Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ពលរដ្ឋ​ចោទថា មន្ត្រី និង​ក្រុមហ៊ុន កូ ណៃ បិទផ្លូវ ដោយ​ដាក់​ដុំថ្ម ដាំ​បង្គោល និង​រាយ​លួស​បន្លា ព័ទ្ធ​យក​ដីភ្នំ​រដ្ឋ និង​ដី​ពលរដ្ឋ​, តែ​ក្រុមហ៊ុន​ថា​មិនមែន ជា​ផ្លូវ និង​ដី​ពលរដ្ឋ​ទេ​

Views: 1

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈពលរដ្ឋ បាន​ចោទថា មន្ត្រី និង​ក្រុមហ៊ុន​កូ​ណៃ បិទផ្លូវ​ដោយ​ដាក់​ដុំថ្ម ដាំ​បង្គោល និង រាយ​លួស​បន្លា ព័ទ្ធ​យក​ដីភ្នំ​រដ្ឋ និង​ដី​ពលរដ្ឋ ក៏ប៉ុន្តែ​ក្រុមហ៊ុន បាន​និយាយថា មិនមែនជា​ផ្លូវ និង​ដី​ពលរដ្ឋ​ទេ​។ ទីតាំង​មាន​បាតុភាព​នោះ ស្ថិតនៅ​ចំណុច​ជួរ​ភ្នំ​កង​វ៉ា ក្នុងភូមិ​កង​វ៉ា សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

​មនុស្ស​មួយចំនួន ដែល​សំអាងថា ជា​ពលរដ្ឋ​រស់នៅ​ភូមិ​កង​វ៉ា និង​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ បាន​ប្រាប់​សារព័ត៌មាន ឱ្យដឹង​កាលពី​ថ្ងៃទី​៧ ខែធ្នូ កន្លងទៅ​ថ្មីៗ​នេះ ថាៈ មន្ត្រីនគរបាល និង​ក៏​ជា​ថៅកែ​ក្រុមហ៊ុន​កូ ណៃ (​ដែលជា​ឈ្មោះ​លោក​) បាន​បិទផ្លូវ​សហគមន៍ ទៅ​ចម្ការ និង​ស្រែ​មួយកន្លែង ដោយបាន​យក​ដុំថ្ម​ធំៗ រៀប​បិទផ្លូវ ដែល​ពលរដ្ឋ​តែង​ធ្វើដំណើរ​ដឹក​កសិផល និង​ដី​អាស្រ័យ​ផល ចិញ្ចឹមសត្វ ។​

​ពលរដ្ឋ បាន​បន្តថាៈ ការធ្វើ​របង ដាក់​បន្លា​លួស រាយ​ដុំថ្ម​បិទផ្លូវ និង​ព័ទ្ធ​ភ្នំ​នោះ ទំនងជា​ព័ទ្ធ​យក​ដីភ្នំ​រដ្ឋ ដែល​គាត់​បាន​សុំ​អាជ្ញាប័ណ្ណ​កាយ​ដី យក​ប្រយោជន៍​រួចហើយ មិន​ព្រម​ប្រគល់ជូន​រដ្ឋ តែ​បែរជា​ព័ទ្ធ​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ថែមទៀត​ទៅវិញ ។ ពោលគឺ ដូចជា​កាត់​ផ្តាច់ដង្ហើម និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ។ ដី​នោះ មាន​ទំហំ រាប់សិប​ហិកតា​ដែរ ។​

​លោក សុ​ត វ​ឌ្ឍ​នា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង នៅ​ថ្ងៃទី ៧ ធ្នូ​នេះ​ថាៈ ដី​ថ្ម​នៅ​ភ្នំ ជា​សមត្ថកិច្ច​ជំនាញ​រ៉ែ មែន លើដី​ដែល​គាត់ និង​អាជីវករ​ផ្សេង បាន​សុំ​កាយ​អាចម៍ដី ចេញ​យកទៅ​ប្រើប្រាស់​តាម​កម្មវត្ថុ​។ ក្នុងនោះ ក្រោយ​កាយ​អាចម៍ ដី ថ្ម​ពី​ភ្នំ ឬ​ដី​រដ្ឋ​ចេញរួច ត្រូវប្រគល់​ថ្នាល​ដី​ឱ្យ​រដ្ឋ​វិញ ។ ប៉ុន្តែ​ករណី​ដែលថា មាន​បាតុភាព​យក​ថ្ម​ធំ ដាំ​បង្គោល និង​រាយ​លួស​បន្លា ព័ទ្ធ​បិទផ្លូវ​នោះ ជា​សមត្ថកិច្ច ដោះស្រាយ របស់​អាជ្ញាធរ​ភូមិ សង្កាត់ ក្រុង ខេត្ត ។ ទោះជា​យ៉ាងណា លោក​នឹង​ចាត់​មន្ត្រី​ឱ្យ​ចុះទៅ ពិនិត្យ វាយតម្លៃ និង​រាយការណ៍ នៅ​ចំណុច​ទីតាំង​ដីភ្នំ ដែលថា មានការ​ហ៊ុមព័ទ្ធ​យក ហើយ​បិទផ្លូវ​របស់​ពលរដ្ឋ​នោះ ។​

​ឯ​លោក ស្រេង សុផល អភិបាលក្រុង​សិរីសោភ័ណ បាន​ប្រាប់ថាៈ លោក​ក្តាប់​មិនទាន់ បាន​នៅឡើយ តែ​លោក​នឹង​ចាត់​ឲ្យ​ខាង​ភ្នាក់ងារ​ភូមិ មន្ត្រីសង្កាត់ ចុះ​ពិនិត្យ ដើម្បី​ដោះស្រាយ សំណូមពរ និង​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ ។​

