Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ត្រាំ​ក្លាយជា​អតីត​ប្រធានាធិបតី​ដំបូង​គេ​ប្រឈម​មុខ​នឹង​ការចោទប្រកាន់​ព្រហ្មទណ្ឌ​ទាក់ទង​នឹង​ការ​បង់លុយ​បំបិទមាត់​តារា​សិច​

Views: 2

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អង្គ​ប្រឹក្សា​យោបល់​ដ៏​ធំ​មួយ​ក្នុង​ទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​មីនា​បាន​ចោទប្រកាន់​លោក ដូ​ណា​ល់ ត្រាំ​ជុំវិញ​ការបង់ប្រាក់​បំបិទមាត់​ដែល​បាន​ធ្វើ​​ឡើង​ចំពោះ​តារា​អាសអាភាស​មួយរូប ដោយ​ធ្វើឱ្យ​គាត់​ក្លាយជា​អតីត​ប្រធានាធិបតី​អាម៉េរិក​ដំបូង​គេ ដែល​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ព្រហ្មទណ្ឌ​។​

​ការចោទប្រកាន់​ជា​ប្រវត្តិសាស្ត្រ​មក​លើ​សមាជិក​គណបក្ស​សាធារណរដ្ឋ​អាយុ ៧៦ ឆ្នាំ​រូប​នេះ ដែល​បាន​បដិសេធ​រាល់​ការខុសឆ្គង​ទាក់ទង​នឹង​ការបង់ប្រាក់​បំបិទមាត់​មុន​ការបោះឆ្នោត​ឆ្នាំ ២០១៦​ដែល​បាន​​បញ្ជូន​គាត់​ទៅ​សេត​វិមាន​នោះ ប្រាកដ​ណាស់​ថា​នឹង​ប៉ះពាល់​ដល់​ការ​ប្រជែង​តំណែង​ប្រធានាធិបតី​បច្ចុប្បន្ន​ដែល​ត្រាំ​សង្ឃឹមថា​នឹង​ចូល​កាន់តំណែង​ឡើង​វិញ​នៅ​ឆ្នាំក្រោយ​។​ហើយ​វា​នឹង​ចារ​ជា​រៀងរហូត​នូវ​​កេរដំណែល​របស់​អតីត​មេដឹកនាំ​រូប​នេះ ដែល​បាន​រួចខ្លួន​ពី​ការចោទប្រកាន់​ពី​សភា​ចំនួន​ពីរ​ដង​និង​ទប់ទល់​ជាប់​ជាមួយ​នឹង​ក្រុម​រដ្ឋអាជ្ញា​នៅ​ចំពោះមុខ​រឿងរ៉ាវ​គ្រប់យ៉ាង​រាប់​ចាប់ពី​កុបកម្ម​លើ​វិមាន​​កា​ពី​តូ​ល​របស់​សហរដ្ឋ​អាម៉េរិក​រហូតដល់​ការបាត់​ឯកសារ​សម្ងាត់ បែរជា​មក​ជាប់កុន​ក្តី​នៅ​តុលាការ​ជុំវិញ​រឿងអាស្រូវ​ផ្លូវភេទ​ពាក់ព័ន្ធ​នឹង​តារា​សិច ស្តម​មី ដា​នៀល (Stormy Daniels) អាយុ ៤៤ ឆ្នាំ​ទៅ​វិញ​។​

​រដ្ឋអាជ្ញា​នៅ​សង្កាត់​ម៉ា​ហា​ថែ​ន (Manhattan) ទំនងជា​នឹង​ស្នើ​ឱ្យ​លោក​ត្រាំ​ប្រគល់​ខ្លួន​និង​ប្រឈម​មុខ​នឹង​ការកាត់ក្តី ខណៈ​បទឧក្រិដ្ឋ​ប្រឆាំង​នឹង​គាត់​គ្រោង​នឹង​លាតត្រដាង​នៅក្នុង​សវនាការ នេះ​បើ​យោង​តាម​កាសែត The New York Times ដែល​បាន​ស្រង់​សម្តី​ពី​មនុស្ស​បួន​នាក់​ដែល​ដឹង​អំពី​បញ្ហា​នេះ​។​

​លោក​ត្រាំ​បាន​ថ្កោលទោស​ការចោទប្រកាន់​នេះ​ថា​ជា “​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ និង​ការជ្រៀតជ្រែក​ក្នុង​ការបោះឆ្នោត​” ហើយ​បាន​សច្ចា​ថា​រឿង​នេះ​នឹង​ត្រឡប់​បក​ទៅ​រក​អ្នក​ស្នង​តំណែង​​របស់​គាត់​វិញ​គឺ​លោក ចូ បៃ​ដិន ខណៈ​កូនប្រុស​របស់​អតីត​ប្រធានាធិបតី ឈ្មោះ អេ​រិក (Eric) បាន​រិះគន់​ខ្លាំងៗ​ចំពោះ “​ពួក​ឱកាសនិយម​ដែល​តែង​ធ្វើបាប​គូប្រជែង​នយោបាយ​”​។​

​ទន្ទឹមនឹងនោះ មេធាវី​របស់​នាង​ដា​នៀល​បាន​ស្វាគមន៍​ព័ត៌មាន​នេះ​ថា​ជា​ភស្តុតាង​បង្ហាញថា “​គ្មាន​នរណា​ម្នាក់​ឈរ​ពី​លើ​ច្បាប់​បានឡើយ​”​។​

​លោកស្រី ក្លា​ក ព្រូ​ស្ទើ (Clark Brewster) បាន​សរសេរ​នៅលើ Twitter ថា “​ការចោទប្រកាន់​លោក ដូ​ណា​ល់ ត្រាំ មិនមែន​ជា​ហេតុផល​សម្រាប់សេច​ក្តី​រីករាយ​នោះ​ទេ​។ ឥឡូវ​នេះ​សូមឱ្យ​សេចក្ដី​ពិត​និង​យុត្តិធម៌​ឈ្នះ​ទៅ​ចុះ​”​។​

​ប្រធានសភា លោក ខេ​វិន ម៉ាក​ខា​ធី (Kevin McCarthy) មកពី​គណបក្ស​សាធារណរដ្ឋ បាន​និយាយថា ការចោទប្រកាន់​នេះ​បាន​ធ្វើឱ្យ​ប្រទេស “​ខូចខាត​មិនអាច​ជួសជុល​បាន​”៕

​លោក​ត្រាំ​ប្រឈម​ការចោទប្រកាន់​ពី​បទ​បង់ប្រាក់​បំបិទមាត់​នាង​ដា​នី​ញែល​មុន​ការបោះឆ្នោត​ឆ្នាំ​២០១៦​

Post navigation