Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

តុលាការ​បន្ត​លើក​យក​អង្គហេតុ​ថ្មី​មួយទៀត​ទាក់ទង​បដិវត្តន៍ពណ៌​សាកសួរ​លោក កឹម សុខា

សវនាការលើកទី៥៨ នៅថ្ងៃពុធនេះ តុលាការបានបន្តប្រើប្រាស់ពេលវេលានៃការជំនុំជម្រះ​​សួរ​​ដេ​​ញ​​ដោលលោក កឹម សុខា ហាក់យូរជាងសព្វមួយដង ដោយបានចំណាយ​​ពេលជិត​​ម៉ោង១​​ថ្ងៃ​​ត្រង់ ​​ទើ​​ប​​សម្រេចបិទបញ្ចប់ ខ​​ណៈអង្គហេតុដែលតុលាការលើកយកមកសួរដេញដោលបន្តនេះ ពាក់​​ព័​​ន្ធ​​​​នឹ​ងវគ្គបណ្ដុះបណ្ដាល​​​​ ដែលតុលាការចោទប្រកាន់ថាមានអង្គការក្រៅរដ្ឋាភិបាល​​អន្តរជាតិ​​មួយ​​​​​នៅ​​ពីក្រោយនៃវគ្គសិក្ខាសាលានេះ គឺមានជាប់ទាក់ទិននឹងផែនការផ្ដួលរំលំរដ្ឋាភិបាល។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក កូយ សៅ បានបង្ខំចិត្តបិទសវនាការភ្លាមៗ នៅបន្ទាប់ពីសហ​​មេ​​​​ធា​វីការពារសិទ្ធិឱ្យលោក កឹម សុខា គឺលោកមេធាវី ចាន់ ចេន ឡើងកត់សម្គាល់ ដោយសម្អាង​​ហេ​​តុថាតើតុលាការត្រូវ​ប្រើ​​ប្រាស់ពេលវេលាប៉ុន្មានទៀត ដើម្បីបិទបញ្ចប់ការជំនុំជម្រះនេះ ព្រោះ​​ម៉ោ​ង​​ពេលនេះជាង១២កន្លះទៅហើយ។ ជម្រាបអង្គសវនាការ លោកមេធាវី ចាន់ ចេន ថ្លែងថា ពេល​​វេ​​លា​​​​នេះ គឺវាសមគួរសម្រាប់អាហារថ្ងៃត្រង់ ដែលគ្រប់គ្នាគួរតែដល់ពេលស្រស់ស្រូប​​អាហា​​រ​​ហើយ​​។

សវនាការនៅថ្ងៃពុធនេះ តុលាការក៏បានបន្តលើកយកអង្គហេតុថ្មីមួយទៀតមកសួរដេញដោល គឺ​​អង្គ​​ហេតុទាក់​​ទងនឹងបដិវត្តន៍ពណ៌ ក្រោយពីបានបញ្ចប់ការសួរដេញដោលលើ​អង្គហេតុ «ថ្ងៃចន្ទ​​ព​​ណ៌​​​​ខ្មៅ» ក្នុងពេលតែមួយ នៅថ្ងៃទី២៨នេះ។ បើទោះបែបណា គេសង្កេតឃើញថា នៅពាក់​​កណ្ដាល​​​​ទីនៃការជំនុំជម្រះ ការប្រកែកគ្នារកត្រូវរៀងខ្លួនអំពីនីតិវិធីនិងវិជ្ជាជីវៈក្នុងនាមជាអ្នកច្បាប់ ក៏​​ចាប់​​ផ្ដើមផ្ទុះឡើងជាថ្មីទៀត នៅ​​ក្នុងបន្ទប់​​ជំនុំជ​​ម្រះ រវាងលោក កឹមសុខា និងតំណាងអយ្យ​​ការ ​​លោ​​ក ឆាយ ហុង។