​ឆ្លើយតប​ការចោទប្រកាន់ ខាងលើនេះ លោក កូ ណៃ នៃ​ក្រុមហ៊ុន​កូ ណៃ បាន​ប្រាប់ កាសែត​រស្មី​កម្ពុជា នៅ​ថ្ងៃទី​៧ ខែធ្នូ ថាៈ នៅ​ម្តុំ​នោះ មាន​ផ្លូវលំ​ពីរ​ខ្សែ ដែល​ពលរដ្ឋ ធ្លាប់ប្រើ​ប្រាស់ គឺ​នៅ​ខាងកើត ១​ខ្សែ ដែល​បង្វែរ​ទៅ​ជាប់​ជើងភ្នំ និង​ផ្លូវ​ចូល​បន្ទាយ រថក្រោះ (​យោធភូមិភាគ​៥ ទិស​បន្ទាយមានជ័យ​) និង​១​ខ្សែ​ទៀត​នៅ​ខាងលិច ។​

​លោក​បាន​បន្តថាៈ ប៉ុន្តែ​អ្វីដែល​ពលរដ្ឋ​តវ៉ា​នោះ ជា​ផ្លូវ​នោះទេ ។ វា​ជា​ដី​របស់លោក​ផ្ទាល់ ដែល​បាន​ទិញ​ពី​លោក តួ ធាន​ទឺ (​ទីប្រឹក្សា​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​ស្តារ និង​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​) ដែល​លោក បាន​កាយ​អាចម៍​ដីភ្នំ​អស់ ហើយ​សល់​រណ្តៅ​ដី ។ ចំពោះ​ធ្លា ឬ​គន្លង ដែលមាន​រាង​ដូច​ផ្លូវ​នោះ តាមពិត លោក​បាន​ឈូសឆាយ​ពង្រាប សម្រាប់ លោក​ធ្វើដំណើរ តែ​ក្នុង​ដី​កម្មសិទ្ធិ​របស់លោក​ប៉ុណ្ណោះ​។​

​លោក​បាន​បន្តទៀតថាៈ មួយទៀត នៅ​ជើងភ្នំ​នោះ បន្ទាយ​រថក្រោះ ដូចខាងលើ បាន​យក​ដីចម្ការ​របស់លោក កាលពី​អំឡុង​សភាពការណ៍​ព្រំដែន​កម្ពុជា ថៃ (​ឆ្នាំ​២០០៨) កន្លងមក តែ​ឥឡូវ​គាត់​បានប្រគល់​ដី​ឱ្យ​លោក​វិញ ។ ហេតុនេះ លោក​ក៏​ឈួ​ស​ឆាយ ដី​នោះ និង​ធ្វើ​របង​ហ៊ុមព័ទ្ធ​។​

​ទោះជា​យ៉ាងណា លោក កូ ណៃ បាន​ទទួលស្គាល់ថាៈ ពិតជា​ពលរដ្ឋ​ធ្លាប់​តវ៉ា និង សម្ភាសន៍ រិះគន់​លោក ដោយ​ចុះផ្សាយ​នៅ​សារព័ត៌មាន​បរទេស ផ្សាយ​ជា​ភាសា​ខ្មែរ រឿង​ផ្លូវ​ចូល​ចម្ការ​របស់​ពលរដ្ឋ​ដែរ​។ មានតែ​ម្នាក់ គឺ​លោកគ្រូ វ៉ន ចំរើន (​អតីត​ចៅសង្កាត់ កំពង់ស្វាយ​) ដែល​តវ៉ា​រឿង​ដីធ្លី និង​រឿង​ផ្លូវ​ទៅ​ចម្ការ ។ តែ​រឿង​នោះ ត្រូវបាន​ដោះ ស្រាយ​។​

​ចំពោះ​ការតវ៉ា​រឿង​ផ្លូវ ដែល​ចោទ​លោក​ថា បិទ​នាំឱ្យ​រាំងស្ទះ​ពេលនេះ តាមពិត បងប្អូន មាន​ផ្លូវ​សម្រាប់​ចូល​ចម្ការ និង​ដី​កសិផល នៅ​ទិសខាងកើត ប៉ុន្តែ​ដោយ​មិនបាន​ថែទាំ ឬ​សម្រួល​ឱ្យប្រើ​ប្រាស់​បាន ហេតុ​នោះ ទើប​ពលរដ្ឋ បាន​តវ៉ា ហើយ​ចង់​ដើរមក ទិស​ខាងលិច កាត់​ដី​កម្មសិទ្ធិ​របស់លោក​ទៅវិញ ។​

​ចំណែក​អ្នកតាមដាន នូវ​អ្វីដែល​ពាក់ព័ន្ធ​នឹង​ករណីនេះ បាន​និយាយថាៈ ដោយមាន​ការ ចោទប្រកាន់ និង​ឆ្លើយតប​មិនទាន់​ជ្រះស្រឡះ​ដូច្នេះ ក៏​ស្នើ​សុំឱ្យ​មន្ត្រី​អាជ្ញាធរ មាន​សមត្ថកិច្ច និង​អ្នកពាក់ព័ន្ធ ចុះ​ពិនិត្យ ដោះស្រាយ ឱ្យមាន​តម្លាភាព និង​អាច​ទទួលយកបាន​៕/V​

Post navigation