ដោយៈសុផល/ភ្នំពេញ៖យុទ្ធនាការភ្នំពេញស្អាតដែលជាផ្នែកមួយនៃ“គម្រោងស្អាត”សម្រាប់ឆ្នាំ២០២០នេះ បានបិទបញ្ចប់ដោយរលូន និងទទួលបានជោគជ័យជាមួយនឹងសមិទ្ធផលគួរជាទីមោទនៈ បន្ទាប់ពីបានដំណើរការពេញមួយខែវិច្ឆិកា ដែលត្រូវបានប្រសិទ្ធនាមថាជា«ខែស្អាត »។
កម្មវិធីបិទយុទ្ធនាការភ្នំពេញស្អាត ២០២០ និងពិធីប្រកាសពានរង្វាន់គម្រោងទស្សនាទាន “សាលាបរិស្ថានស្អាត”បានប្រារព្ធឡើងនាព្រឹកថ្ងៃសៅរ៍ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ។ជ័យលាភីស្អាតទាំងបី “ស្អាតឆ្នើម» «ស្អាតនិរន្តរភាព»និង «ស្អាតច្នៃប្រឌិត» បានទៅ សាលាស៊ីសុវត្ថិ សាលាប៊ែលធីអន្ដរជាតិ និងសាលាសុវណ្ណភូមិ៊។
លោកស្រី ជា ផល្លា សហស្ថាបនិកនៃគម្រោងស្អាត បានមានប្រសាសន៍ឱ្យដឹងថា៖ឆ្នាំ២០២០ ជាឆ្នាំទី៤នៃយុទ្ធនាការភ្នំពេញស្អាត។យុទ្ធនាការនេះ បានសម្រេចបាននូវសកម្មភាពមួយ ចំនួនគួជាទីមោទនៈដើម្បីចូលរួមចំណែកលើកកម្ពស់ ក៏ដូចជាផ្សព្វផ្សាយបញ្ហានូវចំណេះដឹងផ្នែកបរិស្ថាន លើបញ្ហានៃការទុកដាក់សំរាមផ្សារភ្ជាប់ទៅនឹងការប្រកាន់ខ្ជាប់ក្បួនអនាម័យស្អាតក្នុងបរិបទកូវីដ១៩ ក្រោមទិសស្លោក «ស្អាតជាទម្លាប់ថ្មី» ។
ក្នុងនោះ គម្រោងទស្សនាទាន «សាលាបរិស្ថានស្អាត» នៃយុទ្ធនាការ ភ្នំពេញស្អាត ឆ្នាំ២០២០ ដែលជាផែនការសកម្មភាពមួយរបស់គម្រោងស្អាត ត្រូវបានរៀបចំឡើងដោយមាន ការសហការជាមួយក្រសួងអប់រំយុវជននិងកីឡា គ្រឹះស្ថានអប់រំរដ្ឋនិងឯកជន។ការប្រកួតប្រជែងនេះត្រូវបានអនុវត្តដោយយុវជនបង្គោលស្អាតដែលជាសិស្សានុសិស្សគំរូនិងឆ្នើមប្រមាណ ៨០រូប ជ្រើសចេញពីវិទ្យាល័យ ចំនួន១៦ នៅក្នុងរាជធានីភ្នំពេញក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំអនាម័យនិងបរិស្ថានស្អាតនៅ តាមបណ្តាគ្រឹះស្ថានអប់រំរដ្ឋ និងឯកជននានា។ មិនត្រឹមតែប៉ុណ្ណោះ យុទ្ធនាការភ្នំពេញស្អាត ក៏មាននូវសកម្មភាពមួយចំនួនទៀតដូចជាការបញ្ជ្រាបសារតាមរយៈការថតវីដេអូខ្លីៗនៅក្នុងបណ្តាញសង្គម ការធ្វើបទសម្ភាសន៍នៅតាមបណ្តាស្ថានីយទូរទស្សន៍នានា ការថតវីដេអូ “មោទនភាពខ្ញុំស្អាត” ដោយមានការចូលរួមពី សិល្បករ សិល្បការិនី បុគ្គលល្បីៗ សិស្ស-និស្សិត ជាច្រើនរូប និងការថតខ្សែភាពយន្តភាគខ្លីៗ ព្រមទាំងការ បំផុសកិច្ចសហប្រតិបត្តិការនិងការចូលរួមពីស្ថាប័នរដ្ឋឯកជន សមាគម អង្គការមិនមែនរដ្ឋាភិបាល ក៏ដូចជាដៃគូអភិវឌ្ឍ តាមរយៈការជំរុញការទទួលយកទស្សនាទាន “ស្អាត”។ល។
លោកស្រី ជា ផល្លា បានបានលើកឡើងថា៖ យុទ្ធនាការភ្នំពេញស្អាត នៃគម្រោងស្អាត ទទួលបាននូវសំឡេងគាំទ្រ និង ការជ្រោមជ្រែងយ៉ាងពេញទំហឹងពីគ្រប់មជ្ឈដ្ឋានពីមួយឆ្នាំទៅមួយឆ្នាំ ហើយការគាំទ្រយ៉ាងផុសផុលនេះជាសក្ខីកម្មសបញ្ជាក់ឱ្យឃើញយ៉ាងប្រាកដពីស្មារតីនៃការទទួលខុសត្រូវ ការស្រឡាញ់ ការចូលរួមសម្អាត ការថែរក្សា បរិស្ថានក្នុងបុព្វហេតុដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង អនាម័យ និងសុខភាពសាធារណៈ ដែលជាក្តី សង្ឃឹមយ៉ាងមុតមាំក្នុងការឈានទៅរក កម្ពុជាគ្មានសំរាមរាយថ្វាយ។
ថ្លែងក្នុងពិធីបិទយុទ្ធនាការគម្រោងស្អាតឆ្នាំ២០២០ លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា និង ជាសហស្ថាបនិកគម្រោងស្អាត បានមានប្រសាសន៍ថា៖យុទ្ធនាការភ្នំពេញស្អាតនេះ បានកើតឡើងស្របទៅតាមគោលនយោបាយស្តីពីការគ្រប់គ្រងសម្រាមនិងកាកសំណល់រឹងព្រមទាំងគោលនយោយបាយលើកកម្ពស់បរិស្ថាន។
លោកបានគូសបញ្ជាក់ថា៖«យុទ្ធនាការនេះជាការចូលរួមចំណែកក្នុងការខិតខំប្រឹងប្រែងលើកកម្ពស់អនាម័យ និងបរិស្ថានស្អាតក៏ដូចជាជំរុញការយល់ដឹងពីការទុកដាក់សម្រាមនិងកាកសំណល់ឱ្យបានត្រឹមត្រូវនៅតាមទីសាធារណៈសាលារៀននិងងផ្ទះសម្បែង»។
លោកបានបន្តថា៖«គម្រោងភ្នំពេញស្អាតនិងគម្រោងទស្សនាទានប្រកួតពានរង្វាន់សាលាបរិស្ថានស្អាតមានសារៈសំខាន់ក្នុងការចូលរួមលើកទឹកចិត្តបំផុសស្មារតីសិស្សានុសិស្ស ការផ្តួចផ្តើមគំនិតច្នៃប្រឌិត ភាពជាម្ចាស់ការ ក្នុងការទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ សំដៅលើកកម្ពស់សោភណ្ឌភាពទីក្រុង ទីសាធារណៈ ស្ថាប័នអប់រំ និងផ្ទះសម្បែង»។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា៖ ពាក្យស្លោក«ស្អាតជាទម្លាប់ថ្មី»នៃយុទ្ធនាការស្អាតឆ្នាំ២០២០នេះ បានចូលរួមជាមួយកិច្ចខិតខំប្រឹងប្រែងរបាស់រាជរដ្ឋាភិបាលកម្ពុជានិងអង្គការសុខភាពពិភពលោកក្នុងការបង្ការនិងការពារនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ទៅក្នុងសហគមន៍និងជាការដាស់តឿនឱ្យប្រជាពលរដ្ឋប្រយ័ត្នខ្លួនការពារការឆ្លងពីមេរោគនេះតាមរយៈការអនុវត្តទម្លាប់អនាម័យស្អាត ការរស់នៅស្អាតជាប្រចាំនិងបរិស្ថានស្អាត។
លោករដ្ឋលេខាបានបន្ថែមថា៖យុទ្ធនាការភ្នំពេញស្អាតក្នុងរយៈពេល៤ឆ្នាំជាប់គ្នានេះ បានចូលរួមចំណែកនៅក្នុងការបណ្តុះស្មារតី កស្រឡាញ់បរិស្ថាន ក៏ដូចជាពញ្ញាក់អារម្មណ៍ និងផ្លាស់ប្តូរឥរិយាបទប្រជាពលរដ្ឋពិសេសយុវជន ឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះបរិស្ថាន៕Ph