Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

តើ​មានរឿង​អី​កើតឡើង​បើ​រដ្ឋាភិបាល​អាម៉េរិក​បិទ​?

Views: 31

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សហរដ្ឋ​អាម៉េរិក​កំពុង​ឆ្ពោះទៅរក​ការបិទ​រដ្ឋាភិបាល​នៅ​ចុង​សប្តាហ៍​នេះ ដោយ​គ្មាន​មធ្យោបាយ​ចាកចេញ​ពី​ភាពជាប់គាំង​នៅក្នុង​សភា​នោះ​ឡើយ​ជុំវិញ​ការអំពាវនាវ​របស់​គ​ណ​បក្ស​សាធារណរដ្ឋ​ដ៏​រឹងរូស ដែល​ទាមទារ​ឱ្យ​កាត់បន្ថយ​ការចំណាយ​យ៉ាង​ជ្រាលជ្រៅ​។​

​ឆ្នាំសារពើពន្ធ​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ចាប់ផ្តើម​នៅ​ថ្ងៃទី ១ ខែតុលា ប៉ុន្តែ​ការខ្វែងគំនិត​គ្នា​យ៉ាងខ្លាំង​នៅក្នុង​គណបក្ស​សាធារណរដ្ឋ​អំពី​ទំហំ​បំណុល​សហព័ន្ធ​បាន​រារាំង​ការអនុម័ត​ច្បាប់​នានា ដែល​ត្រូវការ​ដើម្បី​ឱ្យ​រដ្ឋាភិបាល​បន្ត​ផ្តល់​មូលនិធិ និង​បើក​ដំណើរការ​។​

​ទីភ្នាក់ងារ​វាយតម្លៃ​ឥណទាន Moody’s បាន​ព្រមាន​នៅ​សប្តាហ៍​នេះ​ថា ការបិទ​រដ្ឋាភិបាល​នឹង​មាន​ផល “​អវិជ្ជមាន​” សម្រាប់​បំណុល​អធិបតេយ្យភាពរ​បស់​សហរដ្ឋ​អាម៉េរិក ដោយ​គំរាមកំហែង​ដល់​ចំណាត់​ថ្នាក់​លំដាប់​កំពូល​របស់​ខ្លួន និង បង្កើន​ការរំពឹងទុក​នៃ​ការចំណាយ​ខ្ពស់​លើ​ការខ្ចីប្រាក់​។​

​ជាមួយនឹង​ពេលវេលា​កាន់តែ​ជិត​អស់ ព្រឹទ្ធសភា​បាន​ចេញ​ច្បាប់​ទ្វេ​បក្ស​ដ៏​សាមញ្ញ​មួយ​ដើម្បី​ពង្រីក​ការផ្តល់​មូលនិធិ​និង​ឱ្យ​ពួក​សមាជិក​សភា​ពន្យារ​ពេល​ឱ្យ​បន្ថែមទៀត​។​

​ប៉ុន្តែ​ដោយ​ប្រឈម​មុខ​នឹង​ការ​គំរាម​ប្រជែង​តំណែង​ថ្នាក់ដឹកនាំ​ពី​ពួក​ស្តាំនិយម​នៃ​គណបក្ស​របស់​គាត់ ប្រធានសភា​បក្ស​សាធារណៈរដ្ឋ លោក ខេ​វិន ម៉ាក​កា​ធី (Kevin McCarthy) បាន​បដិសេធ​មិន​ព្រម​នាំយក​ច្បាប់​ស្រដៀង​គ្នា​មក​ដាក់​លើ​តុ​ជជែក​ដេញដោល​ទេ ដោយ​ធ្វើឱ្យ​ការបិទ​រដ្ឋាភិបាល​កាន់តែ​មាន​លទ្ធភាព​ខ្ពស់​។​

​ខាងក្រោម​នេះ​ជា​អ្វី​ដែល​ទំនងជា​នឹង​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃអាទិត្យ ប្រសិនបើ​រដ្ឋាភិបាល​អាម៉េរិក​បិទ​។​

– បុគ្គលិក​រដ្ឋ​នឹង​មិន​ទទួលបាន​ប្រាក់ខែ​

​និយោជិត​សហព័ន្ធ​រាប់សិប​ម៉ឺន​នាក់​នឹង​ត្រូវ​ផ្អាក​បណ្តោះអាសន្ន​ពី​ការងារ​ដោយ​គ្មាន​ប្រាក់ខែ ខណៈ​ដែល​សមាជិក​នៃ​យោធា​និង​កម្មករ​និយោជិត​ផ្សេង​ទៀត​ដែល​ចាត់ទុកថា​មាន​សារៈសំខាន់ នឹង​បន្ត​ធ្វើការ​ដោយ​គ្មាន​ប្រាក់​ឈ្នួល​។​

