
ប្រែសម្រួល : កញ្ញាដាលីស/វីលមីងតុន ៖ ប្រធានាធិបតី ដូណាល់ ត្រាំ បានចោទសួរកាលពីថ្ងៃអាទិត្យថាតើតុលាការកំពូលនឹងបើកសវនាការរឿងក្តីចោទប្រកាន់អំពីភាពមិនត្រឹមត្រូវនៃការលួចបន្លំសន្លឹកឆ្នោតឬអត់ ខណៈដែលប្រធានាធិបតីជាប់ឆ្នោតចូ បៃដិនបន្តតែងតាំងមន្ត្រីបន្ថែមទៀតសម្រាប់តួនាទីសំខាន់ៗនៅក្នុងរដ្ឋបាលថ្មីរបស់លោក។
ទោះបីជាលោកត្រាំសន្យាបន្តការតស៊ូផ្លូវច្បាប់ដើម្បីទាញបញ្ច្រាស់លទ្ធផលបោះឆ្នោតនៅថ្ងៃទី០៣ ខែវិច្ឆិកាក្តី ក៏មតិយោបល់របស់លោកនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយប៉ុស្តិ៍ Fox Newsបានលើកឡើងថា ប្រធានាធិបតីបក្សសាធារណរដ្ឋរូបនេះនឹងលាលែងពីតំណែង ដោយហេតុថា គូប្រជែងមកពីបក្សប្រជាធិបតេយ្យរបស់លោកនឹងផ្លាស់ទៅសេតវិមាននៅថ្ងៃទី ២០ ខែមករា។
សូមបញ្ជាក់ថា ក្រុមរបស់លោកត្រាំរងការវាយសំពងយ៉ាងខ្លាំងមួយទៀតជាមួយការរាប់សន្លឹកឆ្នោតឡើងវិញរួចរាល់កាលពីថ្ងៃអាទិត្យនៅក្នុងតំបន់ធំបំផុត២របស់រដ្ឋវីស្កុនសិនបានបញ្ជាក់ថាលោកបៃដិនបានឈ្នះរដ្ឋនេះដោយសំឡេងគាំទ្រជាង ២ ម៉ឺន។
មេធាវីនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់ត្រាំ លោកស្រី ជេនណា អេលីស បាននិយាយថា ការរាប់សន្លឹកឆ្នោតឡើងវិញ “បង្ហាញពីបញ្ហាធ្ងន់ធ្ងរទាក់ទងនឹងភាពស្របច្បាប់នៃសន្លឹកឆ្នោតដែលបានបោះ” ដោយមិនបានបញ្ជាក់លម្អិតឬផ្តល់ភស្តុតាងណាមួយទេ។
ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកបៃដិនបានឆ្លើយតបថា ការរាប់សន្លឹកឆ្នោតឡើងវិញបានបញ្ជាក់ជាថ្មីថាគាត់បានឈ្នះរដ្ឋនេះជាង ២ម៉ឺនសំឡេងហើយបានសរសើរបុគ្គលិកបោះឆ្នោតនៅរដ្ឋវីស្កុនសិនចំពោះការខិតខំរបស់ពួកគេ។
ក្រុមរបស់គាត់បានជំរុញទៅមុខនូវការតែងតាំងមន្ត្រីសំខាន់ៗ ខណៈកាសែត Wall Street Journalបានរាយការណ៍កាលពីថ្ងៃអាទិត្យថាលោកបៃដិនបានជ្រើសរើសសមាជិកកំពូលៗសម្រាប់ក្រុមសេដ្ឋកិច្ចរបស់គាត់។ លោកស្រី នីរ៉ា តាន់ដិន ប្រធានមជ្ឈមណ្ឌលវឌ្ឍនភាពអាម៉េរិកនឹងត្រូវតែងតាំងជាប្រធានការិយាល័យគ្រប់គ្រងនិងថវិកា និង លោកស្រី សេស៊ីលីយ៉ា រ៉ោសសេដ្ឋវិទូផ្នែកការងារនៅសាកលវិទ្យាល័យព្រីនតុន នឹងធ្វើជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច។
លោកបៃដិនក៏បានជ្រើសរើសបុគ្គលិកយុទ្ធនាការនិងទីប្រឹក្សាសំខាន់ៗដើម្បីដឹកនាំក្រុមទំនាក់ទំនងជាស្ត្រីសុទ្ធផងដែរ ដោយតែងតាំងអ្នកនាំពាក្យយុទ្ធនាការលោកស្រីខេត បេឌីងហ្វៀលជាប្រធានទំនាក់ទំនងនៅសេតវិមាន និង អ្នកនាំពាក្យបក្សប្រជាធិបតេយ្យជើងចាស់លោកស្រី ជេន ផ្សាគី ជាលេខា(រដ្ឋមន្ត្រី) ព័ត៌មាន៕
ត្រាំនៅតែបន្តជំទាស់លទ្ធផលឆ្នោត ខណៈបៃដិនបន្តតែងតាំងមន្ត្រីសំខាន់ៗសម្រាប់រដ្ឋបាលរបស់គាត់