Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

៤ខែ ដកពិន្ទុអ្នកបើកបរ បានជាង១ម៉ឺនពិន្ទុ

Views: 2

ដោយៈ សុផល / ភ្នំពេញ៖ រយៈពេល ៤ខែ ក្នុងឆ្នាំ២០២២ ​កន្លងមកនេះ​ ដំណើរការ សាកល្បងពិន័យ និងដកពិន្ទុបណ្ណបើកបរ បានរកឃើញមានល្មើសច្បាប់ចរាចរណ៍ ចំនួនជាង ​៨ពាន់ ករណី និងបានដកពិន្ទុ សរុបជាង ១ម៉ឺនពិន្ទុ។

បើ​តាមការបញ្ជាក់ពីលោកស្រី មឹន មាណាវី រដ្ឋលេខា​ធិការ ក្រសួងសាធារណការ ​និងដឹកជញ្ជូន និងជាអគ្គលេខាធិការ​គណៈកម្មាធិការជាតិសុវត្ថិភាព​ចរាចរណ៍ផ្លូវគោក​ បានថ្លែងក្នុងពិធីបូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និងលើកទិសដៅ​ការងារ ឆ្នាំ២០២៣ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ថា៖ ​ក្នុងរយៈ ពេល នៃដំណើរការសាកល្បងធ្វើការពិន័យ និងដកពិន្ទុបណ្ណបើកបរ ដោយឧបករណ៍ បច្ចេកទេស រយៈពេលបួនខែ កន្លងមក ​គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ សមត្ថកិច្ច បានរកឃើញមានអ្នកល្មើសច្បាប់ចរាចរណ៍ ចំនួន ៨.៥១៣ នាក់ ​ក្នុងនោះ មានអ្នកបើកបររថយន្តធុនស្រាល មានចំនួន ៧.៤៧៧ គ្រឿង រកឃើញល្មើស ៧.៥៧៩ ករណី និងដកពិន្ទុសរុប ១០.១៦២ ពិន្ទុ ។ មានអ្នកបើកបររថយន្តធុនធ្ងន់ ចំនួន ១.០៣៦ គ្រឿង រកឃើញល្មើស ១.១៤៦ ករណី និងដកពិន្ទុ ៦៦៥ ពិន្ទុ ។

លោកស្រី​រដ្ឋលេខាធិការ​រូបនេះ​ បានថ្លែងបន្ថែមថាៈ ​ចំពោះការត្រួតពិនិត្យអ្នកជិះម៉ូតូ ល្មើស មានសរុប ១១៥.៨០១ គ្រឿង ក្នុងនោះ ​មានមិនពាក់មួកសុវត្ថិភាព​បានធ្វើការឃាត់បង្ខំឲ្យរកមួកមកពាក់ និងពិន័យ ចំនួន ៩៤ ភាគរយ​នៃករណីល្មើស សរុបរបស់អ្នកជិះម៉ូតូទាំង ១១៥.៨០១ ករណី។

គួរជម្រាបថា​ កម្មវិធីដកពិន្ទុបណ្ណបើកប​និងការបង់ប្រាក់ពិន័យអន្តរការណ៍ទូទាំងប្រទេស​ ចំពោះអំពើល្មើសច្បាប់​ស្តីពីចរាចរណ៍ផ្លូវគោក បានចាប់ផ្តើមអនុវត្តសាកល្បង ចាប់ពីថ្ងៃទី០១ ​ខែកញ្ញា ​ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២​ និងដំណើរការ អនុវត្តពេញលេញ កាលពីថ្ងៃទី០១​ ខែមករា ឆ្នាំ២០២៣។

ចំពោះ​ការដាក់ឱ្យដំណើរការកម្មវិធីនេះ ​ធ្វើឡើងក្នុងគោលបំណងបង្កើនប្រសិទ្ធភាព នៃការរឹតបន្តឹងការអនុវត្តច្បាប់​ស្តីពីចរាចរណ៍ផ្លូវគោក​សំដៅកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក បានជាអតិបរមា ក៏ដូចជាការបង្កលក្ខណៈងាយស្រួល ជូនប្រជាពលរដ្ឋ ក្នុងការបង់ប្រាក់ពិន័យអំពើល្មើសច្បាប់​ស្ដីពីចរាចរណ៍ផ្លូវគោក​និងធានាតម្លាភាព ក្នុងការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់​ស្តីពីចរាចរណ៍ផ្លូវគោកផងដែរ៕/V-PC

Post navigation