Cambodia

វ៉ាក់សំាង COVID-19 របស់ចិន អាចនឹងក្លាយជាវ៉ាក់សាំងដំបូងគេបំផុត ដែលនឹងត្រូវបានទទួលស្គាល់ជាអន្តរជាតិ

វ៉ាក់សំាង COVID-19 របស់ចិន អាចនឹងក្លាយជាវ៉ាក់សាំងដំបូងគេបំផុត ដែលនឹងត្រូវបានទទួលស្គាល់ជាអន្តរជាតិ

(ហុងកុង)៖ ក្ដីសង្ឃឹមបានកើនឡើងកាន់តែខ្លាំងថាវ៉ាក់សំាង COVID-19 របស់ចិន អាចនឹងក្លាយជាវ៉ាក់សាំងដំបូងគេបំផុត ដែលនឹងត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ ប៉ុន្តែ ព្រមពេលជាមួយគ្នា ក្រុមអ្នកជំនាញនៅតែយល់ថាចិននៅមានឧបសគ្គជាច្រើនត្រូវហែលឆ្លង មុននឹងក្លាយជាតួឯកដ៏សំខាន់ នៅក្នុងទីផ្សារសកល បើទោះជាផលិតបាន វ៉ាក់សាំង COVID-19 ដោយជោគជ័យក៏ដោយ។

បច្ចុប្បន្ន ចិនមានវ៉ាក់សាំង COVID-19 ចំនួន៣ កំពុងឈានមុខគេនៅក្នុងការធ្វើតេស្ដលើមនុស្សក្នុងដំណាក់កាលទី៣។ វ៉ាក់សាំងទាំងនេះអភិវឌ្ឍឡើងដោយក្រុមហ៊ុនរដ្ឋចិន ទាំងពីរគឺ Sinovac និង Sinopharm ដែលកំពុងមានជំនឿចិត្តថាអាចនឹងទិន្នន័យបឋមពីការធ្វើតេស្ដដំណាក់ចុងក្រោយ នៅត្រឹមចុងឆ្នាំ២០២០នេះ។ ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារសប្ដាហ៍មុន លោក Wang Tao ជាប្រធានក្រុមមន្ត្រីត្រួតពិនិត្យនៃរដ្ឋបាលផលិតផលវេជ្ជសាស្ត្រជាតិចិន (National Medical Products Administration) បាននិយាយថានិតិវិធីទទួលស្គាល់ នឹងត្រូវផ្ដល់ឱ្យ នៅពេលមានទិន្នន័យគ្រប់គ្រាន់បង្ហាញថាវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនទាំង២ ពិតជាមានសុវត្ថិភាព និងប្រសិទ្ធភាព ដោយបំពេញបានគ្រប់លក្ខខណ្ឌស្ដង់ដារ។

មកទល់នឹងពេលនេះ គេមិនទាន់ដឹងឱ្យប្រាកដ ថាតើវ៉ាក់សាំងចិនមានប្រសិទ្ធភាពដល់កម្រិតណានោះទេ។ ក៏ប៉ុន្តែ មុននឹងមានទិន្នន័យបឋមពីការធ្វើតេស្ដដំណាក់កាល ចុងក្រោយ ចិនត្រូវបានគេរាយការណ៍ថាបានផ្ដល់ការចាក់វ៉ាក់សាំង ដល់មនុស្សរាប់ពាន់នាក់រួចទៅហើយ នៅក្រោម «គោលការណ៍ប្រើប្រាស់បន្ទាន់»។ ផ្ទុយពីចិន រដ្ឋបាល ចំណី អាហារ និងឱសថអាមេរិក (FDA) បានរឹតបន្តឹងការអនុញ្ញាតការចាក់វ៉ាក់សាំងក្រោម «គោលការណ៍» បែបនេះដើម្បីធានាឱ្យបានថាវ៉ាក់សាំងត្រូវបានធ្វើតេស្ដដោយ មិនលេងផ្លូវកាត់ ទោះបីជាលោក ដូណាល់ ត្រាំ ទទូចចង់បានវ៉ាក់សាំង មុនការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខនេះ ក៏ដោយ។

