Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

យុវជនមកពីឃុំជាំ និងឃុំចាន់មូល ស្រុកមេមត់ រៀនសូត្រ អំពីការប្រព័ន្ធសន្តិសុខ ក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩)

Views: 1

ដោយ៖ ឡុង ដានី និង វី ស៊ីថា ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម/ភ្នំពេញ៖នៅវេលាម៉ោង៧:៣០នាទីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ យុវជនចំនួន៤៨នាក់ ក្នុងនោះមានស្រី៣៥នាក់ និងប្រុស១៣នាក់ មកពីឃុំជាំ និងឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានចូលរួមវេទិកាថ្នាក់រៀនស្ដីអំពីប្រព័ន្ធសន្តិសុខក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៅមជ្ឈមណ្ឌលឯកសារកោះថ្ម ខេត្តត្បូងឃ្មុំ។

ជាកិច្ចចាប់ផ្តើម លោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្មបានដឹកនាំយុវជនដើរទស្សនាពិព័រណ៍នៃបណ្តុំ
រូបថត រូបគំនូរ និងផែនទីទាំង១៣៣ នៅក្នុងការិយាល័យមជ្ឈមណ្ឌលឯកសារកោះថ្មដោយចាប់ផ្តើមពីបណ្តុំរូបថតនៃ សង្គ្រាមនៅក្នុងប្រទេសកម្ពុជានៅចុងទសវត្សរ៍ឆ្នាំ១៩៦០ចេញពីតំបន់កោះថ្ម,បណ្តុំរូបថតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បណ្តុំរូបថតនៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាបន្ទាប់ពីរបបខ្មែក្រហមបានដួលរលំនៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩, បណ្តុំរូបថតភ័ស្តុតាងអំពីឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយរបបខ្មែរក្រហម (១៩៧៥-១៩៧៩) បណ្តុំរូបគំនូដែលសមមិត្តហ៊ុនសែន(សមេ្តចតេជោហ៊ុនសែន)និងយុទ្ធមិត្ត៤រូបចាកចេញទៅប្រទេសវៀតណាមដើម្បីរៀបចំកម្លាំងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតនៅថ្ងៃទី២០ខែមិថុនាឆ្នាំ១៩៧៧និងផែនទីបង្ហាញផ្លូវដែលសមមិត្ត ហ៊ុន សែន និងយុទ្ធមិត្ត៤រូបបានចាកចេញពីបន្ទាយយោធានៅភូមិកោះថ្មទៅតំបន់ព្រំដែនអាងដាច់ដើមត្រយឹង (X-16) និងទីតាំងមួយចំនួននៅក្នុងស្រុកឡុកនិញ ខេត្តសុងប៊ែរ ប្រទេសវៀតណាម និងការបង្កើតអង្គភាព១២៥ ដែលជាកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាដំបូងបង្អស់ ដើម្បីវាយផ្តួលរំលំរបបប្រល័យពួជសាសន៍ ប៉ុល ពត នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨។

ជាកិច្ចបន្តលោក ឡុង ដានី បានធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ស្តីអំពី ប្រព័ន្ធសន្តិសុខក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។

លោក ឡុង ដានី មានប្រសាសន៍ថា បើយោងតាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាគឺមានប្រជាជន រាប់សែននាក់ត្រូវបានចាប់ខ្លួនយកទៅឃុំឃាំង ធ្វើទារុណកម្ម សួរចម្លើយនិងសម្លាប់យ៉ាងព្រៃផ្សៃនៅតាមមន្ទីរសន្តិសុខ
នានានៅទូទាំងប្រទេសកម្ពុជានៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។

ខ្មែរក្រហមបានបង្កើតមន្ទីរសន្តិសុខប្រមាណជិត២០០កន្លែងស្ទីរគ្រប់ទីកន្លែងនៅទូទាំងប្រទេស។ មន្ទីរសន្តិសុខ គឺជាពាក្យដែលខ្មែរក្រហមប្រើជំនួសពាក្យ គុក។

