Views: 1
ប្រែសម្រួលៈបំណង( ស្ត្រេតថែមស៍,ស៊ីនហួរ)៖យន្តហោះដឹកអ្នកដំណើរតួតូចផលិតក្នុងប្រទេសចិនC919របស់ក្រុមហ៊ុនអាកាសចរណ៍ចិនChina Eastern Airlines បានឈានជើងចូលក្នុងសេវាកម្មដឹកអ្នកដំណើរជាផ្លូវការកាលពីថ្ងៃអាទិត្យទី២៨ឧសភា និងបានហោះបញ្ចប់ជើងហោះហើរពាណិជ្ជកម្មដំបូងរបស់ខ្លួន ដែលបង្កើតបានជាព្រឹត្តិការណ៍សំខាន់ជាប្រវត្តិសាស្ត្រមួយក្នុងដំណើរនៃកិច្ចខិតខំរបស់ចិនដើម្បីកាត់បន្ថយការពឹងលើយន្តហោះអាម៉េរិកនិងអឺរ៉ុប។
C919ជាផលិតផលរបស់ក្រុមហ៊ុនរដ្ឋចិនCommercial Aviation Corp of China (COMAC)ដែលបានចាប់ផ្តើមអភិវឌ្ឍនិងផលិតវាកាលពី១៥ឆ្នាំមុនដើម្បីប្រជែងនឹងយន្តហោះA320neoរបស់ក្រុមហ៊ុនAirbus និង 737 MAX របស់ក្រុមហ៊ុនBoeing។
ប្រធានាធិបតីចិនលោកស៊ី ជីនពីង បានអបអរគំរោងនេះថាជាជោគជ័យមួយនៃអាកាសចរណ៍ចិន នៅពេលកាលពីថ្ងៃអាទិត្យ សារព័ត៌មានរដ្ឋចិនបានបន្ទរសម្លេងបន្ថែមដោយចាត់ទុកយន្តហោះនេះជានិម្មិតរូបនៃអំណាចឧស្សាហកម្មនិងជាមោទនភាពជាតិ។
កាសែត Beijing Daily បានសរសេរថា« ក្រោយខិតខំអស់ច្រើនជំនាន់ នៅទីបំផុតយើងបានបំបែកភាពផ្តាច់មុខរបស់លោកខាងលិច…»។
យន្តហោះC919បានចេញដំណើរនៅម៉ោង១០និង៣២នាទីព្រឹកចេញពីអាកាសយានដ្ឋានអន្តរជាតិសៀងហៃ និងចុះនៅពីរម៉ោងក្រោយនៅអាកាសយានដ្ឋានក្រុងប៉េកាំង។វាត្រូវវិលមកកាន់ទីក្រុងសៀងហៃនៅថ្ងៃអាទិត្យនិងហោះហើរទៅកាន់ទីក្រុងឆេងទូនៅថ្ងៃចន្ទ ក្នុងចម្ងាយឆ្ងាយជាង។
អ្នកដំណើរម្នាក់ក្នុងចំណោមអ្នកដំណើរប្រមាណ១៣០នាក់បានប្រាប់ទូរទស្សន៍ចិនCCTV ថា«ខ្ញុំមានជំនឿចិត្តលើយន្តហោះនេះ។ការហោះហើររលូនល្អជាងការរំពឹងទុក»។
សូមបញ្ជាក់ថា យន្តហោះ C919 បានធ្វើការហោះហើរដំបូងកាលពីឆ្នាំ២០១៧ក្រោយការពន្យារពេលរាប់ឆ្នាំ និងតាំងពីពេលនោះមកបានធ្វើការហោះហើរសាកល្បងរហូត។
ក្រុមហ៊ុនអាកាសចរណ៍រដ្ឋ China Eastern Airlines បានបញ្ជាទិញយន្តហោះនេះប្រាំគ្រឿងនៅឆ្នាំ២០២១ និងទទួលយន្តហោះដំបូងកាលពីខែធ្នូឆ្នាំមុន និងនៅសល់ប៉ុន្មាននឹងទទួលនៅឆ្នាំនេះ។
សរុបក្រុមហ៊ុនCOMACបានទទួលការបញ្ជាទិញយន្តហោះC919 ចំនួន១.០៣៥គ្រឿងពីអតិថិជន៣២គិតត្រឹមចុងឆ្នាំ២០២២។មន្ត្រីក្រុមហ៊ុនម្នាក់បានប្រាប់សារព័ត៌មានថា ចាប់តាំងពីពេលនោះមក ការបញ្ជាទិញឡើងដល់ជាង១.២០០គ្រឿង។
ទោះជាដំឡើងនៅចិន ក៏C919ពឹងលើគ្រឿងបង្គំលោកខាងលិច រួមមានម៉ាស៊ីន ប្រព័ន្ធអេឡិចត្រូនិចអាកាសចរណ៍ មកពីក្រុមហ៊ុនដូចជាGeneral Electric Co, Safran SA និង Honeywell International Inc.។
អ្នកជំនាញការឧស្សាហកម្មអាកាសចរណ៍ចិនម្នាក់ បាននិយាយថា អ្នកបញ្ជាទិញC919ភាគច្រើនជាក្រុមហ៊ុនក្នុងស្រុកចិន អ្នកទិញបរទេសមានតិចតួច។«សំ់រាប់C919 ទីផ្សារក្នុងស្រុកធំគ្រប់គ្រាន់»។
COMAC ក៏ផលិតយន្តហោះតួធំCR929 ក្នុងកិច្ចសហការជាមួយរុស្ស៊ី៕













យន្តហោះC919បានចេញដំណើរនៅម៉ោង១០និង៣២នាទីព្រឹកថ្ងៃអាទិត្យពីអាកាសយានដ្ឋានអន្តរជាតិសៀងហៃ និងចុះនៅពីរម៉ោងក្រោយនៅអាកាសយានដ្ឋានក្រុងប៉េកាំង