នៅក្រោមការរឹតបន្តឹងនេះ ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer បានឱ្យដឹងថាទិន្នន័យបឋមពីការធ្វើតេស្ដដំណាក់កាលចុងក្រោយ អាចនឹងត្រូវពន្យារពេលរហូតដល់សប្ដាហ៍ទី៣ នៃខែវិច្ឆិកា ខណៈក្រុមហ៊ុន Moderna ក៏បានបញ្ជាក់ដែរថាទំនងជារហូតដល់ខែធ្នូ ទើបខ្លួនទទួលបានទិន្នន័យពីការធ្វើតេស្ដ។ ចំណែកឯ វ៉ាក់សាំងដទៃទៀត របស់សាកលវិទ្យាល័យអង់គ្លេស Oxford សហការជាមួយក្រុមហ៊ុន AstraZeneca និងក្រុមហ៊ុន Johnson and Johnson ក៏ប្រហែលជានឹងមិនអាចទទួលបានទិន្នន័យបឋម នៅដើមខែវិច្ឆិកានោះដែរ ដោយសារតែពួកគេទើបតែចាប់ផ្ដើមការធ្វើតេស្ដឡើងវិញ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រោយត្រូវបានផ្អាក ដោយសាររកឃើញថាអ្នកចូលរួមខ្លះក្នុង ការធ្វើតេស្ដធ្លាក់ខ្លួនឈឺ។

ដូច្នេះផ្អែកលើស្ថានភាពបច្ចុប្បន្ន វ៉ាក់សាំងរបស់ចិន ប្រហែលជាអាចនឹងមានផ្លូវចេញទៅកាន់ទីផ្សារបររទេស មុននឹងពួកវាត្រូវបានការទទួលស្គាល់នៅក្នុងប្រទេសចិន តាមរយៈ «គោលការណ៍ប្រើប្រាស់បន្ទាន់» របស់បណ្ដាប្រទេសដទៃ ស្របពេលវ៉ាក់សាំងមួយរបស់ក្រុមហ៊ុនចិន Sinopharm ទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ដំបូងបំផុតនៅក្រៅ ប្រទេស ក្រោមគោលការណ៍ប្រើប្រាស់បន្ទាន់ ពីប្រទេសអេមីរ៉ាតអារ៉ាប់រួម។ ចំណែកឯ ឥណ្ឌូណេស៊ីវិញ មានគម្រោងទិញវ៉ាក់សាំង១៨លានដូសពីចិន ហើយអាចនឹងផ្ដល់ គោលការណ៍ប្រើប្រាស់បន្ទាន់លើវ៉ាក់សាំងចិន នៅខែវិច្ឆិកាខាងមុខ។

អង្គការសុខភាពពិភពលោក WHO បច្ចុប្បន្ន កំពុងពិភាក្សាជាមួយអាជ្ញាធរចិន ជុំវិញលក្ខខណ្ឌទទួលបានការអនុម័ត និងទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ប៉ុន្តែ ក្រុមអ្នកជំនាញថា WHO គួរតែរង់ចាំមើលលទ្ធផលពីប្រសិទ្ធភាព និងសុវត្ថិភាពពីការធ្វើតេស្ដវ៉ាក់សាំងលើមនុស្សក្នុងដំណាក់ការទី៣ជាមុនសិន។

* អ្នកកែប្រែស្ថានការណ៍

ការឆ្លងរាតត្បាត COVID-19 អាចប្រៀបដូចជា «អ្នកកែប្រែស្ថានការណ៍» សម្រាប់ឧស្សាហកម្មផលិតវ៉ាក់សាំងចិន ដែលផ្តោតជាយូរណាស់មកហើយ លើតែទីផ្សារក្នុងស្រុក បើទោះជាខ្លួនស្ថិតនៅក្នុងចំណោមប្រទេសផ្គត់ផ្គង់វ៉ាក់សាំងធំៗនៅលើពិភពលោក ដោយផលិតបានវ៉ាក់សាំង៧០០លានដូសក្នុងមួយឆ្នាំ ឬស្មើនឹងជាង២០ភាគរយនៃ ការផលិតវ៉ាក់សាំងពិភពលោក។

