Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

យុវជនចាប់ផ្ដើមចូលរួមបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតមនុស្ស

យុវជន និងព្រះសង្ឃ បានចូលរួមសកម្មភាពបរិច្ចាគឈាម ដែលយុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្ដល់ឱ្យអ្នកកំពុងមានតម្រូវការចាំបាច់ និងខ្វះខាតឈាម ក្នុងន័យដើម្បីជួយ​​សង្រ្គោះ​​ជី​​​វិតមនុស្ស ដែលកំពុងជួបការលំបាក និងករណីសង្រ្គោះ​​បន្ទាន់ដែលពិបាក​​ស្វែងរ​​ក​​ឈា​​ម សម្រាប់ផ្ត​ល់លទ្ធភាពដល់ពួកគេឱ្យទាន់ពេលវេលា។

យុទ្ធនាការនេះរៀបចំឡើងដោយមជ្ឈមណ្ឌលផ្ដល់ឈាម នៃក្រសួងសុខាភិបាល និងមជ្ឈ​​​មណ្ឌ​​ល​សិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ក្នុងរាជធានីភ្នំពេញ។

យុវតី ហ៊ុន រដ្ឋាប្រាណី អាយុ២៤ឆ្នាំ និងបានចូលរួមបរិច្ចាគឈាម បានលើកឡើងថា យុវជនគួរចូលរួមបរិច្ចាគឈាមឱ្យបានច្រើន ព្រោះអ្នកជំងឺដែលត្រូវការឈាមមានច្រើន ជាពិសេសកិច្ចការនេះ​​មិនមែនសម្រាប់តែយុវជនទេ គឺសម្រាប់ពលរដ្ឋទូទៅដែលស្ម័គ្រចិត្ដ ក្នុងនាមមនុស្ស​​ជាតិដូច​​គ្នា​។

យុវតីបន្ដថា៖ «ចំពោះយុវជន ឬក៏មនុស្សគ្រប់គ្នា។ បើសិជាយើងមានលទ្ធភាពក្នុងការបរិច្ចាគឈាមបាន យើងគួរតែបរិច្ចាគ ព្រោះអីមានមនុស្សជាច្រើនត្រូវការឈាមពីយើង។ សព្វថ្ងៃ មានមនុស្សរងគ្រោះជាច្រើនដែលត្រូវការឈាម»

ហាក់មិនខុសពីយុវតី រដ្ឋាប្រាណី នេះប៉ុន្មានទេ ព្រះតេជព្រះគុណ ង៉ែត ភាន់ ព្រះជន្ម ២៣ព្រះ​​វ​ស្សា គង់នៅវត្ដមហាមន្ដ្រី ដែលបានចូលរួមសកម្មភាពមនុស្សធម៌នេះដែរ ព្រះអង្គមានសង្ឃ​​ដីកា​​ថា វាការចែករំលែកទៅដល់អ្នកទទួលឈាមយើង។ តេជគុណបន្ដថា ក្នុងន័យព្រះពុទ្ធសាសនា ការ​​ឱ្យទានដល់អ្នកដទៃ​ រមែងបាននូវសេចក្ដីសុខ។

ព្រះតេជព្រះគុណបន្ដថា៖ «ពេលអាត្មាបរិច្ចាគឈាមទៅ អ្នកត្រូវការឈាមរបស់អាត្មាក្ដី ឬឈាមអ្នកដទៃក្ដី ដើម្បីសង្គ្រោះជីវិត យើងបរិច្ចាគត្រឹមតែមួយប្លោក»

របាយការណ៍ដែលចេញដោយមជ្ឈមណ្ឌលផ្ដល់ឈាមកម្ពុជា បានបង្ហាញថា នៅទូទាំងប្រទេសកម្ពុ​ជា​​ពីមុន តម្រូវការនៃប្រើប្រាស់ឈាមក្នុងមួយថ្ងៃ ចំនួន ៣០០សាក់ ប៉ុន្តែចំនួននេះបានធ្លាក់ចុះម​​ក​​​​​នៅត្រឹម ២០០សាក់ ក្នុងមួយថ្ងៃ ក្នុងពេលបច្ចុប្បន្ន ដោយសារតែមិនសូវមានអ្នកបរិច្ចាគឈាមដូ​​ច​​មុនទៀតឡើយ។

ចំណែកលោកវេជ្ជបណ្ឌិត ខៃ សុខហេង មន្ត្រីសម្របសម្រួល នៃមជ្ឈមណ្ឌលផ្ដល់ឈាមកម្ពុជា បាន​ថ្លែងថា ដោយសារតែតម្រូវការឈាមច្រើន ក្នុងមួយថ្ងៃៗ ហេតុនេះប្រសិនបើគ្មានការបរិច្ចាគពីយុវជន និងពល​​រដ្ឋ​​​ទេ វាជាបញ្ហាប្រឈមខ្លាំងទៅដល់អ្នកជំងឺ។ លោកបន្តថា ជាពិសេសអ្នកជំងឺដែលត្រូវឈាមបន្ទាន់ កាលណាគ្មានការផ្ដល់ឈាមទេ គឺអាចនឹងបាត់បង់ជីវិត។

