Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

តើសមរាត្រី នារដូវប្រាំង ត្រូវនឹងខែមីនា មានកិច្ចពិធីអ្វីខ្លះ តាមទំនៀមព្រាហ្មណ៍?

Views: 1

ដោយៈ បាយ័ន / សៀមរាបៈ យើងស្គាល់សមរាត្រី តាមការប្រែសម្រួលពីភាសា សំស្ត្រឹត ដែលមានសរសេរលើថ្មបុរាណ តាំងពីសម័យមុនអង្គរ និងសម័យអង្គរ ថា ” វិសុវ ” (បើសរសេរតាមភាសាបច្ចុប្បន្ន ជា ” ពិសុព “) ដែលប្រាជ្ញខាងសិលាចារឹក បានដឹងឮយូរមកហើយដែរ។ សមរាត្រី (វិសុវ/ពិសុព) ជាព្រឹត្តិការណ៍មួយ ដែលរយៈពេលថ្ងៃ និងយប់មានប្រវែងស្មើគ្នា។

ជាពិសេស ចំពោះអង្គវត្ត ក្នុងវេលាថ្ងៃនេះ នាវេលាព្រឹកស្រាងៗ មានព្រះអាទិត្យ រះចំកណ្តាលកំពូលប្រាសាទ បើគិតនៅឆ្នាំ២០២៣ ត្រូវចំនៅថ្ងៃទី២១ ខែមីនា ខាងមុខនេះ។ នេះបើតាមប្រភពព័ត៌មាន ពីអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី២០ ខែមីនា នេះ។

សមរាត្រី (Equinox) កើតឡើងចំនួន ២ ដង ជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង (វសន្តរដូវ) កើតឡើងនៅថ្ងៃទី២១ ខែមីនា និងសមរាត្រីរដូវវស្សា កើតឡើងនៅថ្ងៃទី ២២ ខែកញ្ញា។

លោក អុឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថាៈ ព្រឹត្តិការណ៍ពិសេសនេះ នាវសន្តរដូវ ប្រហែលមានប្រារព្ធកិច្ចពិធីធំៗ តាមទំនៀមព្រាហ្មណ៍ នាសម័យអង្គរ។ ប៉ុន្តែពិធីទាំងនោះ មិនមានបន្តរៀបចំមកទល់សព្វថ្ងៃ នាំឲ្យយើងបាត់ដានឈឹង។ ដើម្បីជាការពិចារណា យើងសាកល្បងមើល ទៅប្រភពដើម នៃអារ្យធម៌ខ្មែរ ដ្បិតយើង​ទទួលឥទ្ធិពលពីឥណ្ឌា ហើយប្រហែលតិចឬច្រើន យើងប្រតិបត្តិតាមប្រពៃណី ព្រាហ្មណ៍ខ្លះហើយ។

នាថ្ងៃវិសុវ/ពិសុព វសន្តរដូវ ទី១ ព្រាហ្មណ៍នៅទូទាំងប្រទេសឥណ្ឌា នៅអំឡុងខែមីនា គេឃើញមានប្រារព្វពិធីបុណ្យមួយយ៉ាងធំ បើតាមគម្ពីបុរាណរបស់ឥណ្ឌា គេហៅថា Holi ។ នៅក្នុងពិធីនេះ អ្នកចូលរួមទាំងអស់ បានច្រៀង រាំ យ៉ាងត្រេកអរ ដោយយក ម្សៅពណ៌ មកបាច និងលាបដាក់គ្នាទៅវិញទៅមក យ៉ាងសប្បាយរីករាយ ដើម្បីអបអរ សារទជ័យជំនះ របស់ព្រះនរាយណ៍ ដែលបានតំណែងខ្លួន ជាអាវតារ មានទម្រង់ជា នរសឹង្ហ ដែលបានសម្លាប់យក្សកំណាចដ៏ធំមួយ បានបំផ្លាញផែនដី មានឈ្មោះថា ហិរណ្យកស៊ីពុ (Hiranyakashipu)។

ទី២ ព្រឹត្តិការណ៍សមរាត្រីនេះ អាចជាប់ ពាក់ព័ន្ធនឹងរឿងជ័យជំនះ របស់ព្រះនរាយណ៍ ដែរ គឺព្រះគ្រឹស្ណដែលជាអាវតារមួយ យ៉ាងសំខាន់របស់ព្រះអង្គ ដែលបានកំចាត់ ឬបំផ្លាញសភាវអាក្រក់។ ព្រាហ្មណ៍ ប្រារព្ធកិច្ច ដើម្បីបង្ហាញថា សភាវល្អ ឈ្នះលើ សភាវអាក្រក់ យុត្តិធម៌ឈ្នះលើអយុត្តិធម៌ ។

ទី៣ ថ្ងៃវិសុវ/ពិសុពនេះ ក្រៅពីជាប់ពាក់ព័ន្ធនឹងរឿងថ្ងៃមង្គល របស់និកាយ ព្រះនរាយណ៍ ក៏ជាថ្ងៃមង្គលធំមួយ របស់និកាយព្រះឥសូរដែរ។ វេលាថ្ងៃ និងយប់ មានរយៈពេលស្មើគ្នានេះ ព្រះឥសូរ និងមហេសី បានរួមបញ្ចូលគ្នា ជាប្រាណតែមួយ ដែលមួយចំហៀង ជាប្រាណបុរស និងមួយចំហៀង ជាប្រាណស្រ្តី ដែលមានឈ្មោះថា ” អឌ្ឍនារីស្វរ ” (Ardhanarishvara)។ ខ្មែរបុរាណ និយមបដិមានេះខ្លាំង ដែលយើងមានបដិមានេះ នៅមុនសម័យអង្គរ និងសម័យអង្គរ។

ទី៤ ចំពោះប្រពៃណីធ្វើយោគ (Yogic tradition) នៅថ្ងៃសមរាត្រីរដូវនេះ គឺជាថ្ងៃដ៏វិសេសសម្រាប់អ្នកប្រតិបត្តិយោគ (Yoga) ព្រោះជាពេលវេលាដ៏ល្អបំផុត ដើម្បីទទួលផលខ្ពង់ខ្ពស់ ពីការធ្វើយោគ ជាងវេលាណាៗទាំងអស់។

បើពិចារណាលើករណីពិធី ខាងលើនោះ យើងឃើញមានទាក់ទងនឹងព្រះនរាយណ៍ ជាពិសេស។ អង្គរវត្ត សាងទ្បើងជាទេវឋាន របស់ព្រះនរាយណ៍ មានឈ្មោះដើមថា ” ព្រះបរមវិស្ណុលោក “។ តើថ្ងៃរះចំកំពូលកណ្តាលអង្គរវត្ត នៅសមរាត្រីរដូវប្រាំងនេះ មានទាក់ទងនឹងកិច្ចពិធីខាងលើទេដឹង?៕  V / N

Post navigation