Views: 21
ប្រែសម្រួលៈបំណង(VnExpress)៖ វៀតណាមបានស្វាគមន៍ភ្ញៀវអន្តរជាតិចំនួន៨,៩លាននាក់នៅប្រាំបួនខែដំបូងនៃឆ្នាំនេះ ដោយហួសគោលដៅកំណត់ត្រឹម៨លាននាក់សំរាប់ឆ្នាំ២០២៣ទាំងមូល។
របាយការណ៍ចេញដោយការិយាល័យស្ថិតិកាលពីថ្ងៃសុក្របង្ហាញថា រយៈពេលប្រាំបួនខែមកនេះចំនួនទេសចរបរទេសមកដល់បានកើនឡើង៤,៧ដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន តែទើបតែបាន៦៩ភាគរយពីចំនួនភ្ញៀវមកកាន់វៀតណាមកាលពីមុនផ្ទុះកូវីដក្នុងឆ្នាំ២០១៩។
នៅខែកញ្ញានេះ ភ្ញៀវបរទេសបានមកដល់ចំនួន១,០៥លាននាក់ ធ្វើអោយវាជាខែទីបីជាប់គ្នាដែលភ្ញៀវបរទេសចូលមកវៀតណាមហួសមួយលាននាក់ក្នុងមួយខែ។
កូរ៉េខាងត្បូងជាប្រភពធំបំផុតនៃការមកដល់នៃទេសចរបរទេស គឺជាង២,៥លាននាក់នៅប្រាំបួនខែមកនេះ បន្ទាប់មកចិន ១,១លាននាក់។តៃវ៉ាន់ជាប្រភពទីបី(៥៧៥.០០០នាក់) បន្ទាប់មកអាម៉េរិក ៥៤៨.០០០នាក់ និងជប៉ុន ៤១៤.០០០នាក់។
បន្ទាប់ពីប្រទេសនិងដែនដីប៉ុន្មានខាងលើ ប្រភពទេសចរធំៗផ្សេងទៀតនៅវៀតណាម រួមមាន ថៃ ម៉ាឡេស៊ី កម្ពុជា អូស្ត្រាលីនិងសិង្ហបុរី។
ហ័ង ញឹន ជិញ(Hoang Nhan Chinh) មន្ត្រីនៅគណៈកម្មាធិការទេសចរណ៍វៀតណាម បាននិយាយថា ឧស្សាហកម្មទេសចរណ៍វៀតណាមបានទទួលការគាំទ្រខ្លាំងពីគោលនយោបាយបន្ធូរបន្ថយទិដ្ឋាការរបស់រដ្ឋាភិបាល។ត្រឹមចុងឆ្នាំ វៀតណាមនឹងទទួលបានទេសចរបរទេស១២-១៣លាននាក់ ឬអាចច្រើនជាងនេះ។
រដូវភ្ញៀវអន្តរជាតិបុកខ្លាំងគឺរវាងខែកញ្ញាបច្ចុប្បន្នដល់ខែមេសាឆ្នាំក្រោយ នៅពេលទេសចរលោកខាងលិចសំរុកមកកាន់វៀតណាមសំរាប់ការសម្រាកនារដូវត្រជាក់ក្នុងប្រទេសរបស់គេ។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃ១៥សីហាមក វៀតណាមចាប់ផ្តើមទទួលការសុំទិដ្ឋាកាតាមអេឡិចត្រូចនិច(e-visa)សំរាប់គ្រប់ប្រទេសនិងដែនដី ដោយទិដ្ឋាការនេះអាចចេញចូលច្រើនដងនិងប្រើបាន៩០ថ្ងៃ។បន្ថែមលើe-visa រដ្ឋាភិបាលក៏បន្ថែមរយៈពេលស្នាក់នៅក្នុងប្រទេសវៀតណាមចាប់ពី១៥ដល់៤៥ថ្ងៃ សំរាប់ពលរដ្ឋមកពី១៣ប្រទេសដោយមិនគិតទិដ្ឋាការ។
កាលពីឆ្នាំ២០១៩ វៀតណាមទទួលបានទេសចរបរទេស១៨លាននាក់និងរកចំណូលពីទេសចរណ៍បាន៧៥០ទ្រីលានដុង(៣០ពាន់លានដុល្លារ)៕

ទេសចរអេស្ប៉ាញថតរូបនៅមុខវត្តមួយនៅទីប្រជុំជនបុរាណហូយអាន នៅខែកញ្ញា ឆ្នាំ២០២៣