លោកបន្តថា៖ «ប៉ុន្មានឆ្នាំចុងក្រោយនេះ ការចូលរួមធ្វើអំណោយឈាម ឃើញថាពលរដ្ឋយើងបានចូលរួម និងទទួលបានការយល់ដឹងច្រើនជាងមុនៗ។ មនុស្សដែលអាចចូលរួមបរិច្ចាគបាន មានអាយុចាប់ពី១៨ រហូត៦០ឆ្នាំ គេអាចបរិច្ចាគ»

ស្របពេលជាមួយគ្នានេះ ប្រភពដដែលបន្តថា ក្នុងនាមគ្រូពេទ្យ លោកអំពាវនាវដល់យុវជន និងពលរដ្ឋ គួរចូលរួមផ្ដល់ឈាមឱ្យបានគ្រប់ៗគ្នា ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។ លោកបន្តថា ចាំ​​បាច់​ណាស់ រឿងឈាមនេះ ព្រោះត្រូវការចាក់បញ្ចូលឈាម សម្រាប់អ្នកកំពុងមានទុក្ខកង្វល់។

លោកបន្ដថា៖ «ក្នុងនាមខ្ញុំជាមន្ដ្រីនៅមជ្ឈមណ្ឌលផ្ដល់ឈាម ក៏សុំអំពាវនាវដល់បងប្អូនទាំងអស់ដែលអាចបរិច្ចាគឈាមបាន គឺពិតជាសារៈសំខាន់ការចែករំលែក។ កាយវិការបរិច្ចាគនេះ ជាកាយវិការមនុស្សធម៌ ដែលយើងមិនអាចកាត់ថ្លៃបាន»

លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) បានសម្ដែងការរីករាយពីកម្មវិធីបរិច្ចាគឈាមនេះ ដោយលោកចាត់ទុកថា ការបរិច្ចាគឈាមនេះ គឺជាការជួយសង្គ្រោះ​​មនុស្ស និងបានបុណ្យកុសលច្រើនណាស់។ ម្យ៉ាងវិញទៀត ការ​​ផ្តល់​​ឈាមនេះ វាគឺជាការរួមចំណែកដែលបង្ហាញពីសាមគ្គីភាពនៅក្នុងសង្គម។

លោកបន្តថា៖ «អ្នកគ្រោះថ្នាក់ជាយថាហេតុណាមួយដែលត្រូវការឈាមបន្ទាន់។ មិនមែនត្រឹមតែឃើញទេ តែយើងចូលរួមក្នុងការជួយសង្រ្គោះជីវិតមនុស្ស»

ចំណែកប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព ថ្លែងថា កម្មវិធីបរិច្ចាគឈាម​នេះ ក្នុងមួយឆ្នាំ គឺអង្គការរបស់លោកស្រីរៀបចំពីរដង ដោយមានការសហការជាមួយនឹងមជ្ឈមណ្ឌលផ្ដល់ឈាមកម្ពុជា ជាពិសេសវាមានភាពងាយស្រួល ដោយក្រុមគ្រូពេទ្យបានចុះមកផ្ទាល់ ដើម្បីអាចឱ្យយុវជន និងសាធារណជនមកបរិច្ចាគបាន។

បើតាមលោកស្រី ចក់ សុភាព ការផ្តល់ឈាមនេះ វាពុំមែនជារឿងដែលត្រូវភ័យខ្លាចអ្វីឡើយ ពីព្រោះវាមិនប៉ះពាល់ដល់សុខភាពនោះទេ។

លោកស្រីបន្ដថា៖ «វាជាបុណ្យកុសលមួយដែលបានបរិច្ចាគឈាមស្រស់របស់ខ្លួន ដើម្បីឱ្យអ្នកដទៃមានជីវិត។ ដូចយើងដឹងស្រាប់ហើយថា នៅមជ្ឈមណ្ឌលផ្ដល់កម្ពុជា ក៏មានការខ្វះខាតឈាមដែរ។ ខ្ញុំសង្ឃឹមថា តាមរយៈកម្មវិធីនេះ យើងបានជួយ ​និងរួមចំណែកដល់ពលរដ្ឋយើងទាំងអស់គ្នា»

របាយការណ៍ដែលចេញដោយមជ្ឈមណ្ឌលផ្ដល់ឈាមកម្ពុជា បង្ហាញថា កាលពីឆ្នាំ២០២០ កន្លងទៅ ឈាមដែលទទួលបានពីការបរិច្ចាគនៅទូទាំងប្រទេស សរុបជាង ១០ម៉ឺនសាក់ ក្នុងនោះ​​ទទួល​​បាន​​ពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម ប្រមា​​ណ​​៧ម៉ឺនសាក់ និងមណ្ឌលផ្តល់ឈាមនៅតាមខេត្ត ទទួ​​ល​​បា​នប្រមាណ៣ម៉ឺនសាក់៕

អត្ថបទដោយលោក ឃាង សុខមាន