ក្នុងស្ថានភាពជីវភាពយ៉ាប់យ៉ឺន ប្រជាជនមួយចំនួនបានចោទសួរថា តើរដ្ឋាភិបាលថ្មីដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើអ្វីខ្លះ ដើម្បីជួយដល់ប្រជាជនកម្ពុជា ក្នុងស្ថានភាពលំបាក ។

កាលពីថ្ងៃទី២៩ ខែកញ្ញា នេះ ឆ្លើយតបនឹងសំណួររបស់ប្រជាពលរដ្ឋមួយចំនួន ដែលបាន ចោទសួរថា តើរាជរដ្ឋាភិបាលកម្ពុជា បានគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកយ៉ាងណាទេ?
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឆ្លើយសំណួរនេះ តាមរយៈ Facebook ថា គិតមកត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលចំណាយថវិកាអស់ជាង១២០០លានដុល្លារហើយ ក្នុងការជួយទៅដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ, ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ ឆ្នាំ និងជូនគ្រួសារងាយរងហានិភ័យ ដោយសម្ពាធអតិផរណា ។
សម្តេចបានលម្អិតថា ការឧបត្ថម្ភគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ១៩ ដែលកម្មវិធីនេះ ចាប់ផ្ដើមដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ និងបានដំណើរការអស់រយៈពេល៣៩ខែ ។ ប្រជាពលរដ្ឋដែលទទួលបានផលពីកម្មវិធីនេះ មានចំនួនសរុប៧០១ ៤៥២ គ្រួសារ ឬស្មើនឹង២ ៧៦០ ០៨៥នាក់ ដែលរដ្ឋបានចំណាយថវិកាសរុបជិត១២០០លានដុល្លារ ។
ការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ ដែលត្រូវបានដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ។ មកទល់ពេលនេះ មានស្ត្រីនិងកុមារដែលទទួលផលពីកម្មវិធីនេះចំនួន៣៣៩,៩៧៧នាក់ ចំណែកថវិកាសរុបជិត២៧លានដុល្លារ ។
រីឯការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា ដែលត្រូវបានដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ប្រជាពលរដ្ឋដែលបានទទួលផលពីកម្មវិធីនេះ មានចំនួន៤៩៥,១១៩គ្រួសារ ហើយរាជរដ្ឋាភិបាលបានចំណាយថវិកាសរុបប្រមាណជាង៤២លានដុល្លារ។
ប្រមុខរាជរដ្ឋាភិបាលគូសបញ្ជាក់ថា ក្រៅពីកម្មវិធីទាំងបីនេះ រាជរដ្ឋាភិបាលក៏មានគោល នយោបាយផ្សេងទៀតជាច្រើន សម្រាប់ជួយដល់ប្រជាពលរដ្ឋខ្មែរ គ្រប់ស្រទាប់វណ្ណៈ ក្នុងគ្រប់វិស័យ នៅទូទាំងប្រទេស ។

សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ថា «កម្ពុជាមិនមែន ជាប្រទេសមានខ្លាំង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនមែនខ្វះទឹកចិត្ត ក្នុងការជួយដល់ប្រជាពលរដ្ឋខ្លួនឯងនោះទេ» ទន្ទឹមពេលជាមួយគ្នានោះ ។
ចាប់ពីដើមខែតុលា ដល់ខែធ្នូ ចុងឆ្នាំ២០២៣ នេះ រាជដ្ឋាភិបាលក្រោមការដឹកនាំសម្តេច ហ៊ុន
ម៉ាណែត នឹងអនុវត្តគោលនយោបាយ អាទិភាព៦ចំណុច ។
សម្ដេច ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំពេញអង្គនៃគណៈរដ្ឋមន្ត្រីលើកទី២ កាលពីថ្ងៃទី២០កញ្ញា បានបញ្ជាក់ពី គោល នយោបាយអាទិភាពនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ទាំង៦ចំណុចនោះមានកម្មវិធីទី១ គឺការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅគ្របដណ្តប់សុខភាពជាសាកល កម្មវិធីទី២ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ ងាយរងហានិភ័យនៅទូទាំងប្រទេស