Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មន្ទីរធនធានទឹកខេត្តឧត្តរមានជ័យ បញ្ចេញគ្រឿងចក្រ ទៅជួយទប់ទឹក ជំនួសការទប់ដោយការ៉ុង

Views: 1

ដោយៈប.ខុន / ភ្នំពេញៈ ក្រោយពីប្រជាពលរដ្ឋជាច្រើនភូមិ បានស្នើសុំការ៉ុងយកទៅច្រកដី ដើម្បីទប់ទឹកទុកប្រើប្រាស់ នៅពីមុខស្ពានអាងទឹករួចមក មន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានសម្រេចបញ្ចេញគ្រឿងចក្រ ទៅធ្វើជំនួសការធ្វើ ដោយដៃរបស់ប្រជាពលរដ្ឋ ដែលមកដល់ពេលនេះ បានរួចរាល់ហើយៗអាងនេះ

អាចរក្សាទឹកទុកបានប្រមាណជា ៥ លានម៉ែត្រគូប។

លោក ញឺន  កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣ថា ដោយមានការស្នើសុំការ៉ុងពី ប្រជាពលរដ្ឋជា ច្រើនភូមិ នៅក្នុងឃុំបេង ស្រុកបន្ទាយ អំពិលយកទៅច្រកដី សម្រាប់ទប់ទឹកទុក នៅពីមុខផ្លូវស្ពាន ដែលចាក់ក្រាលកៅស៊ូ ដោយមន្ទីរអភិវឌ្ឍន៍ខេត្ត ដើម្បីទុកប្រើប្រាស់ នៅពេលខាងមុខ ដោយប្រើប្រាស់កម្លាំង សហការគ្នារបស់អ្នកភូមិ មន្ទីរក៏បានសម្រេច បញ្ចេញគ្រឿងចក្រ ទៅជួយអន្តរាគមន៍ ទប់ទឹក ដែលមកដល់ថ្ងៃទី ២៥ តុលានេះ បានរួចរាល់ហើយ។

ប្រធានមន្ទីរខាងលើ បាននិយាយឱ្យដឹងទៀតថា ប្រជាពលរដ្ឋជា ច្រើនភូមិ រួមកម្លាំងគ្នា គ្រោងទប់ទំនប់ នៅពីមុខស្ពានខាងលើ ដោយសារពួកគាត់ បារម្ភខ្លាចខ្វះទឹកប្រើប្រាស់  នៅក្នុងរដូវប្រាំង ខាងមុខ។ ចំណុចដែលប្រជាពលរដ្ឋ ត្រូវទប់នេះ មន្ទីរបានធ្វើការ ទប់ រាល់ឆ្នាំ តែមិនទប់លឿន ដូចពេលនេះទេ គឺទប់នៅចុង ខែវិច្ឆិកា ដើម្បីរក្សាទឹកទុកប្រើប្រាស់ សម្រាប់ឃុំបេង ដែលជាតំបន់ខ្សត់ភ្លៀង និងខ្សត់ប្រភពទឹកប្រើប្រាស់។

លោក ញឺន កួន បាននិយាយឱ្យដឹងទៀតថា កន្លែងប្រជាពលរដ្ឋ គ្រោងទប់ទឹក ដោយការ៉ុងច្រកដីនេះ ជាអាងទឹកបេង អាចរក្សាទឹក ទុកបានប្រមាណជា ៥ លានម៉ែត្រ សម្រាប់តែការប្រើប្រាស់ ប្រចាំថ្ងៃ។ ទំនប់អាងនេះ ត្រូវបានសាងសង់ឡើង ដោយក្រសួងធនធានទឹក និងឧតុនិយម តែក្រោយមក ត្រូវបានអភិវឌ្ឍន៍ទៅជាផ្លូវ ក្រាលកៅស៊ូ លើខ្នងទំនប់ និងមានស្ពាន តែមិនទាន់មានទ្វារទឹក។ ចំណុចស្ពាននេះ មន្ទីរបានលើកគម្រោងស្នើទៅក្រសួង សុំធ្វើទ្វារទឹក នៅក្នុងឆ្នាំក្រោយនេះ៕ V / N

Post navigation