​សហភាព​សហព័ន្ធ​និយោជិត​រដ្ឋាភិបាល​អាម៉េរិក (AFGE) ប៉ាន់ប្រមាណ​ថា​ការបិទ​រដ្ឋាភិបាល​ទាំង​ស្រុង​នឹង​មានន័យថា បុគ្គលិក​សហព័ន្ធ​ជិត ១,៨ លាន​នាក់​នឹង​មិន​ទទួលបាន​ប្រាក់ខែ​ក្នុង​អំឡុងពេល​បិទ​។​

​យោង​តាម​គណៈកម្មាធិកា​រ​ទទួលខុសត្រូវ​ថវិកា​សហព័ន្ធ ដែល​មិន​លម្អៀង​ខាង​គណបក្ស​ណាមួយ បានឱ្យដឹងថា បុគ្គលិក​មិន​សំខាន់​ប្រហែល ៨៥០.០០០ នឹង​ត្រូវ​ផ្អាក​ពី​ការងារ​បណ្តោះអាសន្ន​។​

​នៅពេលណា​ដែល​កិច្ចព្រមព្រៀង​ផ្តល់​មូលនិធិ​ត្រូវ​បាន​សម្រេច នោះ​ការ​រឹតបន្តឹង​ទាំងនេះ​នឹង​ត្រូវ​ដកចេញ ហើយ​និយោជិត​ដែល​រង​ផលប៉ះពាល់​ទាំងអស់​នឹង​ត្រូវ​បាន​ហៅ​ឱ្យចូល​ធ្វើការ​វិញ នេះ​បើ​យោងតាម AFGE ។​

– សេវាកម្ម​រដ្ឋាភិបាល​ត្រូវ​បញ្ឈប់​

​ប្រតិបត្តិការ ដែល​ត្រូវបាន​ចាត់ទុក​ថា​ចាំបាច់ នឹង​បន្ត​ដំណើរការ​។​

​នៅក្នុង​ការបិទ​រដ្ឋាភិបាល​កាលពីមុន នេះ​មានន័យថា មូល​ប្បទានបត្រ​អត្ថប្រយោជ​ន៍នឹង​ត្រូវ​បន្ត​បង់​ដដែល ខណៈ​ដែល​អ្នកត្រួតពិនិត្យ​ចរាចរណ៍​ផ្លូវអាកាស ភ្នាក់ងារ​ល្បាត​ព្រំដែន និង​បុគ្គលិក​មន្ទីរពេទ្យ​នៅ​តែ​ធ្វើការ​។​

​ទោះជា​យ៉ាងណា​ក៏ដោយ សេវាកម្ម​ជា​ច្រើន​ទំនង​ជា​នឹងរង​ផលប៉ះពាល់ រួម​ទាំង​កម្មវិធី​ថ្មីៗ​សម្រាប់​សន្តិសុខ​សង្គម និង កម្មវិធី Medicare ការត្រួតពិនិត្យ​ទីតាំង​លក់​អាហារ​និង​បរិស្ថាន និង ឧទ្យាន​ជាតិ​។​

​ការបិទ​បន្ត​កាន់តែ​យូរ ផលប៉ះពាល់​នឹង​កាន់តែ​ធំ​។​

– ផល​ប៉ះពាល់​សេដ្ឋកិច្ច​

​អ្នក​សេដ្ឋកិច្ច​នៅ​ក្រុមហ៊ុន Goldman Sachs បាន​ប៉ាន់ប្រមាណ​ថា ការបិទ​នេះ​នឹង​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​ក្នុង​ត្រីមាស​ទី ៤ ចំនួន ០,២ ភាគរយ សម្រាប់​រាល់​សប្តាហ៍​ដែល​វា​បន្ត​។​

​អ្នកសេដ្ឋកិច្ច Goldman បាន​សរសេរ​នៅក្នុង​កំណត់ត្រា​ថ្មីៗ​នេះ​ទៅ​កាន់​អតិថិជន​ថា ការបិទ​អាច​ចំណាយ​ពេល​ពី ២ ទៅ ៣ សប្តាហ៍​ទើប​ដោះស្រាយ​ចេញ “​ដោយសារ​តែ​ភាគី​នៃ​បក្ស​ទាំងពីរ​ហាក់​មិន​ធ្វើ​សម្បទាន​ឱ្យ​គ្នា​ភ្លាមៗ​ទេ​”​។​

​ពួកគេ​បាន​បន្ថែមថា “​ខណៈ​ការផ្អាក​ការផ្តល់​មូលនិធិ​មួយចំនួន​បាន​បញ្ចប់​យ៉ាង​ឆាប់រហ័ស បរិយាកាស​នយោបាយ​មុន​ឈាន​ដល់​ថ្ងៃ​ផុតកំណត់​គឺ​មើល​ទៅ​ឱ្យ​គេ​នឹកឃើញ​ដល់​ស្ថានភាព​មុន​ការបិទ​ដ៏​យូរ​កាលពី​អតីតកាល​”​។​

