Views: 1
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ យានអវកាស Orion របស់អង្គការណាសាបានធ្វើដំណើរកៀកនឹងឋានព្រះចន្ទ ហើយបានប្រើជំនួយពីទំនាញដើម្បីរុញខ្លួនវាត្រឡប់មកផែនដីវិញកាលពីថ្ងៃចន្ទទី៥ធ្នូ ដោយកត់សម្គាល់ការចាប់ផ្តើមនៃការធ្វើដំណើរត្រឡប់មកវិញសម្រាប់បេសកកម្ម Artemis-1 ។
នៅចំណុចជិតបំផុតរបស់វា យានគ្មានមនុស្សបើកនេះបានហោះតិចជាង ១៣០ គីឡូម៉ែត្រពីលើផ្ទៃព្រះចន្ទ ដោយបានសាកល្បងក្បាច់ហោះហើរផ្សេងៗ ដែលនឹងត្រូវប្រើក្នុងអំឡុងបេសកកម្ម Artemis នាពេលក្រោយ ដែលនឹងនាំមនុស្សត្រឡប់ទៅព្រះចន្ទវិញ។
ការប្រាស្រ័យទាក់ទងជាមួយយានត្រូវបានរំខានរយៈពេល ៣០ នាទី នៅពេលដែលវាស្ថិតនៅផ្នែកខាងក្រោយឆ្ងាយនៃព្រះចន្ទ ដែលជាតំបន់មានរណ្ដៅជ្រៅខ្លាំងជាងផ្នែកខាងមុខ និងបានឃើញជាលើកដំបូងដោយមនុស្សក្នុងសម័យ Apollo ទោះបីជាពួកគេមិនបានចុះចតនៅទីនោះក៏ដោយ។
យានសេវាកម្មអឺរ៉ុប ដែលផ្តល់ថាមពលដល់យាន Orion បានបញ្ចេញភ្លើងពីម៉ាស៊ីនសំខាន់របស់វាអស់រយៈពេលជាង ៣ នាទីដើម្បីដាក់យាន Orion នៅលើផ្លូវត្រឡប់មកផែនដីវិញ។
លោកស្រី ដេបប៊ី ខត (Debbie Korth) នាយករងកម្មវិធីយាន Orion បាននិយាយនៅពេលក្រោយថា”យើងមិនអាចសប្បាយចិត្តជាងនេះទៀតទេអំពីរបៀបដែលយានអវកាសនេះកំពុងដំណើរការ”។
ខណៈវីដេអូដ៏អស្ចារ្យបានលេចឡើងលើអេក្រង់របស់ពួកគេ នៅពេលដែលទំនាក់ទំនងត្រូវបានស្ដារឡើងវិញ លោកស្រីបានប្រាប់សន្និសីទសារព័ត៌មានថា “អ្នករាល់គ្នានៅក្នុងបន្ទប់ យើងសុំឈប់បន្តិចសិន ហើយនាំមើលទៅពិតជាអស្ចារ្យណាស់ យើងកំពុងតែលាព្រះចន្ទហើយ”។
ថ្ងៃចន្ទគឺជាការហោះហើរដ៏សំខាន់ចុងក្រោយនៃបេសកកម្ម ដែលបានចាប់ផ្តើមនៅពេលដែលរ៉ុក្កែតធុនធំ SLS របស់អង្គការណាសាបានបាញ់បង្ហោះចេញពីរដ្ឋផ្លរីដា កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា។ ចាប់ពីដើមរហូតដល់ចប់ ការធ្វើដំណើរគួរតែមានរយៈពេល ២៥ ថ្ងៃកន្លះ។
ឥឡូវនេះ យាន Orion នឹងត្រូវធ្វើការកែតម្រូវបន្តិចបន្តួចលើផ្លូវរបស់វាប៉ុណ្ណោះរហូតដល់វាទម្លាក់ខ្លួនចុះក្នុងមហាសមុទ្រប៉ាស៊ីហ្វិកក្បែរទីក្រុងសាន់ឌីហ្គោ (San Diego) នៅថ្ងៃអាទិត្យ ទី ១១ ខែធ្នូ វេលាម៉ោង ៩៖៤០ នាទីព្រឹក ម៉ោងក្នុងស្រុក។ បន្ទាប់មក វានឹងត្រូវស្រង់និងលើកឡើងលើនាវារបស់កងទ័ពជើងទឹកអាម៉េរិក៕

ផែនដីអាចមើលឃើញជាអឌ្ឍចន្ទក្នុងរយៈពេលប៉ុន្មាននាទីបន្ទាប់ពីយាន Orion បញ្ចប់ការបញ្ឆេះម៉ាស៊ីនរបស់វាជុំវិញព្រះចន្ទ
