិញ Credit Suisse?

UBS បាន​យល់ព្រម​ឈាន​ជើង​ចូល​ទិញ Credit Suisse នៅក្នុង​កិច្ចព្រមព្រៀង​សង្គ្រោះ​បន្ទាន់​មួយ​ដើម្បី​ទប់ស្កាត់​ការ​ភ័យ​ស្លន់ស្លោ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ ដែល​ភាគច្រើន​បណ្តាល​មកពី​ការដួលរលំ​នៃ​ធនាគារ​ក្នុង​តំបន់​ចំនួន​ពីរ​របស់​អាម៉េរិក​គឺ​ធនាគារ Silicon Valley Bank និង​ធនាគារ Signature Bank​។​

​នៅ​ថ្ងៃទី ១៥ ខែ​មីនា វិនិយោគិន​បានធ្វើឱ្យ​ភាគហ៊ុន Credit Suisse ធ្លាក់​ចុះ​ដល់​ទៅ ៣០% បន្ទាប់​ពី SNB ដែល​ជា​ម្ចាស់​ភាគហ៊ុន​កំពូល​របស់​ខ្លួន​បាន​ច្រាន​ចោល​ការផ្តល់​មូលនិធិ​ថ្មីៗ​ដល់​វា​កាលពីដើម​សប្តាហ៍​នោះ​។ ធនាគារ Credit Suisse បាន​ទទួលរង​នូវ​កំហុសឆ្គង​យុទ្ធសាស្ត្រ​ជាច្រើន ជាពិសេស​នៅក្នុង​សកម្មភាព​ធនាគារ​វិនិយោគ រួមទាំង​ការប៉ះពាល់​របស់​វា​ជាមួយនឹង​ក្រុមហ៊ុន​មូលនិធិ​ការពារ​ហានិភ័យ Archegos ដែល​ដួលរលំ និង​ក្រុមហ៊ុន​សេវាកម្ម​ហិរញ្ញវត្ថុ Greensill ។ ទំហំ​នៃ​ការខាតបង់​របស់ Credit Suisse នាំឱ្យ​មាន​លំហូរ​ចេញ​នៃ​ប្រាក់​អតិថិជន ដែល​ឈាន​ដល់​កម្រិត​មិន​ធ្លាប់​មាន​ពីមុន​មក​ក្នុង​ខែតុលា ឆ្នាំ ២០២២​។ សរុបមក អតិថិជន​បាន​ដក​ប្រាក់​ចំនួន ១៣៣ ពាន់​លាន​ដុល្លារ​ពី Credit Suisse កាលពី​ឆ្នាំមុន​។​

​តើ​អ្វី​បណ្តាល​ឱ្យ​ធនាគារ Credit Suisse ដួលរលំ​?

​នៅ​ថ្ងៃទី ១៦ ខែ​មីនា គេ​បាន​ប្រកាសថា Credit Suisse នឹង​ខ្ចី​ប្រាក់​ជាង ៥០ ពាន់​លាន​ហ្វ្រង់​ស្វីស (៥៣,៧ ពាន់​លាន​ដុល្លារ​) ពី​SNB ដើម្បី​រក្សា​ដង្ហើមរស់​។ ទោះយ៉ាងណា បើ​តាម​រដ្ឋាភិបាល​ស្វីស វា​មិន​គ្រប់គ្រាន់​ទេ​។ ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ រដ្ឋាភិបាល​របស់​ប្រទេស​នេះ​បាន​ចរចា​កិច្ចព្រមព្រៀង​ដ៏​ប្រញាប់ប្រញាល់​មួយ ដើម្បី​ទិញ​យក​ធនាគារ Credit Suisse ពី​សំណាក់​ធនាគារ UBS ដែល​ធំ​ជាង​។ និយតក​រស្វី​ស​បាន​បង្ហើប​ឱ្យដឹង​នៅ​ថ្ងៃទី ១៩ ខែ​មីនា​ថា កិច្ចព្រមព្រៀង​នេះ​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការធានា​ដល់​អ្នកវិនិយោគ​អំពី​ភាពរឹងមាំ​នៃ​វិស័យ​ហិរញ្ញវត្ថុ​របស់​ប្រទេស​។ យោងតាម​របាយការណ៍​មួយចំនួន អាជ្ញាធ​រស្វី​សបាន​ប្រជែង​នឹង​ពេល​វេលា​ដើម្បី​ធ្វើឱ្យ​កិច្ចព្រមព្រៀង​នេះ​កើតឡើង​មុន​ពេល​ទីផ្សារ​អាស៊ី​បើក​សម្រាប់​សប្តាហ៍​នេះ​។​

​តើ​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​មាន​អ្វីខ្លះ​?

