Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ឧត្តមសេនីយ៍ឯក ស ថេត បដិសេសធថា ឈ្មោះ អិន សុវិជ្ជា មិនមែនជាជំនួយ ការរបស់លោកទេ និងកំពុងស្រាវជ្រាវ ចាត់ការតាមច្បាប់

Views: 1

ដោយៈ រស្មីកម្ពុជា / ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានបដិសេធថា ឈ្មោះ អ៊ិន សុវិជ្ជា មិនមែនជាជំនួយការរបស់លោកទេ ហើយបើឈ្មោះ អ៊ិន សុវិជ្ជា យកឈ្មោះលោកទៅធ្វើផ្តេសផ្តាស ឬធ្វើអ្វីខុស គឺលោកនឹងអនុវត្តតាមច្បាប់ ហើយលោកបានឲ្យជំនាញ ស្រាវជ្រាវ ដើម្បីចាត់ការតាមផ្លូវច្បាប់។

ការបដិសេធនេះ បានធ្វើឡើង បន្ទាប់ពីបែកធ្លាយព័ត៌មានថា “លោក អិន សុវិជ្ជា (ហៅកាត់មេជា ក្រុមជំនួយការ) មិនមែនជានគរបាលជាតិ តែគឺជាជនស៊ីវិល …. ប្រមូលលុយពីផែននិមួយៗ ដូចជា ផែនសណ្តាប់ធ្នាប់ ផែនការិយាល័យចរា ចរណ៍ និងផែនការិយាល័យព្រហ្មទណ្ឌ ។ល។ … លោកវិជ្ជា បានគំរាមមន្ត្រីណា ដែលហ៊ានតតាំងមិនព្រមធ្វើតាមបញ្ជា ឬបង់ខែតាមការកំណត់ គឺគាត់ដកតួនាទី មន្ត្រីនោះចោល”។

ព័ត៌មានដែលបែកធ្លាយនោះ ក៏បានបង្ហាញពីឈ្មោះមន្ត្រីមួយចំនួនផងងដែរ ដែលពាក់ព័ន្ធជាមួយនឹងឈ្មោះ អិន សុវិជ្ជា ក្នុងការប្រព្រឹត្តអំពើពុករលួយ។
លោកឧត្តមសេនីយ៍ឯក ស ថេត បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជា តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១ ខែមេសា នេះថា “ខ្ញុំបានណែនាំកាលពីម្សិលមិញ ហើយ (៣១ មីនា) ខ្ញុំបានព័ត៌មាននឹងមក ប៉ុន្តែខ្ញុំកំពុងតែឲ្យគេស្រាវជ្រាវសិន ជំនួយការខ្ញុំ មានតែប៉ុន្មាននាក់ទេ ពីរ បីនាក់ទេ ក្រៅពីនឹងខ្ញុំលុបចោលអស់ហើយ ប៉ុន្តែឈ្មោះ អិន សុវិជ្ជា មិនមែនទេ ។ បើវាយកឈ្មោះខ្ញុំយកទៅធ្វើចឹង ខ្ញុំឲ្យគេអនុវត្តតាម ច្បាប់ ខ្ញុំអត់មានគិតរឿង អ្នកណាមកពីណាទេ ។ ហើយបើទោះបីជាវា ជាជំនួយការ ពិត ក៏មិនអាចទៅធ្វើចឹង បានដែរ។ ខ្ញុំបានឲ្យគេស្រាវជ្រាវហើយ ចាត់ការតាមផ្លូវច្បាប់។

លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា , លោក ហេង ហ៊ុយ , លោក អ៊ិន សុវិជ្ជា រួមទាំងមន្ត្រីមួយចំនួនទៀត បានរង់ការចោទប្រកាន់ ក្នុងការប្រព្រឹត្តអំពើ ពុករលួយ។ ហើយក៏មានការស្នើឲ្យសម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យមើលករណីនេះផង។

ចំណែកលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ បានបញ្ជាក់ថាៈ “ជារឿងពិតមិន មានក្រុមមួយកំពុង ព្យាយាមបង្កើតរឿងបង្ខូចកិត្តិយស កំពុងស្រាវជ្រាវរកមុខក្រុមទាំងនេះ”។
ការបដិសេធនេះ បានធ្វើឡើងបន្ទាប់ពីមានការចែករំលែកព័ត៌មាន នៅក្នុងគ្រុប តេឡេក្រាមឈ្មោះ ក្រុមប្រឆាំងព័ត៌មានក្លែងក្លាយ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។

ចំណែកមន្ត្រីជាន់ខ្ពស់ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់រស្មីកម្ពុជាថាៈ ចំពោះព័ត៌មាននេះ បានបញ្ជូន ឲ្យខាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពិនិត្យស្រាវជ្រាវ ដើម្បីរាយការណ៍ មកក្រសួងមហាផ្ទៃវិញ៕ V / N

Post navigation