បើតាមលោកស្រី Jennifer Huang Bouey ជាអ្នកស្រាវជ្រាវគោលនយោបាយម្នាក់មកពីវិទ្យាស្ថាន Rand Corporation ក្រុមហ៊ុនវ៉ាក់សាំងចិនពី៥,៣០០ ដល់៧,០០០ ក្រុមហ៊ុន សុទ្ធតែជាក្រុមហ៊ុនតូចៗ និងមានទីផ្សារផុយស្រួយ ដោយពឹងផ្អែកលើកិច្ចសន្យាជាមួយរដ្ឋាភិបាលចិន ដើម្បីផ្គត់ផ្គង់វ៉ាក់សាំងក្នុងតម្លៃថោក។ លោកស្រីបន្ថែមថាមាន ក្រុមហ៊ុនវ៉ាក់សាំងចិន តែ៤គត់ដែលឆ្លងកាត់និតិវិធីវាយតម្លៃពីអង្គការសុខភាពពិភពលោក ហើយវ៉ាក់សាំងរបស់ពួកគេត្រូវបានចុះបញ្ជីបញ្ជាទិញរបស់ UN។ ទាំងនេះគឺ
ដោយសារតែក្រុមហ៊ុនចិន មិនត្រូវបានលើកទឹកចិត្តឱ្យចូលទីផ្សារពិភពលោក ហើយជាទូទៅពួកគេនៅតែគិតថាវ៉ាក់សាំង មិនមែនជាផលិតផលរកបានផលចំណេញខ្ពស់។

ក៏ប៉ុន្តែ ក្រោយផ្ទុះការឆ្លង COVID-19 វាប្រហែលជាអ្នកកែប្រែស្ថានការណ៍នេះ ដោយជំរុញឱ្យចិនកាន់តែប្រឹងប្រែងអភិវឌ្ឍវ៉ាក់សាំង ដោយលែងផ្ដោតតែទៅលើទីផ្សារក្នុងស្រុក ហើយងាកទៅរកទីផ្សារពិភពលោក។ ជាក់ស្ដែង រដ្ឋាភិបាលចិន បានប្រកាសថានឹងផ្គត់ផ្គង់វ៉ាក់សាំង COVID-19 ដល់បណ្ដាប្រទេសជាច្រើន បន្ទាប់ពីលោកប្រធានាធិបតី ស៊ី ជិនពីង សន្យាកាលពីខែមីនាថា នឹងធ្វើឱ្យវ៉ាក់សាំងចិនក្លាយជា «ផលិតផលសារធារណៈសកល»។ ម្យ៉ាងវិញទៀត ក្រោយស្ទាក់ស្ទើររាប់អស់ខែ ចិនថែមទាំងយល់ព្រមចូលរួម ក្នុងគំនិតផ្ដួចផ្ដើម Covax គាំទ្រអង្គការសុខភាពពិភពលោកទៀតផង ខណៈសហរដ្ឋអាមេរិក នៅតែមិនទាន់យល់ព្រមចូលរួមឡើយ។

ការសម្រេចចិត្តបែបនេះ ត្រូវបានក្រុមអ្នកជំនាញមើលឃើញថាជាចេតនារបស់ចិន ក្នុងការបង្កើនទំនុកចិត្តពីអន្តរជាតិ ដើម្បីអាចវាយលុកចូលទីផ្សារពិភពលោក រយៈពេលវែង។ មិនតែប៉ុណ្ណោះ ចិនក៏ចង់ប្រើប្រាស់ការចូលរួមនេះ លុបបំបាត់ចោលនូវពាក្យរិះគន់ដែលថាវ៉ាក់សាំងរបស់ខ្លួនគ្មានប្រសិទ្ធភាព និងសុវត្ថិភាពផងដែរ ហើយ បើអាចធ្វើបែបនេះបានមែន នោះវានឹងជួយឱ្យចិនផ្សព្វផ្សាយ និងលក់វ៉ាក់សាំងរបស់ខ្លួនជាលក្ខណៈអន្តរជាតិ។

* ឧបសគ្គ

ទោះបីជាអាចផលិតវ៉ាក់សាំងបានជោគជ័យ តែចិននៅតែត្រូវប្រឈមមុខនឹងឧបសគ្គជាច្រើន មុននឹងចង់ក្លាយជាប្រទេសនាំមុខគេខាងវ៉ាក់សាំង។ បច្ចុប្បន្ន អាមេរិក និងអឺរ៉ុប គឺជាអ្នកផ្គត់ផ្គង់វ៉ាក់សាំងធំបំផុត នៅក្នុងចំណោមបណ្ដាប្រទេសលោកខាងលិច ខណៈឥណ្ឌាគឺជាអ្នកផ្គត់ផ្គង់ធំបំផុតទៅកាន់តំបន់អាស៊ីអាគ្នេយ៍, អាហ្វ្រិក និងបណ្ដាប្រទេស ក្នុងតំបន់មជ្ឈិមបូព៌ា។ ក្រៅពីប្រកួតប្រជែងនឹងបណ្ដាប្រទេសទាំងនេះ ចិននៅត្រូវទទួលរងសម្ពាធ នោះគឺត្រូវបានបំពេញតម្រូវការទីផ្សារក្នុងស្រុក ដែលមានប្រជាជន ជិត១.៤ពាន់លាននាក់ជាមុនសិន មុននឹងផ្គត់ផ្គង់វ៉ាក់សាំងទៅកាន់ក្រៅប្រទេស។