​ដោយ​សន្មត​ថា​ការបិទ​នេះ​នឹង​បញ្ចប់​មុន​ពេល​ដាច់​ឆ្នាំ ក្រុមហ៊ុន Goldman ប៉ាន់ស្មាន​ថា កំណើន​នឹង​កើន​ឡើង​នៅ​ដើម​ឆ្នាំ​ក្រោយ​ក្នុង​ចំនួន​ដូច​គ្នា​ដែល​វា​បាន​ធ្លាក់ចុះ​នៅក្នុង​ត្រីមាស​ទី ៤ ខណៈ​អ្នកស្រាវជ្រាវ​នៅ Oxford Economics រំពឹង​ថា​ពាក់កណ្តាល​នៃ​ការបាត់បង់​នេះ​នឹង​ត្រូវ​បាន​ស្តារឡើងវិញ​។​

​ការបាត់បង់​ទិន្នផល​បុគ្គលិក​របស់​រដ្ឋាភិបាល​នឹង​ធ្វើឱ្យ​ខាត​កំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​ប្រហែល ០,១% ក្នុង​មួយ​សប្តាហ៍ ហើយ​នឹង​មិន​អាច​ស្តារ​ត្រឡប់មកវិញ​បាន​ទេ នេះ​បើ​យោងតាម Oxford Economics ។​

​ការបិទ​នេះ​ក៏​អាច​ជះ​ឥទ្ធិពល​ដោយ​ប្រយោល​ដល់​សេដ្ឋកិច្ច​ផងដែរ ព្រោះ​បុគ្គលិក​សហព័ន្ធ​ដែល​គ្មាន​ប្រាក់​ឈ្នួល​ចាប់ផ្តើម​កាត់បន្ថយ​ការចំណាយ​របស់​ពួកគេ​។​

​ការបិទ​នេះ​ហាក់ដូចជា​កំពុង​ជះឥទ្ធិពល​លើ​ផ្សារ​ហ៊ុន Wall Street ដោយ​ស​ន្ទ​ស្សន៍​ភាគហ៊ុន​សំខាន់ៗ​បាន​បាត់បង់​សន្ទុះ ខណៈ​ថ្ងៃ​ផុតកំណត់​ខិត​ជិត​មក​ដល់​។​

– បញ្ហា​ទិន្នន័យ​សហព័ន្ធ​

​សេដ្ឋវិទូ​បារម្ភ​ថា ការបិទ​នេះ​ក៏​នឹង​ផ្អាក​ការ​បោះផ្សាយ​ទិន្នន័យ​របស់​រដ្ឋាភិបាល​សហព័ន្ធ​ផងដែរ​។​

​នេះ​គឺ​ជា​ការព្រួយបារម្ភ​ពិតប្រាកដ​សម្រាប់​ធនាគា​រ​កណ្តាល​អាម៉េរិក (Fed) ដែល​បាន​និយាយថា ខ្លួន​ត្រូវការ​ការតម្រង់​ទិស​ដោ​យ​ទិន្នន័យ​នៅ​ពេល​ខ្លួន​សម្រេច​ចិត្ត​លើ​គោលនយោបាយ​អត្រា​ការប្រាក់​ទៅមុខទៀត​។ ថ្មីៗ​នេះ Fed បាន​បន្ថយ​ល្បឿន​នៃ​ការដំឡើង​អត្រា​ការប្រាក់​ដ៏​ខ្លាំងក្លា​របស់​ខ្លួន ខណៈ​ធនាគារ​ទប់ទល់​នឹង​អតិផរណា​ដ៏​រឹងរូស​។​

​ប្រសិនបើ​គ្មាន​ទិន្នន័យ​ថ្មី​ទេ ធនាគារ​កណ្តាល​នឹងត្រូវ​បង្ខំ​ឱ្យ​ធ្វើការ​សម្រេចចិត្ត​ជា​មួយ​នឹង​ផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​សេដ្ឋកិច្ច​អាម៉េរិក​ដោយ​មិន​មាន​រូប​ភាពច្បាស់លាស់​អំពី​អ្វីៗ​គ្រប់យ៉ាង​។​

​ខណៈ​ការបិទ​រយៈពេល​ខ្លី​នឹងមាន​ផលប៉ះពាល់​រយៈពេល​វែង​តិចតួច វា​អាច​ក្លាយជា​បញ្ហា​សំខាន់​មួយ ប្រសិនបើ​សមាជិក​សភា​ខកខាន​ក្នុង​ការសម្រេច​កិច្ចព្រមព្រៀង​ឱ្យបាន​រហ័ស​៕

 ប្រធាន​សភា​លោក ខេ​វិន ម៉ាក​កា​ធី មិនអាច​កៀរគរ​គណបក្ស​សាធារណរដ្ឋ​នៅក្នុង​សភា​ឱ្យ​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ផ្តល់​មូលនិធិ​ដល់​រដ្ឋាភិបាល

Post navigation