ផ្តើមចេញពីសំណួររបស់តំណាងអយ្យការដែលចោទសួរថា តើជនជាប់ចោទអាចឆ្លើយនឹងសំណួរ​​លោ​ក​​​បានឬមិនហ៊ានឆ្លើយ ត្រូវបានលោក កឹម សុខា លើកជាថ្មីទៀតថា សំណួរដែលតាំង​​ឡើ​​ង​​នេះ លោកបានឆ្លើយរួចហើយ។ មកដល់ចំណុចនេះ ភាគីទាំងពីរបានទាស់ពាក្យសម្ដីគ្នា ដោ​​យ​​ប្រើប្រាស់ភាសាធ្ងន់ៗមួយចំនួន ដែលបង្ខំឱ្យសហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា ឡើង​​លើក​​ដៃព្រមគ្នាជំទាស់នឹងការតាំងសំណួររបស់តំណាងអយ្យការ លោក ឆាយ ហុង។ ទាំ​​ង​​​លោ​កមេធាវី ផែង ហេង និងអ្នកស្រី ម៉េង សុភារី យល់ឃើញថា អ្វីដែលតំណាង​​អយ្យ​​ការព្យា​​យា​​ម​​​សួរកូនក្តីរបស់ខ្លួនដែលមិនឆ្លើយហើយនៅតែបន្តសួរទៅតាមការចង់បានរបស់ខ្លួនទៀតនេះថា គឺជាការជំរិតយកចម្លើយដោយបង្ខំ។

យ៉ាងណា តំណាងអយ្យការ លោក ឆាយ ហុង ថ្លែងការពារថា មិនឱ្យលោកសួរយ៉ាងម៉េចកើត បើសំណួររបស់លោក ជនជាប់ចោទឆ្លើយមិនចំអ្វីដែលលោកតាំងឡើង។ ជាងនេះទៀត តំ​​ណា​​ងអយ្យការរូបនេះលើកឡើងថា រាល់ការឆ្លើយរបស់ជនជាប់ចោទហាក់ដូចមាន​​មន្ទិល​​សង្ស័យ ព្រោះអ្វីដែលលោក កឹម សុខា ឆ្លើយ តែងយករួចខ្លួន។

ទាក់ទិនករណីនេះ មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹ​ង សែន​​ករុ​ណា យល់ឃើញថា តាមពិតទៅ អង្គហេតុថ្ងៃចន្ទពណ៌ខ្មៅនេះ វាហាក់ដូចចាកឆ្ងាយ​​ពី​​បទ​ចោទ «ត្រូ​​វ​​​​រ៉ូវដោយសម្ងាត់ចង់ផ្ដួលរំលំរដ្ឋាភិបាល»។ លោកហាក់ដូចមិនអស់ចិត្ត ដែលសុខៗ តុ​​លា​​ការលើក​​យ​ក​​អង្គហេតុនេះមកចោទប្រកាន់អ្នកនយោបាយ ខណៈដែលដើមចមនៃ «ថ្ងៃចន្ទ​ព​ណ៌​​​​​ខ្មៅ» នេះ គឺ​ក្រុ​​ម​​​មេដឹកនាំអង្គការមិនមែនរដ្ឋាភិបាលទេជាអ្នកផ្តួចផ្តើមគំនិត ដើម្បីទាមទារ​​ឱ្យ​​ដោះ​​​​​លែង​​មន្រ្តី​​​កា​រ​​ពា​​រសិទ្ធិមនុស្ស។

លោកបន្តថា៖ «ខ្ញុំនៅតែមិនទាន់ឃើញថាឱ្យមានការឆ្លុះបញ្ចាំងទៅលើអង្គហេតុដែលចោទប្រកាន់ថា​​​​ ការគប់គិតជាមួយបរទេស ឬសន្ទិដ្ឋិភាពនេះឱ្យច្បាស់ទេ ថាតើគាត់គប់គិតរបៀបម៉េច! ហើយ​​យើ​​ង​​​​​​មិនច្បាស់ថាតើ​​រដ្ឋបរទេសហ្នឹងជាអ្នកណា! ក្នុងរឿងនេះ ឧទាហរណ៍ បើសិន​​ជាថាចោទ​សហ​​រដ្ឋ​​អាមេរិក តើសហរដ្ឋអាមេរិកគាត់បានធ្វើអី? ឬក៏សហភាពអឺរ៉ុបគាត់បាន​​ធ្វើអី ដើម្បីមកផ្ដួលរំលំរដ្ឋា​ភិ​​បា​ល​​​​ហ្នឹង? រឿងនេះ យើងបែរជាឃើញមានអង្គការអីផ្សេងអ៊ីចឹង​​ទៅ ហើយមានការកើត​​ឡើងអំពី​​ច​ល​នា​​សង្គម ដែលប្រទេសប្រជាធិបតេយ្យគេ​​បើកសិទ្ធិសេរីភាពឱ្យពលរដ្ឋ​​គេធ្វើការទាមទារតវ៉ា​​ដោ​​យ​​សន្តិវិធី»។