​កិច្ចព្រមព្រៀង​នេះ​នឹង​ក្លាយជា​ប្រតិបត្តិការ​ភាគហ៊ុន​ដុល ដោយ​ម្ចាស់​ភាគហ៊ុន​របស់ Credit Suisse នឹង​ទទួលបាន​ភាគហ៊ុន​មួយ​របស់ UBS សម្រាប់​រាល់​ភាគហ៊ុន ២២,៤៨ សន្លឹក​របស់ Credit Suisse ដែលមាន​តម្លៃ​ប្រហែល ៣ ពាន់​លាន​ហ្វ្រង់​ស្វីស (៣,២ ពាន់​លាន​ដុល្លារ​)​។ រដ្ឋាភិបាល​ស្វីស​បានបញ្ជាក់​ថា ខ្លួន​នឹង​ចំណាយ​ជាង ៩ ពាន់​លាន​ដុល្លារ​ដើម្បី​ប៉ះប៉ូវ​ការខាតបង់​ដែល UBS អាច​មាន​ដោយ​ការ​ទិញយក​គូ​ប្រជែង​របស់​ខ្លួន​។ SNB ក៏បាន​ផ្តល់​សាច់ប្រាក់​ជាង ១០០ ពាន់​លាន​ដុល្លារ​ដល់ UBS ផងដែរ​ដើម្បី​ជួយ​សម្រួល​ដល់​ការសម្រេច​កិច្ចព្រមព្រៀង​។​

​សម្រាប់ Finma វិញ ដែល​ជា​និយតករ​ហិរញ្ញវត្ថុ​ស្វីស បាន​ចាត់វិធានការ​មិនធម្មតា​ជាច្រើន​ដើម្បី​បើកទ្វារ​ឆ្ពោះទៅរក​ការរួម​បញ្ចូល​គ្នា​។ ជាពិសេស Finma បាន​លុបចោល​មូលបត្រ​បំណុលរបស់ Credit Suisse ដែល​មាន​តម្លៃ ១៧ ពាន់​លាន​ដុល្លារ ហើយ​បាន​ដក​ម្ចាស់​ភាគហ៊ុន​ពេញ​សមត្ថភាព​ពី​ការបោះ​ឆ្នោត​លើ​កិច្ចព្រមព្រៀង​នេះ​។​

Finma បានប្រកាសថា “​ការគាំទ្រ​វិសាមញ្ញ​របស់​រដ្ឋាភិបាល​នឹង​បង្ក​ឱ្យ​មាន​ការជម្រះ​ពេញលេញ​នៃ​តម្លៃ​បន្ទាប់បន្សំ​នៃ​ភាគហ៊ុន AT1 ទាំងអស់​របស់ Credit Suisse ក្នុង​ចំនួន​ទឹកប្រាក់​ប្រហែល ១៦ ពាន់​លាន​ហ្វ្រង់​ស្វីស (១៧ ពាន់​លាន​ដុល្លារ​) ហើយ​ដូច្នេះ​នាំ​ឱ្យ​កើនឡើង​ដើមទុន​ស្នូល​”​។​

​មនុស្ស​មួយចំនួន ដែល​ពាក់ព័ន្ធ​នឹង​ការចរចា​នៃ​កិច្ចព្រមព្រៀង​នេះ ក៏ដូចជា​ធនាគារិក​មួ​យ​ចំនួន​បាន​ប្រាប់ Financial Times ថា ជំហាន​ទាំងនោះ​នឹង​មាន​ផលប៉ះពាល់​កាន់តែ​ទូលំទូលាយ ហើយ​អាច​នាំ​ទៅដល់​ការលក់​បំណុល​ធនាគារ​ផ្សេងទៀត ហើយ​អាច​បណ្តាលឱ្យមាន “​សុបិន​ដ៏​អាក្រក់​” នៅក្នុង​ទីផ្សារ​បំណុល​អឺរ៉ុប​។​

​សារព័ត៌មាន​របស់​ស​ហ​រដ្ឋ​អាម៉េរិក​បានលើកឡើង​ពី​ការព្រួយបារម្ភ​អំពី​រដ្ឋាភិបាល​ស្វីស​ដែល​កែ​ច្បាប់​និង​បំផ្លាញ​សិទ្ធិ​របស់​ម្ចាស់​ភាគហ៊ុន ដើម្បី​ដោះស្រាយ​កិច្ចព្រមព្រៀង​នេះ​ឱ្យបាន​ឆាប់រហ័ស​។ តាម​គោលការណ៍ ក្នុង​រាល់​ការទិញ​យក​ក្រុមហ៊ុន​ដែល​ធ្វើ​ការជួញដូរ​ជា​សាធារណៈ ម្ចាស់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ដែល​គេ​ទិញ​នោះ​គឺ​មាន​សិទ្ធិ​បោះឆ្នោត​គាំទ្រ​ឬ​ប្រឆាំង​នឹង​ចំណាត់ការ​នេះ​។ ទោះបីជា​ភាគហ៊ុន​របស់ Credit Suisse ត្រូវបាន​ចុះបញ្ជី​នៅក្នុង​ទីក្រុង​ញូវយ៉ក​និង​ហ្សួ​រី​ច (Zurich) ក៏ដោយ ក៏​រដ្ឋាភិបាល​ស្វីស​នៅតែ​លុបចោល​សិទ្ធិ​បោះឆ្នោត​ជា​ឯកតោ​ភាគី​។ គេ​អាច​សួរ​បាន​ថា​តើ​រដ្ឋាភិបាល​ស្វីស​កំពុង​ធ្វើ​ជា​គំរូ​ដល់​រដ្ឋាភិបាល​ផ្សេងទៀត​ដើម្បី​ការពារ​វិបត្តិ​ធនាគារ​ឬ​យ៉ាងណា​។​

​តើ​ធនាគារ​មួយណា​ធំ​ជាង UBS ឬ Credit Suisse?

