ប្រែសម្រួល : កញ្ញាដាលីស/អង់គ្លេស ៖ ក្រុមហ៊ុន AstraZeneca បាននិយាយនៅថ្ងៃចន្ទទី២៣វិច្ឆិកានេះថា ការសាកល្បងដំណាក់កាលចុងក្រោយបានបង្ហាញថា វ៉ាក់សាំងកូវីដ១៩របស់ខ្លួនជាមួយសាកលវិទ្យាល័យអក់ស្វតមានប្រសិទ្ធភាពរហូតដល់ ៩០ ភាគរយក្នុងការការពារជំងឺកូវីដ១៩។
លទ្ធផលគឺផ្អែកលើការវិភាគបណ្តោះអាសន្ននៃការសាកល្បងនៅសហរដ្ឋអាម៉េរិកនិងប្រេស៊ីលនូវវ៉ាក់សាំងដែលបង្កើតឡើងដោយសាកលវិទ្យាល័យអក់ស្វតនិងផលិតដោយក្រុមហ៊ុន AstraZeneca ។ ក្រុមហ៊ុន AstraZeneca និយាយថាមិនមានការដេកពេទ្យឬករណីកូវីដ១៩ធ្ងន់ធ្ងរចំពោះអ្នកដែលបានទទួលវ៉ាក់សាំងនោះទេ។
ការសាកល្បងព្យាបាលនេះគឺពិនិត្យមើលទៅលើរបបដូសពីរផ្សេងគ្នា។ ដូសពាក់កណ្តាលនៃវ៉ាក់សាំងបន្ទាប់មកគឺដូសពេញលេញយ៉ាងតិចមួយខែដាច់ពីគ្នា មានប្រសិទ្ធភាព ៩០ ភាគរយ។ របបដូសទី២ គឺប្រើដូសពេញលេញ ២ ដងក្នុងរយៈពេលមួយខែ មានប្រសិទ្ធភាព ៦២ ភាគរយ។ លទ្ធផលរួមបញ្ចូលគ្នាបង្ហាញអត្រាប្រសិទ្ធភាពជាមធ្យម ៧០ ភាគរយ។
លោកសាស្ត្រាចារ្យ អេនឌ្រូ ផូលឡាដ ប្រធានអ្នកស៊ើបអង្កេតសម្រាប់ការសាកល្បងព្យាបាលនេះ និយាយថា”ការរកឃើញទាំងនេះបង្ហាញថាយើងមានវ៉ាក់សាំងមានប្រសិទ្ធិភាពដែលអាចជួយសង្គ្រោះជីវិតមនុស្សជាច្រើន។ គួរឱ្យរំភើប យើងបានរកឃើញថា របបដូសមួយក្នុងចំណោមដូសទាំងពីររបស់យើង មានប្រសិទ្ធភាពប្រហែល ៩០ ភាគរយ”៕
វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca សហការផលិតជាមួយសាកលវិទ្យាល័យអក់ស្វតមានប្រសិទ្ធភាព ៩០ ភាគរយ