កម្មវិធីទី៣ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយ សង្គម សម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រា មានវិបត្តិសេដ្ឋកិច្ច និងគ្រោះអាសន្នកម្មវិធីទី៤ ការដាក់ចេញនិងការជំរុញ អនុវត្តយុទ្ធសាស្ត្រ អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាព ចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ កម្មវិធីទី៥ ការដាក់ចេញនូវយន្តការសម្របសម្រួល និង កម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃ កសិផល សំខាន់ៗ ក្នុងកម្រិតសមរម្យ និងកម្មវិធីទី៦ចុងក្រោយ ការដាក់ពង្រាយមន្ត្រីបច្ចេកទេស កសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស ដើម្បីជំរុញ ការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយ ផលិតផលកសិកម្មរបស់ខ្លួន និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ ។
បន្ថែមពីនេះ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចុះហត្ថលេខាលើអនុក្រឹត្យថ្មីមួយ ដោយអនុញ្ញាតឱ្យបញ្ចុះអត្រាអាករនាំចេញលើមុខ ទំនិញថ្មធម្មជាតិ សម្រាប់នាំចេញមួយចំនួន ក្នុងគោលដៅជួយសម្រាលបន្ទុកដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែងនៃផលិតផលថ្មធម្មជាតិខ្មែរ នៅលើទីផ្សារ អន្តរជាតិ ផងដែរ។
នៅចុងខែកញ្ញានេះ រដ្ឋាភិបាលកម្ពុជាក៏បានដំឡើង ប្រាក់គោលកម្មករ កម្មការិនី ក្នុងឧស្សាហកម្មកាត់ដេរ ពី២០០ទៅ២០៤ ដុល្លារសម្រាប់ឆ្នាំ២០២៤ផងដែរ ។ ដោយពិនិត្យមើលអ្វីដែលរៀបរាប់
ខាងលើ រដ្ឋាភិបាលបានខិតខំជាខ្លាំងក្នុងសមត្ថភាពរបស់ខ្លួន ដើម្បីជួយដល់ប្រជាជនពិសេស អ្នកក្រីក្រ និងជនងាយរងគ្រោះ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ស្ថានភាពសេដ្ឋកិច្ចធ្ងន់ធ្ងរ ជំនួយរដ្ឋាភិបាលហាក់ដូចជាមិនទាន់បានតាមការចង់បានរបស់មនុស្សមួយប្រទេសបានឡើយ ។
ក្នុងទិដ្ឋភាពដ៏ទូលំទូលាយ រដ្ឋាភិបាលពីពេលនេះ ត្រូវធ្វើយ៉ាងអោយសកម្មភាពជំរុញ ការលូត លាស់សេដ្ឋកិច្ចឆាប់វិលត្រឡប់ទៅរកស្ថានភាពមុនកូវីដ១៩ ។ វាជាការចាំបាច់ ដែលរដ្ឋាភិបាលពិសេស ក្រសួងទេសចរណ៍គិតគូរលម្អិតអំពីវិធីសាស្ត្រទាក់ទាញទេសចរណ៍បរទេសអោយមកលេងកម្ពុជា ហើយធ្វើអោយរីកចម្រើនវិស័យកាត់ដេរ និងសម្លៀកបំពាក់ ធ្វើអោយមានរំហូត
នវិយោគបរទេសកាន់តែច្រើន ដើម្បីបង្កើតការងារ និងការលូតលាស់សេដ្ឋកិច្ច និងជំរុញវិស័យសំណង់អោយមានសកម្មភាពរស់រវើកឡើងវិញ ។
នៅពេលដែលរដ្ឋាភិបាលមាននយោបាយគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើអោយវិស័យសំខាន់ៗនៃសេដ្ឋកិច្ចមានសកម្មភាពរស់រវើកដូចកាលមុនកូវីដ១៩ ពេលនោះ ប្រជាជនកម្ពុជាទាំងអស់ នឹង មើលឃើញកាន់តែច្បាស់អំពីកិច្ចការដែលរដ្ឋាភិបាលបាន ធ្វើដើម្បីសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចប្រជាជនផ្ទាល់ ។
ពេលដែលប្រជាជនមានជីវភាពកាន់តែធូរធារ មុខរបរនានាមានសកម្មភាពរស់រវើក អាចអោយប្រជាជនរកលុយបានច្រើន ហើយមនុស្សគ្រប់គ្នាមានការងារ ធ្វើដោយបានទទួលប្រាក់ខែសមរម្យសម្រាប់ជីវភាព ប្រជាជនកាន់តែមើលឃើញច្បាស់ពីកិច្ច ខិតខំរបស់រដ្ឋាភិបាលក្នុងបេសកម្មបម្រើរាស្ត្រនិងប្រទេសជាតិ ៕
-សរសេរដោយ៖ សារ៉ាន់
-កែសម្រួលដោយ៖ ប្រេវីន
