Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ពិធី​បិទ​កីឡា​ជាតិ​នឹងមាន​នូវ​ទស្សនីយភាព​មិន​ចាញ់​ពិធី​បើក​ឡើយ​

Views: 5

ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ លោក​វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀប​ចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ មានប្រសាសន៍​បន្ទាប់ពី​កិច្ចប្រជុំ​ចម្រុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​សម្រាប់​ពិធី​បិទ​កីឡា​ជាតិ​ថា កីឡា​មួយចំនួន ត្រូវបាន​បញ្ចប់ ខណៈ​ប្រភេទ​កីឡា​ជាច្រើន​ទៀត​នឹងត្រូវ​បន្ដ​រហូតដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ទើប​បញ្ចប់ រួមជាមួយ​ការរៀបចំ​ពិធី​បិទ​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​តែម្ដង​ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

កិច្ចប្រជុំ​ចម្រុះ​នា​ល្ងាច​ថ្ងៃទី​២៥ ខែវិច្ឆិកា​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) សាលា​រាជធានី​ភ្នំពេញ​លោកនាយ​​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ​ទទួលបន្ទុក​ផ្នែក​សន្ដិសុខ​សណ្ដាប់ធ្នាប់ និង​គណៈកម្មការ​ពាក់​ព័ន្ធ​ទាំងអស់​ដើម្បី​ជួបជុំ​ពិភាក្សា និង​រក​ដំណោះស្រាយ​នូវ​ចំណុច​ខ្វះខាត​មួយចំនួន​ក្នុង​ពិធី​បើក​ដើម្បី​ត្រៀម​រៀបចំ​ពិធី​បិទ​នា​ថ្ងៃទី​៣០ ខែវិច្ឆិកា​ចុង​សប្ដាហ៍​នេះ​ឲ្យ​មាន​ភាព​អធិកអធម និង​អស្ចារ្យ​។​

​លោក​វ៉ា​ត់​ចំរើន​បន្ដថា​បញ្ហាសំខាន់​ដែល​លោក​បណ្ឌិត ថោង ខុន ប្រធាន​អង្គ​ប្រជុំបាន​​លើកឡើង​អំពី​ចំណុច​វិជ្ជមាន និង​ចំណុច​អវិជ្ជមាន​ដែល​ចំណុច​ខ្វះខាត​មួយចំនួន​ក្នុង​ពិធី​បើក​​របស់​យើង​គឺ​យើង​បាន​ជជែក​ផ្ទៃក្នុង​ជាមួយគ្នា​ដើម្បី​រក​ដំណោះស្រាយ​រួម​។​ធ្វើយ៉ាងណា​​សម្រួល​ដល់​អ្នកចូលរួម​ទស្សនា​ជាង​៤​ម៉ឺន​នាក់ រួមជាមួយ​ថ្នាក់ដឹកនាំ និង​ភ្ញៀវកិត្តិយស VVIP និង VIP ឲ្យ​ទទួលបាន​នូវ​សុវត្ថិភាព និង​ភាពកក់ក្ដៅ​ទាំងអស់គ្នា ចាប់ពី​ដំណើរ​មក​ចូលរួម រហូត​អញ្ជើញ​ត្រឡប់​ទៅវិញ រាប់ទាំង​សេវា​សុខាភិបាល​ជាដើម​។​

​ក្នុង​ពិធី​បើក​យើង​ជោគជ័យ​ក្នុងការ​សម្ដែង ការរៀបចំ និង​ការងារ​មួយចំនួនទៀត​ដែល​យើង​បានដឹង​ទាំងអស់គ្នា ប៉ុន្ដែ​ចំណុច​ដែល​យើង​មានការ​ខ្វះខាត​ក៏​យើង​ត្រូវតែ​​ត្រៀមលក្ខណៈ​ដែរ​។ សំខាន់​ជាងគេ គឺ​សុវត្ថិភាព និង​សន្ដិសុខ​សណ្ដាប់ធ្នាប់​តែម្ដង​។​
​ពិធី​បើក​បាន​បំផ្ទុះ​នូវ​ព័ត៌មាន​ដ៏​ធំ​មួយ​សម្រាប់​ពិធី​បើក​របស់​យើង​ហើយ​នៅក្នុង​ពិធី​បិទ​នេះ​ក៏​យើង​នឹងធ្វើ​ឲ្យ​មាន​អ្វីមួយ​អស្ចារ្យ​បន្ថែមទៀត​សម្រាប់​ផ្ដល់ជូន​ប្រជាពលរដ្ឋ​របស់​យើង​ទូទាំងប្រទេស​តាមរយៈ​បណ្ដាញ​ផ្សព្វផ្សាយ និង​បណ្ដាញ​សង្គម​។ យើង​ឃើញ​ការមកដល់​របស់​ប្រជាពលរដ្ឋ សិស្សានុសិស្ស និង​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) របស់​យើង​ក៏បាន​ចូលរួម​យ៉ាងច្រើន​កុះករ និង​ផ្ដល់នូវ​ភាពសប្បាយ​រីករាយ​ទៀតផង​។

​សម្រាប់​ពិធី​បិទ​កីឡា​ជាតិ​លើក​ទី​៣ និង​កីឡា​ជាតិ​ជនពិការ​លើក​ទី​១ នា​ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយនេះ​នឹងមាន​រៀបចំ​នូវ​ទស្សនីយភាព​ជាច្រើន និង​មានការ​ចូលរួម​ពី​តារាចម្រៀង​ល្បីៗ​ក្នុងប្រទេស​កម្ពុជា និង​ការសម្ដែង​មួយចំនួនទៀត​ដែលជា​ការសម្ដែង​ដើម្បី​ផ្ដល់នូវ​ក្ដីសង្ឃឹម​សម្រាប់​យុវជន​កម្ពុ​ជានា​ថ្ងៃ​អនាគត​។ ពិសេស​ការផ្ដល់​នូវ​ភាព​ត្រចះត្រចង់​នៃ​ការរក្សា​នូវ​សន្ដិភាព និង​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​ឆ្ពោះទៅ​អនាគត​ដ៏​រុងរឿង​មួយ​ស្របតាម​និយាម​ព្រឹត្តិការណ៍​អន្ដរជាតិ​ធំៗ ទាំង​កីឡា​អាស៊ី និង​កីឡា​អូឡាំពិក គឺ​ត្រូវ​បញ្ចប់​ដោយ​ក្ដីសង្ឃឹម​៕​

Post navigation