Views: 1
ដោយៈ មុនីរ័ត្ន/ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតិពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេ បញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកង រាជអាវុធហត្ថ លើផ្ទៃ ប្រទេស និងជាប្រធានក្រុមការងារបច្ចេកទេស ដើម្បីរៀបចំមាតុភូមិនិវត្តន៍អដ្ឋិធាតុ យុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ពីសាធារណរដ្ឋ សង្គមនិយមវៀតណាម លោក ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរង នគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិ ការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួត ពិនិត្យផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ពិធីសម្ពោធហាចេតិយតម្កល់អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្មអ៊ិច១៦ ស្ថិតក្នុងភូមិសាស្ត្រភូមិចង្គំ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលពិធីនេះនឹងត្រូវប្រព្រឹត្តិទៅនៅថ្ងៃទី០១-០២ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសាងសង់ចេតិយតម្កល់អដ្ឋិធាតុអតីតយុទ្ធជន ៤៩រូប ដែលបានពលីជីវិតនៅក្នុងប្រទេសវៀតណាមក្នុងសម័យប៉ុល ពត បន្ទាប់ពីរកសាច់ញាតិ និងក្រុមគ្រួសាររបស់ពួកគេមិនឃើញជាច្រើនឆ្នាំរួចមក។ ចេតិយតម្កល់អដ្ឋិធាតុនេះ ត្រូវបានសាងសង់ឡើងនៅក្នុងតំបន់ X-16 ក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនជាមួយប្រទេសវៀតណាម។
អដ្ឋិធាតុរបស់យុទ្ធជនកម្ពុជាទាំង៤៩រូបនេះ បានតម្កល់ទុកនៅលើទឹកដីខេត្តដុងណាយ ប្រទេសវៀតណាម រាប់សិបឆ្នាំមកហើយ ខណៈជាច្រើនឆ្នាំមកនេះរកសាច់ញាតិ និងក្រុមគ្រួសាររបស់ពួកគេមិនឃើញ។ ដូច្នេះ ដើម្បីតបស្នងសងគុណចំពោះយុទ្ធជនពលីទាំងនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចស្នើឱ្យធ្វើមាតុភូមិនិវត្តមកកម្ពុជាវិញនូវអដ្ឋិធាតុរបស់ពួកគេ ដោយតម្កល់នៅក្នុងតំបន់ X-16។
ការកំណត់ទីតាំងសាងសង់នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម ដោយសារទីតាំងប្រវត្តិសាស្ត្រនេះ គឺជាកន្លែងបញ្ចុះសពយុទ្ធជន កម្មាភិបាលពលី អតីតអង្គភាព១២៥ ចំនួន ៤៩នាក់ ដែលបានបូជាជីវិតក្នុងបុព្វហេតុរំដោះប្រទេសជាតិ និងអាយុជីវិតប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
អង្គភាព១២៥ គឺជាឈ្មោះ អង្គភាពដំបូងនៃកងកម្លាំងសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានបង្កើតឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ ជាចំណុចចាប់ផ្តើមដំបូងគេបង្អស់ នៃចលនាតស៊ូរបស់កម្ពុជា ចេញពីប្រទេសវៀតណាម ក្រោមការដឹកនាំដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន មុននឹងឈានដល់ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។ បន្ទាប់ពីការសាងសង់បានបញ្ចប់នាខែឧសភា ឆ្នាំ២០២៣ ក្រុមការងារអន្តរក្រសួង នឹងរៀបចំពិធីតម្កល់អដ្ឋិធាតុយុទ្ធជនទាំង ៤៩រូប អំឡុងបំណាច់ឆ្នាំ២០២៣ ក្នុងឱកាសខួបលើកទី៤៥ ទិវាចងចាំនៃដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត៕ srn / N