មន្ទីរសន្តិសុខ ឬគុកត្រូវបានខ្មែរក្រហមប្រើប្រាស់ជាកន្លែងឃុំឃាំង កន្លែងសួរចម្លើយ និងកន្លែងសម្លាប់អ្នកទោស។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ខ្មែរក្រហមបានរៀបចំមន្ទីរសន្តិសុខតាមកម្រិតដូចខាងក្រោម៖
១) មន្ទីរសន្តិសុខ៣កម្រិតដំបូង គឺ (កម្រិតឃុំ កម្រិតស្រុក និងកម្រិតតំបន់) គឺភាគច្រើនជាកន្លែងឃុំឃាំងអតីតទាហាន និងមន្រ្តីរដ្ឋការនៃរបបលន់នល់និងអ្នកទោសផ្សេងទៀតដែលជាប្រជាជនសាមញ្ញជាប់ចោទពីបទលួចរបស់របរឬចំណីអាហារ ឬរត់ចោលកន្លែងធ្វើការងារ ឬនិយាយអាក្រក់ពីអង្គការ។

២) មន្ទីរសន្តិសុខកម្រិតភូមិភាគ គឺជាកន្លែងឃុំឃាំង ធ្វើទារុណកម្ម និងសម្លាប់យុទ្ធជនខ្មែរក្រហម និងក្រុមគ្រួសារ និងអ្នកទាំងឡាយណាដែលត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តបទល្មើសផ្សេងៗនៅក្នុងភូមិភាគនោះ។

៣)មន្ទីរសន្តិសុខកម្រិតខ្ពស់បំផុត គឺជាមន្ទីរសន្តិសុខមជ្ឈិម ដែលមានឈ្មោះសម្ងាត់ហៅថា មន្ទីរ ស-២១ ដែលទីតាំងនៅទីក្រុងភ្នំពេញ។ អ្នកទោសនៅមន្ទីរ ស-២១ ស្ទើរតែទាំងអស់ជាអតីតកម្មាភិបាល កងទ័ពខ្មែរក្រហម និងក្រុមគ្រួសារដែលជាប់ចោទពីបទក្បត់ខ្មែរក្រហម (បក្សកុម្មុយនីស្តកម្ពុជា)។

មានអ្នកទោសតិចតួចណាស់ដែលបានរួចជីវិតពីមន្ទីរ ស២១។នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមបានបែងចែក ខ្មាំងជាពីប្រភេទគឺ សត្រូវខាង ក្នុង និងសត្រូវខាងក្រៅ។

សត្រូវខាងក្នុង គឺជាប្រជាជនថ្មី មន្ត្រីរដ្ឋការពីរបបមុន ជនជាតិដើមភាគតិចតំបន់ភ្នំ ជនជាតិភាគតិចចាមជនជាតិភាគ តិចវៀតណាម ជនជាតិភាគតិចចិន បញ្ញវន្ត ជាដើម។

សត្រូវខាងក្រៅ គឺសំដៅទៅសហរដ្ឋអាមេរិក អតីតសហភាពសូវៀត ប្រទេសថៃ ប្រទេសវៀតណាមបណ្តាប្រទេស សង្គមនិយមមួយចំនួនទៀត។ជនបរទេសប្រជាជនខ្មែរនិងកម្មាភិបាលកងទ័ពខ្មែរក្រហមដែលបានជាប់ចោទថាបានបម្រើការងារជាភ្នាក់ងារឲ្យប្រទេសដូចបានរៀបរាប់ខាងលើស្ទើរតែទាំងអស់ត្រូវបានចាប់ខ្លួនបញ្ជូនទៅឃុំឃាំង ធ្វើទារុណកម្ម សួរចម្លើយ និងសម្លាប់នៅមន្ទីរ ស-២១។

បន្ទាប់ពីបញ្ចប់ការធ្វើបទបង្ហាញអំពីប្រព័ន្ធសន្តិសុខក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) លោកឡុង ដានី បានចាក់បញ្ចាំងខ្សែភាពយន្តឯកសារស្តីអំពី គុកទួលស្លែង (ស-២១) ឲ្យយុវជនដែលចូលរួមវេទិកាបានទស្សនា។

ជាកិច្ចបន្តលោក ឡុង ដានី ក៏បានធ្វើបទបង្ហាញបន្ថែមលើប្រធានបទស្តីពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍ ការប្រើប្រាស់អំពើហិង្សា ការរើសអើង និងផលវិបាករបស់វា។

