Views: 1
ប្រែសម្រួលៈបំណង(វ៉េអិនអិចស្ព្រេស)៖មនុស្សបួននាក់ត្រូវបានតុលាការក្រុងហូជីមិញនៅវៀតណាមខាងត្បូងកាត់ទោសប្រហារជីវិតកាលពីថ្ងៃព្រហស្បតិ៍ចំពោះការលួចដឹកជញ្ជូនថ្នាំញៀន១២គីឡូក្រាមទៅពីកម្ពុជា។
វូ ចុង ងៀ(Vu Trong Nghia) អាយុ២៨ឆ្នាំ និងគូស្នេហ៍របស់ខ្លួននាង ចាន់ ធី ចាង( Tran Thi Trang)អាយុ៣១ឆ្នាំ ដែលជាមេក្លោងនៃការដឹកជញ្ជូននិងជួញដូរថ្នាំញៀននេះត្រូវបានតុលាការប្រជាជនក្រុងហូជីមិញកាត់ទោសប្រហារជីវិតកាលពីថ្ងៃ២៨កញ្ញា ចំពោះការជួញដូរសារធាតុញៀនខុសច្បាប់និងស្តុកទុកសព្វាវុធយោធាដោយខុសច្បាប់។
ជនសមគំនិត ផាំ វ៉ាន់ សឺន(Pham Van Son)និងង្វៀន វ៉ាន់ វូយ(Nguyen Van Vui) ក៏ត្រូវបានកាត់ទោសប្រហារជីវិតផងដែរ នៅពេលជនពាក់ព័ន្ធដទៃទៀតជាប់ទោសពីប្រាំបីឆ្នាំដល់មួយជីវិតចំពោះបទចោទប្រកាន់ដូចគ្នា។
ក្រុមរដ្ឋអាជ្ញាបាននិយាយថា តាមពិតថ្នាំញៀនជាក់ស្តែងដែលក្រុមនេះជួញដូរមានបរិមាណច្រើនជាងនេះ។
រំលឹកថានៅខែតុលា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះងៀ បានឡើងពីក្រុងហាហ្វុងទៅកាន់ទីក្រុងហូជីមិញ។ជននេះក្រោយមកបានស្គាល់នាងចាងនិងបានរស់នៅជាមួយគ្នា។នៅពេលដឹងថានាងចាងរកស៊ីថ្នាំញៀន ពួកគេក៏ពិភាក្សាគ្នាអំពីការទិញថ្នាំញៀនច្រើនៗពីកម្ពុជាទៅលក់នៅវៀតណាម។
នៅខែវិច្ឆិកា ឆ្នាំ២០១៨ ងៀបានឡើងមកកម្ពុជាដើម្បីទាក់ទងមនុស្សម្នាក់ឈ្មោះ អាជា(A Chia)ដើម្បីទិញថ្នាំញៀន។ចាប់ពីខែមករាឆ្នាំ២០១៩ ដល់មីនាឆ្នាំ២០១៩ ងៀបានទិញថ្នាំញៀន១២គីឡូក្រាម រួមមានកេតាមីននិងមេតំហ្វេតាមីនពីអាជា និងបន្ទាប់មកផ្តល់វាអោយនាងចាងនិងអ្នកសមគំនិតដទៃទៀតយកទៅលក់។
ក្នុងការជួញដូរក្រោយមកទៀត ងៀនិងសឺន ព្រមទាំងវូយ បានឡើងមកកម្ពុជាដើម្បីរកទិញថ្នាំញៀន។ងៀក៏បានទិញកាំភ្លើងខ្លីមួយអោយសឺននិងវូយ រួមជាមួយគ្រាប់១១ដើម្បីការពារខ្លួន។
ក្រុមរដ្ឋអាជ្ញាបាននិយាយថា សឺនបាននាំថ្នាំញៀនពីកម្ពុជាទៅកាន់វៀតណាមបួនលើក និងបានចំណាយប្រាក់១០០លានដុង(៤.០៩៨ដុល្លារ)។វូយក៏បានធ្វើដូចគ្នាចំនួនប្រាំលើកនិងចំណាយលុយអស់១១៥លានដុង។
នៅថ្ងៃ២២មីនា ឆ្នាំ២០១៩ ប៉ូលិសក្រុងហូជីមិញមួយក្រុមបានត្រួតពិនិត្យរថយន្តមួយនៅផ្លូវបំបែកក្នុងសង្កាត់លេខប្រាំ និងបានរកឃើញថា សឺននិងងៀមានកាំភ្លើងនិងថ្នាំញៀនមួយចំនួនតូចនៅក្នុងរថយន្ត។ការស៊ើបអង្កេតបន្ថែមបង្ហាញបណ្តាញថ្នាំញៀនរបស់ងៀនិងចាង៕

សមាជិកបួននាក់នៃក្រុមជួញដូរថ្នាំញៀនពីកម្ពុជាទៅវៀតណាម នៅក្នុងតុលាការក្រុងហូជីមិញ កាលពីថ្ងៃ២៨កញ្ញា