Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

វេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ បង្កើតឱកាសទីផ្សារ​សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងអ្នកផលិតក្នុងស្រុក

Views: 26

ដោយៈសុផល /បន្ទាយមានជ័យ ៖គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ សហគ្រិនខ្មែរ និងអង្គការអុកស្វាមក្រោមកិច្ចសហការ​ជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យនិងផ្សារទំនើបប៊ីកស៊ីបានរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញនិងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោង «ការទទួលបានទីផ្សារ សម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (ភូមិ១ផលិតផល១)» ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ នៅផ្សារទំនើបប៊ីកស៊ី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ។

ជាមួយនឹងគោលដៅរួមគ្នាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកប្រកបដោយបរិយាប័ន្ន និងនិរន្តរភាពគម្រោងនេះមានបំណងបង្កើតឱកាសទីផ្សារ​សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងអ្នកផលិតក្នុងស្រុក ដើម្បីជួបអ្នកទិញសក្តានុពលនិងចូលរួមក្នុងការពិភាក្សាប្រកបដោយ​ផ្លែផ្កា លើលក្ខខណ្ឌផ្គត់ផ្គង់និងតម្រូវការផ្សេងៗ។ លើសពីនេះ ពួកគេមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយតួអង្គផ្សេងៗដូចជាអាជ្ញាធរមូលដ្ឋាន ​ស្ថាប័នពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ និងក្រុមយុវជន ដែលអាចផ្តល់ការគាំទ្រជាបច្ចេកទេសនិងធនធានក្នុងការអភិវឌ្ឍ​អាជីវកម្មរបស់ពួកគេ។វេទិកានេះក៏រួមបញ្ចូលការតាំងផលិតផលដែលចូលរួមចំណែកក្នុងការផ្សព្វផ្សាយផលិតផលក្នុងស្រុទៅកាន់ទីផ្សារឱ្យកាន់​តែទូលាយផងដែរ។

លោកបណ្ឌិត សួង ណយ អគ្គលេខាធិការរង គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា៖ «គណៈកម្មាធិការជាតិ និងគណៈកម្មាធិការខេត្ត-រាជធានីជំរុញចលនាភូមិមួយផលិតផលមួយ មានសេចក្តីរំភើបរីករាយក្នុង​ការដឹកនាំគំនិតផ្តួចផ្តើមអោយមានជំនួបរវាងអ្នកផលិត និងអ្នកទិញ ដ៏មានសារៈសំខាន់នេះដែលមានបំណងកាត់បន្ថយគម្លាតរវាង​អ្នកផលិតក្នុងស្រុក និងអ្នកទិញសក្តានុពល ប្រកបដោយប្រសិទ្ធភាព និងសុចរិតភាព។ តាមរយៈការបង្កើតយន្តការតភ្ជាប់បណ្តាញប្រទាក់ក្រឡាគ្នាប្រកបដោយអត្ថន័យ ពីអ្នកផ្គត់ផ្គង់វត្ថុធាតុដើម អ្នកកែច្នៃវេចខ្ចប់អ្នកប្រមូលផ្ដុំ​ផលិតផល (ពីកសិដ្ឋានរហូតដល់តុបាយ ពីសិប្បកររហូតដល់អ្នកប្រើប្រាស់)ហើយពួកគាត់អាចសិក្សាស្វែងយល់ដកស្រង​បទពិសោធន៍​ពីគ្នាទៅវិញទៅមក ណែនាំអ្នកផលិតទៅកាន់ទីផ្សារ ដោះស្រាយបញ្ហាជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការសុំចុះបញ្ជីរ ឬច្បាប់គតិយុត្តផ្សេងៗ និងជំរុញឱកាសពាណិជ្ជកម្ម យើងមានទំនុកចិត្តថាព្រឹត្តិការណ៍ថ្ងៃនេះនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃខេត្តបន្ទាយមានជ័យ និងប្រទេសកម្ពុជាទាំងមូល និងបង្កើនកម្រិតជីវភាពរបស់សហគមន៍មូលដ្ឋានផងដែរ»។

បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា សន្ទុះនៃការគាំទ្រនិងការយល់ដឹងពីផលិតផលក្នុងស្រុក​បច្ចុប្បន្ន មានការរីកចម្រើនគួរអោយកត់សំគាល់ ប៉ុន្តែគួរមានការផ្សព្វផ្សាយ និងស្វែងរកទីផ្សារបន្ថែម។ ហេតុដូចនេះហើយសហគ្រិនខ្មែរ​មានសេចក្តីសោមន្សរីករាយ ក្នុងការសហការជាមួយគណៈកម្មាធិការជាតិចលនាភូមិមួយផលិតផលមួយក្នុងការបង្កើតវេទិកាផ្គូផ្គងរវាង​អ្នកផលិតក្នុងស្រុក និងអ្នកទិញ ដើម្បីបង្កើនការលក់ ក៏ដូច ជាផ្សព្វផ្សាយផលិតផលក្នុងស្រុកដែលស្របទៅនឹងគោលការណ៍របស​សហគ្រិន​ខ្មែរ ដើម្បីពង្រីកបន្ថែមនូវទីផ្សារសម្រាប់ផលិតករកម្ពុជាអោយកាន់តែរីកសុះសាយទាំងទីផ្សារក្នុងស្រុកក៏ដូចជាអន្តរជាតិ។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមបានមានប្រសាសន៍ថា៖ «អង្គការអុកស្វាម មានមោទកភាពក្នុងការសហការជាមួយដៃគូ​រាជរដ្ឋាភិបាលទាំងពីរស្ថាប័ន ក្នុងការគាំទ្រឱ្យមានវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញក្នុងស្រុក។ កិច្ចសហប្រតិបត្តិការនេះបញ្ជាក់ពី​ការប្តេជ្ញាចិត្តរបស់អង្គការអុកស្វាមក្នុងការបង្កើនឱកាសដល់អ្នកផលិតក្នុងស្រុកនិងសហគ្រាសធុនមីក្រូ តូចនិងមធ្យមនៅកម្ពុជា​ក្នុងការទទួល​បានទីផ្សារ បង្កើនប្រាក់ចំណូល និងរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ស្របពេលដែលកំណើននេះនឹងជួយរួមចំណែកក្នុងការ​កាត់បន្ថយភាពក្រីក្រនៅប្រទេសកម្ពុជា។ យើងជឿជាក់យ៉ាងមុតមាំថាការធ្វើការរួមគ្នានឹងអនុញ្ញាតិឱ្យពួកយើងបង្កើតបាននូវវេទិកាមួយ​ដ៏ជោគជ័យ និងមាននិរន្តរភាព ក្នុងការសម្របសម្រួលលទ្ធភាពទទួលបានទីផ្សារសម្រាប់អ្នកផលិតនិងសហគ្រាសនៅកម្ពុជាប្រកបទៅយ៉ាង​រលូន»។

វេទិកា និងការតាំងបង្ហាញផលិតផលនៅខេត្តបន្ទាយមានជ័យនាឱកាសនេះ មានអ្នកចូលរួមដោយផ្ទាល់ប្រមាណ ២០០ នាក់រួមមានថ្នាក់​ដឹកនាំ និងតំណាងមកពីមន្ទីរពាក់ព័ន្ធ សមាគមធុរកិច្ច សហគ្រាសខ្នាតតូច និងមធ្យម សហករណ៍កសិកម្ម ស្ថាប័នហិរញ្ញវត្ថុអង្គការសង្គម​ស៊ីវិល និងក្រុមយុវជន។ គម្រោងដ៏មានសារៈសំខាន់នេះ ត្រូវបានផ្តួចផ្តើមឡើងដោយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផល​មួយ និងអង្គការអុកស្វាម តាំងពីឆ្នាំ២០២២។ នាឆ្នាំ២០២៣នេះពួកយើងមានសេចក្តីសោមនស្សរីករាយដែលគម្រោងនេះទទួលបានដៃគូ​សហការថ្មី គឺសហគ្រិនខ្មែរ ដើម្បីសហការគាំទ្រ និងពង្រឹងលទ្ធភាពទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុកនិងពង្រីកការគាំទ្រនេះ​ទៅកាន់បណ្តាខេត្ត-ក្រុងផ្សេងៗទៀត។ ឆ្នាំនេះពួកយើងមានគម្រោងរៀបចំវេទិកានេះនៅ១៥ខេត្ត-ក្រុង រួមមាន៖ សៀមរាប កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ កំពង់ចាម ឧត្តរមានជ័យ កណ្តាល កំពត កោះកុង ពោធិ៍សាត់ កំពង់ធំ ត្បូងឃ្មុំ ស្ទឹងត្រែង កំពង់ស្ពឺ និងស្វាយរៀង៕/r

Post navigation