Views: 2
ដោយៈសុខុម,បូព៌ព្រឹក្ស/ភ្នំពេញ៖ ត្រីបបែលយក្សទឹកសាបទម្ងន់ ៦៦១ ផោន (៣០០គីឡូក្រាម) ដែលក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គរបស់យើងបំពាក់ស្លាក និងលែងទៅក្នុងទន្លេមេគង្គវិញ កាលពីឆ្នាំមុន ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ កំណត់ត្រាពិភពលោក(Guinness World Records) ថាជាត្រីបបែលយក្សទឹកសាបដ៏ធំបំផុតនៅលើពិភពលោក។ត្រីបបែលយក្សទឹកសាបដ៏ធំនេះត្រូវបានរកឃើញនៅក្នុងឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីឆ្នាំមុន។

ក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ(Wonders of the Mekong) ដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២៣ដោយអមជាមួយរូបភាពផងបានសរសេរថា ត្រីបបែលយក្សទឹកសាបទម្ងន់ ៦៦១ ផោន (៣០០គីឡូក្រាម) ដែលក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គរបស់យើងបានកិបស្លាក និងដោះលែងទៅក្នុងទន្លេមេគង្គវិញកាលពីឆ្នាំមុន ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ថាជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក»។
ប្រភពដដែលបន្តថា ចាប់តាំងពីធ្វើការដោះលែងវាមក យើងបានប្រមូលព័ត៌មានដែលមិនអាចកាត់ថ្លៃបានពីត្រីបបែលដ៏អស្ចារ្យនេះ តាមរយៈប្រព័ន្ធទទួលសញ្ញា acoustic របស់យើង ហើយវានឹងជួយយើងការពារប្រភេទសត្វជិតផុតពូជនេះ។
ក្រុមការងារក៏សូមថ្លែងអំណរគុណដល់អ្នកគ្រប់រូប ដែលបានជួយឱ្យការណ៍នេះអាចសម្រេចទៅបាន។
សូមរំលឹកថា មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង និងក្រុមការងារគម្រោងអច្ឆរិយមេគង្គ និងអភិវឌ្ឍន៍ជលផលទឹកសាប (IFREDI) នៃទន្លេមេគង្គកម្ពុជាបានវាស់ថ្លឹង និងកិបស្លាកលេខ ព្រមទាំងយកសំណាកធ្វើ DNA ហើយបានលែងបបែលយក្ស ចូលក្នុងទន្លេមេគង្គ កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២២។ បបែលយក្សនេះមានទម្ងន់ ៣០០ គីឡូក្រាម និងទំហំចាប់ពីក្បាលដល់ចុងកន្ទុយប្រវែង ៣៩៨ សង់ទីម៉ែត្រ និងទទឹងដងខ្លួនប្រវែង ២២០ សង់ទីម៉ែត្រ។
លោក សុខ វិជ្ជា អ្នកស្រាវជ្រាវជីវចម្រុះនៅកម្ពុជាធ្លាប់ថ្លែងថា បបែលទាំងអស់នៅក្នុងប្រទេសកម្ពុជា រាប់ទាំងនៅក្នុងទឹកសាប និងទឹកប្រៃមាន ១៥ ប្រភេទ។ ប៉ុន្តែចំពោះប្រភេទបបែលយក្សទឹកសាបខាងលើ ជាប្រភេទមួយកំពុងរងគ្រោះទៅរកការជិតផុតពូជ ព្រោះសត្វបបែលប្រភេទនេះមិនសម្បូរទេ នៅតាមទន្លេមេគង្គ។
លោកបន្តថា បបែលនេះជាប់ជាប្រភេទបបែលដែលធំជាងគេបង្អស់នៅលើពិភពលោកដែលអាចនិយាយបានថា ជាពូជត្រីពិសេសមួយនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីពពួកត្រីរាជ និងត្រីគល់រាំង។លោកបញ្ជាក់ថា ត្រីបបែលយក្សហ្នឹងមានតែនៅខាងប្រទេសឡាវ ថៃ និងប្រទេសកម្ពុជា។វានៅតែតាមបណ្តោយខ្សែទឹកទន្លេមេគង្គ»៕







ត្រីបបែលយក្សទឹកសាបទម្ងន់៣០០គីឡូក្រាម ត្រូវបានទទួលជាអន្តរជាតិថា ជាត្រីបបែលយក្សទឹកសាបដ៏ធំបំផុតនៅលើពិភពលោក(រូបថត ក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ)