Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

វិភាគ៖ តើ​ម្ចាស់ឆ្នោត​គួរ​មាន​មូលដ្ឋាន​អ្វីខ្លះ ដើម្បី​ជ្រើសរើស​បាន​មេដឹកនាំ​ល្អ​នៅ​ពេលខាងមុខ?

​​ក្រោយ​ពី​​​ប្រព័​ន្ធបោះឆ្នោត​នៅក​ម្ពុ​ជាបង្កើត​បានក្បាល​ម៉ា​ស៊ីន​ដឹ​កនាំ​រដ្ឋបែ​ប​ឯកប​ក្ស​​​ជិ​ត៥​ឆ្នាំ​ម​ក​នេះ ​បា​​​ន​លេ​​​ចចេញ​នូវរោគសញ្ញា២ផ្ទុយគ្នា ​នោះគឺកា​រ​ប្រកា​សពី​ផែ​នកា​របន្ត​វេន​របស់​ក្រុមអ្នកនយោបាយ​ឈ្នះឆ្នោ​ត ​និ​​ង​ប​ទឧក្រិដ្ឋជួញ​ដូ​រ​ម​នុស្សឆ្លង​ដែន ប្រ​ទា​ក់​ក្រឡាគ្នាលើទឹកដីកម្ពុជាដែលមិនធ្លាប់មាន។

​ជ្រុ​ងមួយ​នៃ​បញ្ហា​នេះ​ សហ​រ​ដ្ឋអា​មេរិកបា​នទម្លា​ក់ចំណា​ត់ថ្នាក់កម្ពុជា​ទៅ​ក្នុ​ងបញ្ជី​ខ្មៅនៃអំពើ​ជួញ​ដូរ​មនុ​ស្ស​ ​​​​​​​​​​កា​លពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ខណៈ​កម្ពុជាមិនទា​ន់រើខ្លួ​នរួ​ច​ពីបញ្ជី​ប្រផេះលាងលុ​យកខ្វក់ ៤ឆ្នាំម​ក​នេះ ​​​​​​​​​​​​​ក្រោ​មកា​រ​ឃ្លាំមើ​លរ​បស់ក្រុមការ​ងារហិរញ្ញវត្ថុអន្តរជា​តិ​។

​បញ្ហាទាំង​​នេះ​ជំរុ​ញឱ្យមានការព្រួយបារ​ម្ភពីហា​និ​ភ័យ​សង្គម ក្នុងនោះ​មាន​ទាំង​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង។

ក្នុងពិធីមួយកាលពីពេលថ្មីៗនេះ​ លោក ស ខេង បានថ្លែងថា៖ «បញ្ហានេះជាបញ្ហាប្រឈមរបស់យើង មាន២ចំណុច​ ដែលខ្ញុំចង់បញ្ជាក់ថាទាក់​ទ​​​ង​​​​នឹ​ងមុខមាត់ប្រទេស គឺទី១ ទាក់​ទងនឹងបញ្ជីប្រផេះនៃធនាគារនៅកម្ពុជា និ​​ងទី២ គេហៅថាចំណាត់ថ្នា​​ក់​​លេ​​ខ៣ នៃការជួញដូរមនុសុ្ស»។

ក្រៅពីជំងឺថ្មី ជំងឺចាស់ក៏នៅបន្តកើតមានក្នុងអាណត្តិរដ្ឋាភិបាលឯកបក្សនេះ តួយ៉ាងដូចជា បញ្ហាចំណាកស្រុ​​​ករបស់ប្រជាពលរដ្ឋក្រីក្រទៅរកការងារធ្វើនៅប្រ​ទេ​ស​ជិតខាងទាំងប្រថុយនឹងគ្រោះថ្នាក់ ការបាត់បង់ដីធ្លីនិង​​ផ្ទះ​សម្បែងក្រោមរូបភាពអភិវឌ្ឍន៍ វិវាទ​ការងារ អយុ​ត្តិធម៌សង្គម ការប្រើប្រព័ន្ធតុលាការ​យាយីក្រុមអ្នកនយោបាយជំទាស់ ដែល​ធ្វើឱ្យមនុស្សរាប់សិប​នាក់​នៅបន្ត​ជាប់​ក្នុងពន្ធនាគារ ជា​ពិសេសអ្នកនយោបាយដែល​មាន​សក្ដានុ​ពល ក្នុ​ងការឡើងមកប្រកួតប្រ​ជែ​​ងអំណាចតាមរយៈសន្លឹកឆ្នោត។