UBS Group AG និង Credit Suisse Group AG ត្រូវបាន​ចាត់ទុក​ថា​ជា​សសរស្តម្ភ​ពីរ​នៃ​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ស្វីស​។ UBS ដែល​ជា​អតីត​ធនាគារ Union of Switzerland ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៨៦២ ក្នុងនាម​ជា​ធនាគារ​នៅ​ទីក្រុង​វីន​ធឺ​ធួ (Winterthur)​។ គូ​ប្រជែង​របស់​វា​គឺ Credit Suisse ត្រូវបាន​បង្កើតឡើង​មុន​នេះ​បន្តិច​ក្នុង​ឆ្នាំ ១៨៥៦​។​

UBS គឺ​ធំ​ជាង​គូ​ប្រជែង​របស់​ខ្លួន តែ​ទោះ​យ៉ាងណា Credit Suisse បាន​អួត​ពី​ឥទ្ធិពល​ដ៏​សម្បើម​របស់ខ្លួន​ដែល​មាន​បុគ្គលិក​ជាង ៥០.០០០ នាក់ និង​ទ្រព្យសម្បត្តិ ១,៣ ទ្រី​លាន​ហ្វ្រង់​ស្វីស (១,៤ ទ្រី​លាន​ដុល្លារ​) នៅ​ចុងឆ្នាំ ២០២២​។​

​សម្រាប់​ការប្រៀបធៀប UBS មាន​ទ្រព្យសម្បត្តិ​ប្រហែល ៣ ទ្រី​លាន​ដុល្លារ មាន​បុគ្គលិក​ជាង ៧៤.០០០ នាក់​កំពុង​ធ្វើការ​នៅក្នុង​ប្រទេស​ចំនួន ៤៨ និង​តំណាង​ឱ្យ ១៥០ សញ្ជាតិ​។​

​គួរ​កត់សម្គាល់​ដែរ​ថា ធនាគារ Credit Suisse អាច​រួចផុត​ពី​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ ២០០៨ ប្រសើរ​ជាង UBS ។ នៅពេលនោះ UBS បាន​ក្លាយជា​ជនរងគ្រោះ​នៃ​យុទ្ធសាស្ត្រ​ហានិភ័យ​ខ្ពស់​របស់​ខ្លួន​ក្នុង​ការពង្រីក​នៅក្នុង​សហរដ្ឋ​អាម៉េរិក​។ នៅពេល​ដែល​វិបត្តិ​ប្រាក់កម្ចី​បាន​ផ្ទុះឡើង UBS បាន​ក្លាយ​ជា​ធនាគា​រប​រទេស​ងាយ​រងគ្រោះ​បំផុត​នៅលើ​មូលនិធិ​អចលនទ្រព្យ​និង​ទីផ្សារ​និស្សន្ទវត្ថុ​របស់​សហរដ្ឋអាម៉េរិ​ក​។ នេះ​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ស្វីស និង​ធនាគារ​កណ្តាល​របស់​ប្រទេស​នេះ​ឈាន​ជើង​ចូល​សង្គ្រោះ UBS ។​

​តើ​មាន​អ្វី​ពិសេស​អំពី UBS?

UBS គឺជា​ធនាគារ​ដ៏​ធំ​បំផុត​របស់​ប្រទេស​ស្វីស​។ លើសពីនេះ វា​ជា​ធនាគារ​ធំ​ទី​បី​នៅ​អឺរ៉ុប​។ UBS ក៏​ជា​ធនាគារ​មួយ​ក្នុងចំណោម​ធនាគារ “Bulge Bracket” សកល​ចំនួន​ប្រាំបួន​ផងដែរ​។ ធនាគារ Bulge bracket គឺជា​ធនាគារ​វិនិយោគ​ពហុ​ជាតិ​ដ៏​ធំ​បំផុត​របស់​ពិភពលោក ដែល​បម្រើ​ដល់​សាជីវកម្ម និង​រដ្ឋាភិបាល​ធំៗ​។ បញ្ជី​នេះ​រួមមាន Bank of America Merrill Lynch, Goldman Sachs, Barclays Capital, Credit Suisse, Deutsche Bank, JPMorgan Chase, Citigroup, Morgan Stanley និង UBS ៕

Post navigation