Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ភាគីពាក់ព័ន្ធ ពិភាក្សាលើសេចក្តីព្រាងលក្ខខណ្ឌបច្ចេកទេសទូទៅនៃការសាងសង់ប្រព័ន្ធបង្ហូរទឹកកខ្វក់

Views: 11

ដោយៈសុផល/ភ្នំពេញ៖ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ បាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងលក្ខខណ្ឌបច្ចេកទេសទូទៅ (General Technical Specification) នៃការសាងសង់ប្រព័ន្ធបង្ហូរទឹកកខ្វក់ និងសេចក្តីព្រាងគោលការណ៍ណែនាំថ្នាក់ជាតិស្តីពី អាងប្រព្រឹត្តិកម្មកាកសំណល់ភក់បង្គន់ (Faecal Sludge Treatment Plant) ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនEGIS ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ត្រីជំនាញពាក់ព័ន្ធ។

យោងតាមក្រសួងសាធារណការ ក្នុងជំនួបពិភាក្សានាឱកាសនេះ តំណាងក្រុមហ៊ុនEGIS ក្នុងនាមជាអ្នកប្រឹក្សាយោបល់ និងរៀបចំចងក្រងសេចក្តីព្រាងបានធ្វើបទបង្ហាញអំពីស្ថានភាពនៃការសិក្សា វិធីសាស្រ្តនៃការសិក្សា ករណីសិក្សាកន្លងមក ការប្រមែប្រមូលធាតុចូល បញ្ហាប្រឈម និងឱកាសនានាដែលអាចកើតមានសម្រាប់ការរៀបចំចងក្រងសេចក្តីព្រាងលក្ខខណ្ឌបច្ចេកទេសទូទៅនៃការសាងសង់ប្រព័ន្ធបង្ហូរទឹកកខ្វក់ និងគោលការណ៍ណែនាំថ្នាក់ជាតិស្តីពីអាងប្រព្រឹត្តិកម្មកាកសំណល់ភក់បង្គន់ និងបានលើកឡើងផងដែរអំពីមាតិកានៃការអនុវត្តការងារ វិធីសាស្រ្តប្រតិបត្តិ្កការ និងការថែទាំ វិធីសាស្រ្តនៃការគ្រប់គ្រង ក៏ដូចជានីតិវិធីនៃការតាមដានត្រួតពិនិត្យគុណភាព។

ទន្ទឹមជាមួយគ្នានោះ អង្គប្រជុំ បានធ្វើការកត់សម្គាល់ និងពិភាក្សាផ្លាស់ប្តូរគំនិតយោបល់យ៉ាងផុសផុល សំដៅជំរុញឱ្យការរៀបចំចងក្រងសេចក្តីព្រាងទាំងពីរខាងលើមានអត្ថន័យគ្រប់ជ្រុងជ្រោយ តាមលក្ខណៈបច្ចេកទេស ដើម្បីអនុវត្តនៅពេលខាងមុខប្រកបដោយប្រសិទ្ធភាពការងារខ្ពស់។

សូមជម្រាបជូនថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើសុំពេលវេលាបន្ថែមដើម្បីបញ្ជូនសេចក្តីព្រាងទាំងនេះទៅអង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទ ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់បន្ថែម ឱ្យបានកាន់តែលម្អិត និងស៊ីជម្រៅ ហើយបន្ទាប់មកនឹងមានការរៀបចំជាសិក្ខាសាលាដើម្បីដាក់ជូនភាគីពាក់ព័ន្ធវិស័យនេះផ្លាស់ប្តូរយោបល់ ក៏ដូចជាប្រមែប្រមូលធាតុចូលបន្ថែមដើម្បីបំពេញភាពចន្លោះប្រហោង មុននឹងគោរពស្នើសុំគោលការណ៍ពីឯកឧត្តមទេសរដ្ឋមន្ត្រី៕

Post navigation