បន្ថែមពីនេះ វិធានការ​នានាពីប្លុកលោកសេរី មានការកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះ​ពន្ធ​២០ភាគរយមុន​កា​​​ល​កំណត់ វិធាន​ការ​បិទ​ទិដ្ឋាការ​មន្ត្រីជាន់ខ្ពស់មួយចំនួនរបស់កម្ពុជា រួមទាំងការបង្កើតច្បាប់ដើម្បីដាក់ទ​ណ្ឌ​កម្ម​ជាលក្ខណៈបុគ្គល ដែលជាការត្រៀមឆ្លើយតបទៅនឹងអ្នករួមគំនិតធ្វើឱ្យស្ថានភាពសិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាធ្លាក់ចុះ ជាដើម។

តែយ៉ាងណា ប្រព័ន្ធដឹកនាំរដ្ឋ​បែបឯកបក្សជាអំណោយផលដល់យន្តការ​បន្តវេនតជំនាន់​របស់​ក្រុម​អ្នក​ន​​យោ​​​បាយដែលឈរលំដាប់លេខ១​លើទីលានប្រកួតការបោះឆ្នោត ក្រោយ​ពី​គណបក្សប្រឆាំងធំមួយត្រូវបាន​តុលាការបន្តបិទខ្ទប់ពីឆាកនយោបាយរហូត​បច្ចុប្បន្ន។

បំណងប្រាថ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទម្លាយជាសាធារណៈលើកដំបូងពីខេត្តព្រះសីហនុ​ កាលពី​អំឡុងខែធ្នូ ឆ្នាំ២០២១។

លោកថា៖ «ហ៊ុន ម៉ាណែត មួយជាបេក្ខភាពនាយករដ្ឋមន្ត្រី មិនមែនមានតែម្នាក់ទេ ប៉ុន្តែបានទទួលការគាំទ្រពីឪវា​ពេញ​លេញ គឺ ហ៊ុន សែន! មើល​ហ្អែងធ្វើអីអញ! ហ៊ុន សែន វាមានថ្ងៃងាប់ ថ្ងៃចាស់ ចុះបើមានកូន ម៉េចមិនឱ្យវាធ្វើបន្តទៅ!»

មួយវិញទៀត រដ្ឋាភិបាលឯកបក្សដែលកើតចេញពីការបោះឆ្នោតជាតិឆ្នាំ២០១៨ ត្រូវបានគណៈ​​​​ក​​ម្មាធិកា​រ​​ជាតិរៀបចំការបោះឆ្នោត ប្រកាសថា ទទួល​បាន​សំឡេង​ឆ្នោតគាំទ្រជាង៧៧ភាគរយ នៃចំ​នួ​ន​​​​​អ្នកចុះឈ្មោះបោះឆ្នោតសរុបជាង៩លាននាក់។

ជ័យជម្នះមិនធ្លាប់មាននេះបានកើតឡើងក្រោយពីគណប​ក្សប្រឆាំងធំមួយដែល​មានអ្នកគាំទ្រជាង៤៣ភាគរយ ​​​​ប្រហាក់ប្រហែលបក្សកាន់អំណាចដែរនោះ ត្រូវបានតុលាការកំពូលរំលាយ​​​ចេញ​ពី​ទីលានប្រកួត​​ការបោះឆ្នោត អំឡុងចុងឆ្នាំ២០១៧។

ទាំង​ជំងឺចាស់ និងបទឧក្រិដ្ឋថ្មី កំពុងកើតមាននៅ​លើទឹកដីកម្ពុជា ជាការឆ្លុះបញ្ចាំង​ពីទំនួលខុសត្រូវ​រប​ស់រដ្ឋាភិបាលឯកបក្សដែលកើតចេញពីការបោះឆ្នោត។

បញ្ហាទាំងនេះបង្កើតជាចម្ងល់ថា តើម្ចាស់ឆ្នោតគួរមានមូលដ្ឋានអ្វីខ្លះ ដើម្បីជ្រើសរើសមេដឹកនាំបានល្អ?

អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា លើកឡើងថា ក្នុងសង្គមប្រជាធិបតេយ្យ ប្រ​​​ជាពលរដ្ឋជាតួអង្គមួយសំខាន់ក្នុងការកំណត់ជោគវាសនា​របស់ប្រទេសជាតិ។ លោកបន្ត​​​ថា ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យក៏​ត្រូវ​ការ​ប្រជាពលរដ្ឋ​ដែល​មានចំណេះដឹង​ ស្គាល់​ពីតួនាទី​និងករណីកិច្ចរបស់ខ្លួនក្នុ​ង​​​នាមជាម្ចាស់ប្រទេស ហើយចេះប្រើប្រាស់សិទ្ធិនេះដើម្បីដាក់សម្ពាធឱ្យអ្នកនយោបាយបំពេញកា​តព្វកិច្ចតបតាមច្បាប់ជា​ធរមាន។

តែផ្ទុយទៅវិញ លោកថា បើពលរដ្ឋខ្វះចំណេះដឹង​នេះ អ្នក​នយោបាយនឹងប្រើប្រាស់ពួកគេធ្វើជាឈ្នាន់ដើ​ម្បី​ទាញ​យក​អំណាចមកគ្រប់គ្រង ដែលការណ៍នេះ ពេលខ្លះ ម្ចាស់ឆ្នោតក្លាយជាជនរងគ្រោះ។

លោកថា៖ «អ៊ីចឹងទេ មូលដ្ឋានគ្រឹះសំខាន់សម្រាប់ប្រជាពលរដ្ឋហ្នឹង គឺគាត់មានចំណេះដឹងអំពីប្រជាធិបតេយ្យ​ គាត់ស្គាល់ពីសិទ្ធិនិងតួនាទីរបស់គាត់ក្នុងសង្គម។ អាហ្នឹងគឺជាចំនុចចាប់ផ្ដើមដែលប្រជាពលរដ្ឋគ្រប់រូប គាត់អាចមានឥទ្ធិពល ឬក៏មានលក្ខណៈវិនិច្ឆយក្នុងការជ្រើសរើសមេដឹកនាំសម្រាប់ប្រទេសជាតិ»។

អ្នកជំនាញនយោបាយរូបនេះយល់ថា ក្នុងសង្គមមួយ បើពលរដ្ឋ​មិនសូវខ្វល់ខ្វាយរឿងនយោបាយ នោះ​​​បន្ទាត់​នយោ​បាយមិន​សូវ​ឆ្លើយ​តប​នឹង​សំឡេង​ទួញ​ថ្ងូរ​របស់​ប្រជាពលរដ្ឋឬបញ្ហាសង្គម​នោះទេ ហើយអ្នកនយោបាយ​នឹងអាច​បង្វិលពលរដ្ឋបាន។ លោកថា របត់បែបនេះនឹង​ជំរុញឱ្យទំនួលខុសត្រូវស​ង្គមរបស់​អាជ្ញាធរ​ធ្លាក់ចុះ។

មួយវិញទៀត​ លោក​មើលឃើញថា ការដែលកម្ពុជា​រអិល​ធ្លាក់ដល់ចំណុចនេះ ដោយសារតែ​​ពលរដ្ឋ​មិនសូវ​ខ្វល់ខ្វាយ​រឿង​​នយោបាយ និងការ​បាត់បង់​ការ​​​ត្រួតពិនិត្យ​តុល្យភាពអំណាច ក្រោយ​ការ​រំលាយ​​គណបក្សប្រឆាំង​ពីឆាកនយោបាយ​​​ ជាពិសេស​ក្បាលម៉ាស៊ីននៅ​​សភា។