ដោយឡែក សម្រាប់អង្គហេតុថ្មីមួយទៀតដែលតុលាការលើកយកមកសួរដេញដោលនៅ​​​ព្រឹក​ថ្ងៃ​ពុ​​ធ​នេះដែរ គឺទាក់ទងនឹង «បដិវត្តន៍​ពណ៌» ដែលនិយាយពីវគ្គសិក្ខាសាលានៅប្រទេសឥណ្ឌូនេស៊ី សណ្ឋា​​គា​រ​​សា​​ន់​​​វេ និងសណ្ឋាគារឡឺរ៉ូយ៉ាល់ ក្រុងភ្នំពេញ កាលពីអំឡុងខែសីហា ឆ្នាំ២០១៦​​។សមាជិក​​​ក្រុ​​ម​​​ប្រឹ​​​​ក្សា​ជំនុំជម្រះ លោក សេង លាង ក្រៅពីតាំងសំណួរដែលអូសបន្លាយពេលវេលារហូត​​ដល់​​ម៉ោ​​ង​​​ជិត១ហើយ អង្គហេតុថ្មីនេះក៏មានភ្ជាប់នូវរូបថតជាច្រើនសន្លឹកដែលចាត់ទុកថាជាក្រុមយុ​​វជនរប​​ស់​​គណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ និងអមដោយឯកសារជា​​ច្រើនទំព័រ​​ថែម​​​ទៀ​ត​​​ផង។

សំណួរដាក់បន្ទុកជាច្រើនដែលតាំងឡើងដោយលោកចៅក្រម សេង លាង បានព្យាយាមភ្ជាប់សម្ដីរបស់​​លោក កឹម សុខា ដែលនិយាយនៅស្រ្ពីងវ៉ែលប្រទេសអូស្ត្រាលី ទៅនឹងសកម្មភាពនៃវគ្គ​​ប​​ណ្តុះ​បណ្តាល ដែលតុលាការចាត់ទុកថាជាភស្តុតាងនៅក្នុងសំណុំរឿងបដិវត្តន៍ពណ៌នេះ។

បើទោះបែបណា លោក កឹម សុខា ដែលស្ថិតនៅក្នុងរង្វង់ក្រចកសេះ បានព្យាយាមឆ្លើយ​​ដោះ​​ប​​​ន្ទុ​ក​​​ថា លោកមិនដែលមានជាប់ពាក់ព័ន្ធអង្គហេតុថ្មី​​នេះទាល់តែ​​សោះ។ បន្ថែម​​ពីលើនេះ​​ទៀ​​​ត ​លោក​​ថា ​​អ្វីដែលលោកចៅក្រមលើកយកភស្តុតាងថ្មីនេះ វាហាក់ដូចជាបង្ហាញឱ្យអង្គសវនាការបាន​​ឃើ​​ញ​​​​ភស្តុតាងនេះដែលពុំធ្លាប់ឃើញពីមុនមកទេ។

បើតាមលោកចៅក្រម សេង លាង ការដែលលោកភ្ជាប់វគ្គបណ្តុះបណ្តាលនេះ ព្រោះថា អង្គការ Canvas នេះ គឺប្រភពដើមមកពីអង្គការមួយឈ្មោះថា OTPor ដែលធ្លាប់មានប្រវត្តិក្នុងការដឹកនាំ​​កា​រ​​ធ្វើបដិវត្តន៍ពណ៌ នៅប្រទេសយូហ្គូស្លាវី និងប្រទេសស៊ែបប៊ី ជាដើម។