មុនពេលបញ្ចប់វេទិកាថ្នាក់រៀននេះ យុវជនបានមានចំណាប់អារម្មណ៍ដូចខាងក្រោម៖

នាងខ្ញុំឈ្មោះស៊ុន សុម៉ាលីស ភេទស្រី មានអាយុ១៦ឆ្នាំ មកពីវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនស្រែតានងកើត។ ខ្ញុំពិតជាមានអារម្មណ៍រំភើបនៅពេលដែលបានមកទស្សនកិច្ចសិក្សានិងចូលរួមវេទិកាស្តីអំពីប្រវត្តិសាស្រ្តខ្មែរក្រហមនៅក្នុងមជ្ឈមណ្ឌលឯកសារកោះថ្ម ព្រោះនៅខាងសាលាវិទ្យាល័យស្រែតានងកើតពុំធ្លាប់ដែលបានចូលរួមពីមុនមកទេ។ នៅពេលដែលខ្ញុំចូលមកដល់កន្លែងពិព័រណ៍ខ្ញុំឃើញថាមានការរៀបចំបានស្អាតហើយមានទាំងផ្ទាំងគំនូរនៃការធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសវៀតណាមដើម្បីស្នើសុំជំនួយក្នុងការរៀបចំបង្កើតកងកម្លាំងប្រដាប់អាវុធសង្រ្គោះជាតិកម្ពុជាដើម្បីរំដោះប្រទេស និងប្រជាជនកម្ពុជាចេញពីរបបកម្ពុជាប្រជាធិបតេយ្យ ។

ក្រោយពីបានស្ដាប់ការពន្យល់ណែនាំរបស់លោកគ្រូឡុង ដានីរួចមកខ្ញុំទទួលបានចំណេះដឹងច្រើនជាងមុនទាំង វិធីទប់ស្កាត់ និងផលប៉ះពាល់ពីរបបប្រល័យពូជសាសន៍ ។

ខ្ញុំបាទឈ្មោះ គុណ ជិនប៉ាវ ភេទប្រុសមានអាយុ១៩ឆ្នាំ មកពីវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនលាជលើ។ នៅក្នុងមជ្ឈមណ្ឌលឯកសារកោះថ្មខ្ញុំឃើញមានការរៀបចំបានស្អាតអំពីរូបថតជំនាន់ខ្មែរក្រហមរូបភាពបន្ទាប់ពីរំដោះ ឆ្នាំ១៩៧៩ រួចផ្ទាំងគំនូរផែនទីរណ្ដៅសាកសពជាច្រើនកន្លែងដែលលោក ឡុង ដានី ប្រធានមជ្ឈមណ្ឌលឯកសារកោះថ្ម បានពន្យល់ណែនាំអំពីរូបភាព ផ្ទាំងគំនូរដែលមាននៅក្នុងនោះ។

ក្រោយពីបានមកទស្សនកិច្ចនិងចូលរួមវេទិកានៅទីនេះរួចមកខ្ញុំទទួលបាននូវចំណេះដឹងថ្មីៗជាច្រើនដែលខ្មែរក្រហមបានធ្វើបាបប្រជាជនឲ្យធ្វើការលើសពី១២ម៉ោងនៅក្នុងមួយថ្ងៃ បំបែកបំបាក់គ្រួសារមិនឲ្យរស់នៅជួបជុំគ្នាក្មេងដែលមាន អាយុចាប់ពី១៥ទៅ១៦ឆ្នាំឡើងត្រូវធ្វើជាកងចល័ត យោធា ហើយចំពោះកុមារក៏ ត្រូវធ្វើការដូចគ្នា។

ស្រូវដែលប្រជាជនធ្វើបានយកទៅលក់ឱ្យបរទេសហើយប្រជាជនត្រូវបរិភោគអាហារមិនគ្រប់គ្រាន់។ខ្ញុំនឹងខិតខំរៀន សូត្រហើយចែករំលែកអ្វីដែលខ្ញុំទទួលបានទៅដល់ក្មេងៗជំនាន់ក្រោយដែលគាត់ពុំសូវបានសូត្រអំពីប្រវត្តិសាស្រ្តឲ្យគាត់បានដឹងអំពីផលវិបាក និងវិធីទប់ស្កាត់នៃរបបប្រល័យពូជសាសន៍ ៕សរន

យុវជនមកពីឃុំជាំ និងឃុំចាន់មូល ស្រុកមេមត់ រៀនសូត្រ អំពីការប្រព័ន្ធសន្តិសុខ ក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩)(រូបថត មជ្ឈមណ្ឌលឯកសារកម្ពុជា)

Post navigation