លោកថា៖ «សម្រាប់ការបោះឆ្នោតខាងមុខ ខ្ញុំគិតថា ដើម្បីឱ្យអ្នកនយោបាយគាត់មានទំនួលខុសត្រូវចំពោះ​ការ​ដឹកនាំ​ប្រទេស​ជាតិកាន់តែខ្លាំងជាងមុន ខ្ញុំគិតថា ប្រជាពលរដ្ឋកម្ពុជាគួរតែមានចំណេះដឹង​បន្ថែម​ជាង​​នេះ​​ទៅ​លើ​កិច្ចការរដ្ឋ ស្គាល់ពីតួនាទី ស្គាល់ពីកាតព្វកិច្ចរបស់​ខ្លួន​ក្នុងការជ្រើសរើសមេដឹកនាំប្រទេស»។

នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនិចហ្វិក លោក សំ គន្ធាមី លើកឡើងថា ក្នុងសង្គមប្រជាធិបតេយ្យ ដើម្បីជ្រើសរើស​មេដឹកនាំបានល្អ ពលរដ្ឋត្រូវ​មានមូលដ្ឋានចំណេះដឹងយ៉ាងតិច៤។ បើតាម​អ្នកឃ្លាំមើល​រូបនេះ មូលដ្ឋានចំណេះដឹង​​ទី​១ គឺ​មេ​គណបក្ស​​ត្រូវ​​ជា​មនុស្សដឹក​នាំ​បែប​ពហុ​គំនិត ដើម្បី​ប​ញ្ចៀ​​ស​វិបត្តិសង្គមក្រោយការបោះឆ្នោត ទី២ ត្រូវ​តាមឈ្វេង​យល់​ពី​កម្មវិធី​នយោ​បាយ​របស់គណបក្សនោះ ថាបា​នតម្កល់ការលើក​កម្ពស់សិទ្ធិមនុស្ស លទ្ធិប្រជាធិប​តេយ្យ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញឬក៏អត់ និងទី៣ ត្រូវចេះតាមដានការងារតំណាងរាស្ត្រដែលជាប់ឆ្នោត។

ក្នុងន័យនេះ លោកពន្យល់ថា តើតំណាងរាស្ត្រនោះមានប្រវត្តិ​សកម្មក្នុងការចុះជួបពលរដ្ឋដែលមានបញ្ហា ដើម្បី​យក​បញ្ហា​ទាំង​នោះមកសួរដេញដោលជាសាធារណៈជាមួយមន្ត្រីរដ្ឋាភិបាល ដើម្បីស្វែងរកដំណោះស្រាយដែរឬទេ និងទី៤ ត្រូវចេះតាមដានក្នុងថ្ងៃឃោសនាបោះឆ្នោត ថាតើពួកគេ​បាន​និយាយ​ដល់​យន្ត​ការការ​ពារប្រ​យោជន៍ជាតិ និងបូរណភាពទឹកដីដែរឬទេ។

លោកថា៖ «ត្រូវដឹងថាចរិតគាត់ [ប្រធានបក្ស] យ៉ាងម៉េច? ប្រជាធិបតេយ្យអត់? ហើយមានគោលការណ៍សហ​ការ​គ្នាអត់​? ពេល​ជាប់​ឆ្នោត​ពេល​អីហ្នឹង»។

បញ្ហានេះ លោកយល់ថា បើប្រជាពលរដ្ឋមិនមានមូលដ្ឋានទាំងអស់នេះទេ ក្រោយការបោះឆ្នោតឆ្នាំ២០២៣​ខាង​មុខ នឹង​គ្មាន​អ្វី​ប្រែប្រួល​ខ្លាំង​នោះ​ទេ។

ប្រហាក់ប្រហែលនេះដែរ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី លើកឡើងថា ដើម្បីជ្រើសរើ​ស​មេដឹកនាំបានល្អ ពលរដ្ឋត្រូវមើលលក្ខណៈសម្បត្តិមេដឹកនាំ បូករួម​គោលនយោបាយបក្សទាំងមូល ដើម្បី​ឱ្យ​ប្រាកដ​ថា ពួក​គេ​ជាក្រុមមនុស្សអាចនាំនាវា​កម្ពុជាឆ្ពោះទៅរកការរីកចម្រើនគ្រប់វិស័យ ឈរ​លើគោល​កា​រណ៍​នីតិរដ្ឋ គោរពលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​មានឆន្ទៈខ្ពស់ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ពុករលួយ ដើម្បីបើកផ្លូវឱ្យមានការអភិវឌ្ឍប្រកបដោយតម្លាភាពឬអត់ ជាដើម។