បើទោះបែបណា លោក កឹម សុខា នៅតែឆ្លើយតបទៅវិញថា លោកមិនដែលមានមេរៀនរបៀបដូចដែលលោកចៅក្រមបង្ហាញនេះទេ។ លើសពីនេះទៅទៀត អ្វីដែលលោកធ្លាប់លើកឡើងថា លោ​​ក​ធ្លាប់ដឹងពីសាវតារនៃប្រទេសទាំងនោះ គឺគេគ្រាន់តែពិគ្រោះយោបល់ និងលើកជា​​ឧទាហ​​រ​​ណ៍ ដើម្បីមកបញ្ជាក់ទេ។

យ៉ាងនេះក្តី លោក ស៊ឹង សែនករុណា មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្សអា​​​ដ​​ហុក ដែលឃ្លាំមើលពីសវនាការនេះដោយផ្ទាល់ សង្កេតឃើញថា បើពិនិត្យទៅលើមេរៀនដូច​​ដែ​​ល​​លោកចៅក្រមដាក់បង្ហាញនេះ រកមិនឃើញពី​ចំណុចណាមួយដែលជាមេរៀនមានចរិត​​ខ្មៅ​ង​​ងឹ​​ត​​​ទេ។លោកបន្តថា ហើយរហូតមកដល់ពេលនេះ គេក៏មិនទាន់ឃើញថា អ្នក​​ដែលធ្លាប់​​ឆ្លង​​កាត់ការរៀនសូត្រពីវគ្គបណ្តុះបណ្តាលនេះមានផែនការជាក់លាក់​​ក្នុង​​ការផ្តួលរំលំរដ្ឋាភិបាល​​នោះនៅ​​ឡើ​​យ​​ដែរ។

លោកបន្តថា៖ «បើខ្ញុំពិនិត្យក្នុងរឿងនេះ វាគ្រាន់តែជាការបង្ហាញអំពីការរៀនសូត្រអំពីយុទ្ធសាស្រ្ត​​ ដែ​​ល​​គេ​​ហៅថា ធ្វើបាតុកម្មអហិង្សា! ហើយក្នុងហ្នឹង តាមខ្ញុំមើលមេរៀន​​ហ្នឹង មានកន្លែងខ្លះ​​ក៏មាន​​លើក​​អំពី​​រឿងបោះឆ្នោតបោះអីដែរ ព្រោះអាហ្នឹងវាហាក់ដូចជា​សកម្មភាពដែលកើតមាន​​ឡើងនៅក្នុង​​សង្គ​​មប្រជាធិបតេយ្យដែរទេ»។

បើទោះបែបណា លោក កឹម សុខា បានប្រាប់ វីអូឌី ក្រោយបិទបញ្ចប់សវនាការថា នេះគឺជារបៀបនៃ​​ការធ្វើទារុណកម្មផ្លូវចិត្តមួយដែលធ្ងន់ធ្ងរចំពោះរូបលោក។ ទាក់ទិនសវនាការនេះ តុលាការនឹង​​ប​​ន្ត​​​​នីតិវិធីសួរដេញដោលទៀត នៅថ្ងៃពុធ ទី៥ ខែតុលា សប្តាហ៍ក្រោយនេះ។ លោក កឹម សុខា ក្រោយសមត្ថកិច្ចចាប់ខ្លួនកាលពីដើមខែកញ្ញា ឆ្នាំ២០១៧ តុលាការ​​ចោទ​​ប្រ​​កា​​ន់​រូបលោកពីបទ «សន្ទិដ្ឋិភាព ត្រូវរ៉ូវដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេសចង់ផ្តួល​​រំ​​លំ​​រ​ដ្ឋា​ភិបាល»។ ក៏ប៉ុន្តែបទចោទនេះត្រូវរងការរិះគន់ពីសហគមន៍ជាតិនិងអន្តរជាតិថា ធ្វើឡើងហាក់​​មិន​​​សមហេតុផល ព្រោះតាំងពីការចោទប្រកាន់មក មិនដែលឃើញរដ្ឋជាបរទេសណាមួយមាន​​ជា​​ប់​​​ពាក់ព័ន្ធនឹងការចោទប្រកាន់នេះនៅឡើយ ហើយថា​តើមានអំពើព្យសនកម្មណាមួយ​​​កើត​ឡើង​​ឬយ៉ាងណានោះដែរ៕