Views: 13
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ព្យុះភ្លៀងដ៏ធ្ងន់ធ្ងរបានធូរស្រាលហើយ ប៉ុន្តែទឹកជំនន់នៅតែបន្តកើនឡើងនៅតំបន់ភាគកណ្តាលប្រទេសក្រិក ខណៈដែលឧទ្ធម្ភាគចក្រជួយសង្គ្រោះបានសណ្តោងយកមនុស្សចេញពីភូមិដែលជន់លិចដោយទឹកជំនន់ ដែលបានបណ្តាលឱ្យមនុស្សស្លាប់ចំនួន១០នាក់ បាត់ខ្លួនបួននាក់ និងមនុស្សជាច្រើនបានតោងលើដំបូលផ្ទះរបស់ពួកគេ។
ទឹកជំនន់ ដែលបង្កឡើងដោយព្យុះភ្លៀង ក៏បានវាយប្រហារប្រទេសជិតខាងប៊ុលហ្គារីនិងតួកគីផងដែរ ដោយសម្លាប់មនុស្សសរុប ២២ នាក់នៅក្នុងប្រទេសទាំងបី ចាប់តាំងពីភ្លៀងបានចាប់ផ្តើមកាលពីថ្ងៃអង្គារ។
នៅប្រទេសក្រិក ព្យុះភ្លៀងយ៉ាងធ្ងន់ធ្ងរ ដែលបានបោកបក់លើប្រទេសនេះ បានប្រែក្លាយស្ទឹងបឹងបួទៅជាខ្សែទឹកហូរយ៉ាងខ្លាំងក្លា ដែលបំផ្ទុះទំនប់ទឹក បំផ្លាញផ្លូវថ្នល់ និងស្ពាន ហើយបានទាញរថយន្តជាច្រើនចូលទៅក្នុងសមុទ្រ។
អាជ្ញាធរបាននិយាយថា តំបន់ខ្លះរួមទាំងទីក្រុងអាថែនបានទទួលទឹកភ្លៀងស្មើនឹងពីរដងនៃទឹកភ្លៀងធ្លាក់ជាមធ្យមប្រចាំឆ្នាំក្នុងរយៈពេលត្រឹមតែ ១២ ម៉ោងប៉ុណ្ណោះ។
បទបញ្ជាជម្លៀសត្រូវបានចេញសម្រាប់តំបន់ចំនួនបួននៅភាគខាងជើងនៃទីក្រុងឡារីសសា (Larissa) កាលពីព្រឹកថ្ងៃសុក្រ ដោយអាជ្ញាធរបានបញ្ជូនការជូនដំណឹងទៅកាន់ទូរស័ព្ទចល័តក្នុងតំបន់ ដោយព្រមានថា ទន្លេភីនីអូស (Pineios) បានបាក់ច្រាំងរបស់វាហើយ។
ផ្នែកខ្លះនៃទីក្រុងឡារីសសា ដែលជាទីក្រុងធំជាងគេមួយរបស់ក្រិក កំពុងចាប់ផ្តើមជន់លិចរួចទៅហើយ។
អ្នកក្រុងឡារីសសា ឈ្មោះ អ៊ីអូនណា ហ្គាណា (Ioanna Gana) បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ Open របស់ក្រិកថា “ស្ថានភាពពិតជាសោកនាដកម្មណាស់” ដោយបន្ថែមថា កម្រិតទឹកនៅក្នុងសង្កាត់ដែលលិចលង់របស់លោកស្រី កំពុងកើនឡើង “ពីមួយនាទីទៅមួយនាទី”។
នាយករដ្ឋមន្ត្រី គីរីអាកូស មីតសូតាគីស (Kyriakos Mitsotakis) ដែលបានលុបចោលសុន្ទរកថាអំពីស្ថានភាពសេដ្ឋកិច្ចប្រចាំឆ្នាំដែលគ្រោងធ្វើនៅចុងសប្តាហ៍នេះ និងកំពុងចុះទៅតំបន់លិចទឹកកាលពីថ្ងៃសុក្រ បាននិយាយថា លោកបានទាក់ទងសហភាពអឺរ៉ុបដើម្បីស្នើសុំជំនួយហិរញ្ញវត្ថុសម្រាប់ការកសាងឡើងវិញ៕



ទីក្រុងឡារីសសារងទឹកជំនន់ដ៏ប្រល័យ