លោកថា៖ «ការមើលជាលក្ខណៈបុគ្គលហ្នឹង យើងគួរតែមើលថាបុគ្គលហ្នឹងមានសមត្ថភាពដឹកនាំប្រទេស ហើយអាចទទួលយកនូវការដឹកនាំចម្រុះដែរឬទេ?»

តែយ៉ាងណា លោកគិតថា បើ​ប្រព័ន្ធបោះឆ្នោតខ្វះ​សុចរិតភាព ស្រប​គ្នានឹ​ង​បក្សកាន់អំណាចមានច្បាប់រំលាយគណបក្សណាមួយដូចដែលធ្លាប់រំលាយ​​គណបក្សសង្គ្រោះជាតិ អំឡុងឆ្នាំ២០១៧នោះ នោះ​ក៏​ជាឧបសគ្គ​ផងដែរ​ សម្រាប់ការបង្ហាញឆន្ទៈពលរដ្ឋក្នុងការជ្រើសរើសមេដឹកនាំ​​​តាមយន្តការបោះឆ្នោតនេះ។

ប៉ុន្តែ​យ៉ាងនេះក្ដី លោក​នៅតែលើកទឹកចិត្តឱ្យម្ចាស់ឆ្នោតត្រូវហ៊ានប្រើសន្លឹក​ឆ្នោត ប្រក​បដោយចំណេះដឹង ដើម្បីជ្រើសរើសមេដឹកនាំ បើទោះធ្លាប់រងរបួសពីអ្នកនយោបាយក្តី។

ក្នុងន័យនេះ លោកសម្អាងថា អ្នកនយោបាយដែលលេងល្បែងនេះមិនចេះតែឈ្នះរហូ​តទេ ខណៈកម្ពុជាជាប់កា​តព្វកិច្ចទាំងក្របខណ្ឌជាតិនិងអន្តរជាតិ ស្របតាមកិច្ចព្រមព្រៀងសន្តិ​ភាពទីក្រុងប៉ារីស ក្នុងការធានា​ថា កម្ពុជានឹងក្លាយជាប្រទេសដែលមាននីតិរដ្ឋពិតប្រាកដ គោរពនូវគោ​លការណ៍ប្រជាធិបតេយ្យ និង​​ធានា​នូវយន្តការត្រួត​ពិនិត្យអំណាចគ្នាលើយន្តការដឹកនាំប្រទេស។

មួយវិញទៀត លោកគិតថា ក្រុមអ្នកនយោបាយណា​ដែលធ្វើឱ្យពលរដ្ឋរងទុក្ខ ធ្វើ​ឱ្យ​បាត់​បង់​ប្រយោជន៍ជាតិ នាសម័យទំនើបនេះ អ្នកទាំងនោះនឹងរងការស្តីបន្ទោសពីប្រវត្តិសាស្ត្រ និងក្មេងជំនាន់ក្រោយ។

លោកថា៖ «ធម្មតា យើងមិនអាចនៅបានរហូតទេ យើងនឹងលាចាកលោកទៅ ហើយការបន្សល់ទុកនូវកេរ្តិ៍ឈ្មោះ​សម្រាប់ខ្លួនយើង សម្រាប់គ្រួសារកូនចៅ​ គឺជាកិច្ចការសំខាន់ណាស់ ដែលខ្ញុំគិតថា អ្នកន​យោបា​​យ​​ត្រូ​វពិចារណាក្នុងការទុកកេរ្តិ៍ឈ្មោះ ជាជាងបន្សល់ទុក្ខនូវបញ្ហាផ្សេងៗ នូវឧបសគ្គបន្តដល់កូនចៅជំនាន់ក្រោយទៀតនោះ»៕