Views: 1
ដោយ៖បូព៌ព្រឹក្ស/ភ្នំពេញ៖លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវទិសដៅអាទិភាពគោលនយោបាយ ១៥ចំណុច របស់ក្រសួងសម្រាប់អាណត្តិទី៧ ដើម្បីខិតខំបន្តអនុវត្តការងារសំខាន់ៗ ដែលឆ្លើយតបទៅនឹងអាទិភាពដូចបានកំណត់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលជាការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០២៣- ២០២៨។

លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបញ្ជាក់បែបនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការ នៃក្រសួងនារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។
ថ្លែងទៅកាន់អ្នកចូលរួមលោកឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីការបំពេញការងារក្នុងអាណត្តិទី៧នេះថា គឺបន្តមរតកសមិទ្ធផលនៃរដ្ឋបុរសរបស់កម្ពុជា ពិសេស ព្រះករុណាព្រះបាទសម្តេចព្រះបរមរតនកោដ្ឋ ដែលបានទាមទារឯករាជ្យជាតិ បន្តមកដំណាក់កាលដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានតស៊ូលះបង់គ្រប់បែបយ៉ាងដើម្បីរំដោះជាតិ និងអភិវឌ្ឍប្រទេសរហូតដល់ទទួលបានឯកភាពជាតិនិងសុខសន្តិភាពពេញលេញហើយបានបន្តដំណើរមកដល់សហសម័យកម្ពុជាដែលជាយុគសម័យទំនើបនៃការបន្តដំណើររីកចម្រើនទៅមុខ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
លោកបានបញ្ជាក់បន្ថែមថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងខិតខំបន្តអនុវត្តការងារសំខាន់ៗសម្រាប់នីតិកាលទី៧ ដែលឆ្លើយតបទៅនឹងអាទិភាពដូចបានកំណត់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលជាការអនុវត្តកម្មវិធីនយោបាយ របស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការកសាងនិងការពារមាតុភូមិឆ្នាំ២០២៣- ២០២៨។ ផ្អែកលើអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណ ក្នុងបញ្ចកោណទី៤ មុំទី៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្តោតលើទិសដៅអាទិភាពគោលនយោបាយ ១៥ចំណុច ។

តើទិសដៅអាទិភាពគោលនយោបាយ១៥ចំណុចមានអ្វីខ្លះ?
១- ការងាររៀបចំគោលនយោបាយ ឱ្យកាន់តែមានភាពជាក់ស្តែង និងអនុវត្តឆ្ពោះទៅរកលទ្ធផល។
២- ការងាររៀបចំក្របខ័ណ្ឌគតិយុត្ត ដោយពិនិត្យកែលម្អ បំពេញបន្ថែម និងធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្តឱ្យបានកាន់តែពេញលេញស្របតាមបរិបទថ្មី និងមានភាពជាក់ស្ដែងនិយមមានសង្គតិភាព ពិសេសការរៀបចំសេចក្តីព្រាងច្បាប់សំខាន់ៗមួយចំនួនរួមមាន៖ (១). ច្បាប់ភូមិបាល ដោយត្រូវរៀបចំឡើងវិញ ទាំងស្រុង, (២). ច្បាប់ស្តីពីការរៀបចំដែនដី និងនគរូបនីយកម្មជាច្បាប់ថ្មី មិនធ្លាប់មាន, (៣). ច្បាប់ស្តីពីលំនៅឋាន ជាច្បាប់ថ្មីមិនធ្លាប់មាន។
៣- ការកសាងស្ថាប័ន និងរដ្ឋបាលសាធារណៈទំនើប ដែលអនុញ្ញាតឱ្យប្រព័ន្ធការងារប្រចាំថ្ងៃមានដំណើរការដោយស្វ័យប្រវត្តិ និងប្រសិទ្ធភាព ។
៤- ការលើកកម្ពស់សេវាសាធារណៈទំនើប និងការគ្រប់គ្រងទិន្នន័យ ដើម្បីផ្តល់សេវាលឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត ។
៥- ការងារចុះបញ្ជីដីធ្លី ដើម្បីបន្តផ្តល់ប័ណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី។
៦- ការរៀបចំដែនដី ស្របតាមទិសការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឱ្យមានប្រសិទ្ធភាព និងចីរភាព ពិសេសស្របតាមរបៀងសេដ្ឋកិច្ច ដោយផ្អែកលើតំបន់អភិរក្ស តំបន់បេតិកភណ្ឌ តំបន់កសិកម្ម តំបន់ឧស្សាហកម្ម លំនៅឋាន តំបន់ដីសាធារណៈសម្រាប់ចម្រុងទុក ដីសម្រាប់សួន សាធារណៈ តំបន់បៃតង។ល។
៧- ការអភិវឌ្ឍនគរូបនីយកម្ម តាមរយៈការរៀបចុះផែនការអភិវឌ្ឍន៍ទីក្រុងទីប្រជុំជន នៅថ្នាក់ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៅទូទាំងរាជធានី-ខេត្ត ឱ្យបានចប់សព្វគ្រប់ស្របទៅតាមទស្សនាទានទីក្រុងស្អាត ទីក្រុងឆ្លាត និងទីក្រុងគួរឱ្យចង់រស់នៅ។
៨- ស្ថាបត្យកម្មខ្មែរសហសម័យ ដោយជំរុញការសាងសង់ដោយយករចនាបថខ្មែរមកប្រើប្រាស់ឱ្យបានច្រើន ។រចនាបថខ្មែរទំនើប “សហសម័យ”និងចលនាឱ្យកាន់តែផុលផុសក្នុងការលើកតម្កើងរចនាបថស្ថាបត្យកម្មខ្មែរព្រមទាំងង្រឹងគុណភាពនិងសុវត្ថិភាពសំណង់។
៩-ការងារលំនៅឋាន ដោយរៀបចំលំនៅឋានសមរម្យគួរឱ្យរស់នៅ និងមានបរិស្ថានល្អប្រកបដោយសុខដុម តាមរយៈការរៀបចំគម្រូផ្ទះសម្រាប់យកជាមូលដ្ឋានព្រមទាំងរៀបចំគម្រូបុរីជនបទ ការកែលម្អលំនៅឋាន ភូមិចាស់ និងគម្រូលំនៅឋានសម្រាប់ទីតាំងថ្មីៗ។