លោក Zheng Zhongwei ជាមន្ត្រីម្នាក់នៃគណៈកម្មាការជាតិសុខាភិបាលចិន បានឱ្យដឹងថា សមត្ថភាពរបស់ចិនត្រូវបានបង្កើន ដើម្បីផលិតវ៉ាក់សាំងឱ្យបាន ៦១០លានដូស នៅចុងឆ្នាំ២០២០នេះ។ រដ្ឋាភិបាលចិនកាលពីចុងខែកញ្ញាកន្លងទៅ ក៏ធ្លាប់ប្រកាសដែរថានឹងបង្កើនសមត្ថភាពផលិតរបស់ខ្លួនឱ្យបាន១ពាន់លានដូស នៅឆ្នាំ២០២១។ ដូច្នេះ ដើម្បីបំពេញតម្រូវការទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ ចិនមិនអាចពឹងផ្អែកតែទៅលើរោងចក្រផលិតនៅក្នុងស្រុកឡើយ តែចិនក៏ត្រូវផ្ទេរបច្ចេកវិទ្យា និងសហការជាមួយ ប្រទេសដទៃ ក្នុងការបង្កើនសមត្ថភាពផលិតវ៉ាក់សាំង។

ក្រៅពីនេះ ចិននឹងត្រូវប្រឈមមុខនឹងឧបសគ្គដ៏ធំមួយទៀត នោះគឺឧបសគ្គនយោបាយ។ មានន័យថា ទោះបីជាផលិតបានជោគជ័យក៏ដោយ តែវ៉ាក់សាំងរបស់ចិន ទំនងជា ពិបាក ឬក៏មិនអាចដាក់លក់នៅតាមបណ្ដាប្រទេសអភិវឌ្ឍ ដូចជាសហរដ្ឋអាមេរិក ជប៉ុន រួមទាំងប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយចំនួននោះទេ ខណៈប្រទេសទាំងនេះ សុទ្ធតែកំពុងរកមធ្យបាយទប់ស្កាត់ឥទ្ធិពលចិន និងមានជំហរតឹងរឹងចំពោះលក្ខខណ្ឌទទួលស្គាល់វ៉ាក់សាំងចិន ដោយសារពួកគេនៅតែសង្ស័យពីសុវត្ថិភាព និងប្រសិទ្ធភាព វ៉ាក់សាំងចិន ព្រមទាំងការដោះស្រាយការផ្ទុះឡើងវីរុសកូរ៉ណា បង្កជំងឺ COVID-19 របស់អាជ្ញាធរចិន តាំងតែពីដំបូង។

គួរបញ្ជាក់ថា ចិនធ្លាប់បានអះអាងជាច្រើនលើកថាវ៉ាក់សាំងរបស់ខ្លួន ដែលកំពុងស្ថិតនៅក្រោមការធ្វើតេស្ដ ពិតជាមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ដែលនឹងបំពេញតាម លក្ខខណ្ឌក្រោមការទទួលស្គាល់ពី WHO។ ក៏ប៉ុន្តែ លោក Michael Kinch ជានាយកមជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវឱសថ និងជីវបច្ចេកវិទ្យា នៃសាកលវិទ្យាល័យ Washington University បានអះអាងថាការទទួលបានការអនុម័តពី WHO តែមួយគត់ គឺវាមិនទាន់គ្រប់គ្រាន់ឡើយ ដោយប្រទេសជាច្រើននឹងមិនទទួលស្គាល់វ៉ាក់សាំងចិន នោះទេ បើសិនជាបញ្ហាតម្លាភាពមិនត្រូវបានដោះស្រាយ៕ ផ្តល់សិទ្ធដោយ៖ Freshnews

Football news:

Jose Mourinho: I'm 57, very young. I will train for another 10-15 years
Davis is named the best player in Canada in 2020
Iker Casillas: Zidane is great. He has earned the right to coach Real Madrid
Gattuso on Napoli: Almost lost to AZ, although they could have reached the playoffs
Mikel Arteta: Arsenal in the Premier League are not as formidable in attack as in the Europa League
Roma have 4 wins in 5 rounds of the Eurocup season for the first time
Soboslai could move to Leipzig in the winter if Salzburg fail to qualify for the Champions League play-offs. The midfielder is also of Interest to Bayern