Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

យប់នេះ បើកម្ពុជា ឈ្នះក្រុមម៉ាឡេស៊ី B នឹងត្រូវកក់កៅអី នៅវគ្គផ្ដាច់ព្រ័ត្រ

Views: 1

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ យប់ថ្ងៃទី៣១ មីនា នេះ ក្រុមបាល់ទះជម្រើសជាតិ កម្ពុជា នឹងប៉ះក្រុមម៉ាឡេស៊ី B ប្រជែងឡើងវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ Tri-Nation Volleyball Cup 2023 ។

យប់មិញនេះ ក្រុមកម្ពុជា បានយកឈ្នះក្រុមសិង្ហបុរី លទ្ធផល ៣ទល់១សិត, ដែលការប្រកួតស្វែងរកកៅអី នៅវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើង នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នេះ វេលាម៉ោង ១៩និង៣០នាទី (ម៉ោងនៅកម្ពុជា)។

តាមការឲ្យដឹងពីលោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះ កម្ពុជា ការប្រកួតពានរង្វាន់មិត្ដភាពអន្ដរជាតិនេះ គឺដើម្បីវាស់ស្ទង់ និងពង្រឹងសមត្ថ ភាព ក្រុមជម្រើសជាតិកម្ពុជា ត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នាពេលខាងមុខ។ ការប្រកួតនេះ មាន ៣ ប្រទេស ចូលរួម ដោយមានម្ចាស់ផ្ទះ ម៉ាឡេស៊ី ២ក្រុម (ក្រុមធំ និងយុវជន) សិង្ហបុរី ១ក្រុម និងកម្ពុជា ១ក្រុម។

មុននឹងឈានមកដល់វគ្គនេះ ក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមសិង្ហបុរី លទ្ធផល ៣-១ សិត នៃលំដាប់ពិន្ទុ (២៥-២០ , ២៥-១៩ , ២២-២៥, ២៥-១២) ខណៈការប្រកួតទី១ របស់ក្រុមកម្ពុជា បានចាញ់ក្រុមម៉េឡេស៊ី (Team A) លទ្ធផល ៣-០ សិត។

ជំនួបពានរង្វាន់ Tri-Nation Cup នេះ ទាំងសិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា គឺសុទ្ធតែពង្រឹងសមត្ថភាពរៀងៗខ្លួន ជាក់ស្ដែង បន្ទាប់ពីស៊ីហ្គេម នៅវៀតណាម ខ្ញុំគិតថា បណ្ដាប្រទេសក្នុងតំបន់របស់យើង គឺពង្រឹងរៀងៗខ្លួន ទាំងកីឡាករ និងគ្រូបង្វឹកជាដើម។ ដូច្នេះការប្រជែងស៊ីហ្គេម ឆ្នាំ២០២៣ នេះ មិនមែនជាការងារ ស្រួលទេ ក្នុងការប្រកួតប្រជែងដណ្ដើមមេដាយមាស, អ៊ីចឹង យើងក៏ចង់បាន គេក៏ចង់បាន។ ដូច្នេះដើម្បីឈានដល់មហិច្ឆតា យើងដាក់គោលដៅរួមគ្នានោះ ទាល់តែយើងខ្លួនឯង ពិសេសកីឡាករ ត្រូវពង្រឹងសមត្ថភាពផ្ទាល់ខ្លួន ដាក់ចិត្ត ដាក់កាយ យកបេះដូងមកហ្វឹកហាត់ ដើម្បីស្វែងរកមេដាយជូនជាតិ ក្នុងនាមម្ចាស់ផ្ទះ។

ក្រោយត្រឡប់ពីចូលរួមប្រកួតពានរង្វាន់មិត្តភាពអន្ដរជាតិ ខាងលើ ក្រុមបាល់ទះ ជម្រើសជាតិកម្ពុជា នឹងមានការប្រកួតមិត្តភាពអន្ដរជាតិក្នុងស្រុក ២ ប្រកួតទៀត ដោយគ្រោងជួបក្រុមលំដាប់លេខ១ មកពីខេត្តសាន់តូវ ប្រទេសចិន នាថ្ងៃទី៥ និងថ្ងៃទី៧ ខែមេសា ខាងមុខ ដែលជាការប្រកួតត្រៀមចុងក្រោយ មុន ស៊ីហ្គេម ឆ្នាំ២០២៣ មកដល់៕ V / N

Post navigation