១០-ការងារអធិការកិច្ច និងសវនកម្មផ្ទៃក្នុង ដើម្បីសម្រេចគោលបំណងនៃការកសាងរដ្ឋបាលសាធារណៈទំនើប ។ការតម្រង់ទិសការងារឱ្យកាន់តែសមស្របតាមមុខងារសាធារណៈ ។ការបង្កើនប្រសិទ្ធការងារ ពិសេស ការពង្រឹងគុណភាពសេវា និងការបង្កើនប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទដីធ្លី ឱ្យបានលឿនហើយដាច់ស្រេចដើម្បីឈានដល់ចុះបញ្ជីបានលឿន។
១១-ការងារលំនៅឋានសម្បទានដីសង្គមកិច្ច តាមរយៈការអភិវឌ្ឍលំនៅឋានដីសង្គមកិច្ចប្រកបដោយចីរភាព ពិសេសផលិតកម្មកសិកម្ម ប្រព័ន្ធ គាំពារសង្គមកិច្ច សេវាអប់រំនិងសុខាភិបាល ព្រមទាំងសេវាសង្គមកិច្ចនានាដែលអាចទ្រទ្រង់ការអភិវឌ្ឍសហគមន៍ ពិសេសនិរន្តរភាពជីវភាព និងសេដ្ឋកិច្ចគ្រួសារ។
១២- ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងស្មារតីដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជន ។
១៣-កាអភិវឌ្ឍធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពបន្ថែមទៀតលើជំនាញបច្ចេកទេស ក៏ដូចជា ការងារ ដឹកនាំ គ្រប់គ្រង សម្រាប់ចូលរួមកាន់តែសកម្មលើការងាររដ្ឋបាលទំនើប និងពង្រឹងសមត្ថភាពស្ថាប័ន។
១៤-ការលើកម្ពស់ការយល់ដឹងក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដើម្បីលើកកិត្យានុភាព កម្ពុជាបន្ថែមទៀតលើឆាកអន្តរជាតិដែលអនុញ្ញាតឱ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិកាន់តែមានជំនឿទុកចិត្តលើកម្ពុជា ព្រមទាំងផ្តល់ព័ត៌មាន ចំណេះដឹងកាន់តែទូលំទូលាយ បន្ថែមទៀតដល់សាធារណៈជន។
១៥- កិច្ចការសន្តិសុខនយោបាយ និងកិច្ចការសន្តិសុខសេដ្ឋកិច្ច តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ដៃគូអភិវឌ្ឍន៍ និងប្រទេសដៃគូក្នុងអាស៊ានដើម្បីរក្សាជំហរពហុភាគីនិយម និងតុល្យភាពនយោបាយផ្ទៃក្នុង និងនយោបាយការបរទេស ព្រមទាំងខិតខំដោះស្រាយបញ្ហានានាដែលអាចជះឥទ្ធិពលដល់ស្ថិរភាព នយោបាយ។
មុននឹងបញ្ចប់កិច្ចសំណេះសំណាលឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ទាំងនៅក្រសួង និងនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី តាមរាជធានី/ខេត្ត ដែលបំពេញការងារប្រកបដោយឆន្ទៈខ្ពស់ និងទទួលបានលទ្ធផលល្អ ហើយក៏បានលើកចិត្តឱ្យបន្តខិតតំបំពេញកិច្ចការឱ្យកាន់តែមានប្រសិទ្ធភាពដើម្បីបម្រើសេវា និងឧត្តមប្រយោជន៍ដល់ប្រជាជនទូទាំងប្រទេស ៕សរន