Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ដោះស្រាយអធិករណ៍ ដោយសម្រេចបង្កើត និងទទួលស្គាល់ “វត្តចារថ្មី” ព្រមទាំងគណៈសង្ឃ អាចារ្យ គណៈកម្មការវត្តនេះ

Views: 2

ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ដោយគ្មានជម្រើសផ្សេង អាជ្ញាធរដែនដី និងមន្ត្រីជំនាញធម្មការ និងកិច្ចការសាសនា ខេត្តបន្ទាយមានជ័យ សម្រេចទទួលស្គាល់ “វត្តចារថ្មី” ដែលព្រះសង្ឃផ្តាច់បំបែកខ្លួន ពីវត្តចារ ទៅបង្កើតថ្មី ហើយក៏ទទួលស្គាល់ គណៈសង្ឃ អាចារ្យគណៈកម្មការវត្ត គឺនៅឃុំគោកបល្ល័ង្ក ស្រុកមង្គលបូរី ព្រោះអី បើរង់ចាំការកែប្រែកំហុស របស់ព្រះគ្រូចៅអធិការ នៅវត្តចារ មិនដឹងជាពេលណា ទើបភ្ញាក់រលឹកខ្លួន។

ប្រជាពុទ្ធបរិស័ទ ចំនួន ៤២០ គ្រួសារ នៅភូមិចារថ្មី ឃុំគោកបល្ល័ង្ក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រួមទាំងប្រជាពុទ្ធបរិស័ទ ក្នុងនិងក្រៅប្រទេស បានសម្រេចចិត្ត ឯកភាព បង្កើតបានវត្តថ្មី មួយបន្ថែមទៀត ទុកសម្រាប់ជាទីគោរពបូជា ដោយឲ្យឈ្មោះ ថា វត្តរតនៈសាមគ្គីចារថ្មី។ ក្នុងនោះ ក៏បានកសាងនូវសមិទ្ធផលនានាមួយចំនួន រួមមាន ទិញដីមួយហិកតាអស់តម្លៃ ៦០ មុឺនបាត (ប្រាក់ថៃ) និងបានចាក់ដីចាក់ថ្ម សាងសង់ សាលាឆាន់ កុដិព្រះសង្ឃ មួយខ្នង ដែលបានមកពីពុទ្ធបរិស័ទ ក្នុងនិងក្រៅប្រទេស ទឹកប្រាក់ចំនួន ៩២.១២៤ ដុល្លារអាម៉េរិក។ ក្នុងនោះ បានចំណាយកសាង សរុបចំនួន ១១៥.៤៥៩ ដុល្លារអាម៉េរិក ជំពាក់បំណុលចំនួន ២៣.៣៣៥ ដុល្លារទៀត។

យោងតាមសេចក្ដីណែនាំលេខ៤៨២ កធស/សណន ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៩ របស់ក្រសួងធម្មការ និងសាសនា មន្ទីរធម្មការ និងសាសនាខេត្ត និងព្រះមន្ត្រីសង្ឃ បានរៀបចំពិធីជាផ្លូវការ នៅវត្តនេះ ហើយវត្តនេះ បានក្លាយទៅជាវត្តពេញសិទ្ធិ។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានមានប្រសាសន៍ ថ្លែងនូវការកោត សរសើរ ចំពោះអាជ្ញាធរមូលដ្ឋាន​ប្រជាពុទ្ធបរិស័ទ ក្នុងនិងក្រៅប្រទេស ដែលបានរួម សាមគ្គីគ្នា មានសទ្ធាជ្រះថ្លា ជួយកសាងនូវសមិទ្ធផលនានា ដោយមានភាពជោគជ័យ។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តបន្ទាយមានជ័យ បានរំលឹក នូវទិសស្លោកថា “សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់”។ ហេតុនេះ សូមគណៈសង្ឃ អាចារ្យ គណៈកម្មការ ត្រូវសហការរួបរួមគ្នា ពង្រឹងគុណភាព ក្នុងការដឹកនាំ គ្រប់គ្រង វត្តអារាម ដែលបានបង្កើតឡើងថ្មីនេះ។​ សូមឲ្យមានរបៀបរៀបរយ សាមគ្គីភាពល្អ រក្សាតម្លៃ ធ្វើឲ្យវត្តអារាម ក្លាយទៅជាមណ្ឌលចំណេះដឹង អប់រំផ្លូវចិត្ត ចៀសវាងនូវការ ប្រើអំពើហិង្សា ធ្វើឲ្យមានទំនុកចិត្ត ចំពោះពុទ្ធបរិស័ទជិតឆ្ងាយ។

ព្រះឧត្តមសីលញ្ញាណ ធុល សុធា ព្រះមេគណខេត្ត បានមានសង្ឃដីកាថា ការប្រតិបត្តិ ជំនឿសាសនា មានការប្រៀនប្រដៅមនុស្ស ឲ្យធ្វើតែអំពើល្អ គោរពច្បាប់របស់រដ្ឋ ឲ្យមនុស្សស្គាល់អំពើបាបបុណ្យ គុណទោស ស្អប់ខ្ពើមនូវអំពើទុច្ចរិតអបាយមុខផ្សេងៗ ដែលប្រាសចាកពីសីលធម៌។

ព្រះមេគណខេត្ត ក៏បានអំពាវនាវ ដល់សប្បុរសជន ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ បន្តចាប់មគ្គផលកុសល ផលបុណ្យជាបច្ច័យ ដល់វត្តចារថ្មីនេះ៕/V/r

Post navigation