តំណាងពលរដ្ឋមានជម្លោះដីធ្លីនៅជាប់បឹងតាមោក ស្ថិតក្នុងសង្កាត់សំរោងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានស្នើតុលាការឱ្យទម្លាក់ចោលបទប្រកាន់លើពួកគេ៧នាក់។
កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ទុង រតនា បានកោះហៅតំណាងពលរដ្ឋចំនួន ៧នាក់ឱ្យចូលទៅបំភ្លឺចំពោះតុលាការ ក្នុងខែសីហានេះ ជាបន្តបន្ទាប់ ក្រោមបទចោទ «រារាំង ញុះញង់ និងបង្កើតសកម្មភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ» ទៅតាមបណ្ដឹងរបស់លោក មាស សម្បូរ ប្រធានសន្តិសុខខណ្ឌព្រែកព្នៅ ក្រោយពលរដ្ឋទាំងនេះនាំគ្នាដើរតវ៉ាដីធ្លី។
តំណាងពលរដ្ឋម្នាក់អ្នកស្រី ខេន សាអយ ប្រាប់ វីអូឌី ថា សាលាដំបូងរាជធានីភ្នំពេញបានសាកសួរលើតំណាងពលរដ្ឋទាំង ៧នាក់ នោះអស់ហើយ ដោយតំណាង ២នាក់ ចូលឆ្លើយបំភ្លឺចុងក្រោយនៅថ្ងៃព្រហស្សតិ៍នេះ ប៉ុន្តែមិនមានការចាប់ខ្លួនតំណាងពលរដ្ឋណាមួយឡើយ។
អ្នកស្រី ខេន សាអយ ដែលចូលបំភ្លឺចំពោះមុខតុលាការនៅថ្ងៃនេះបានឱ្យដឹងថា តុលាការសួរអ្នកស្រីជុំវិញការចូលទៅរស់នៅក្នុងតំបន់បឹងតាមោក និងការដើរតវ៉ាដីធ្លីកន្លងមកដែលពាក់ព័ន្ធជាមួយបទចោទ។
តំណាងពលរដ្ឋរូបនេះ អះអាងថា អ្នកស្រីបានប្រាប់ទៅតុលាការថា ពួកគាត់២៥០គ្រួសារបានទៅរស់នៅជាប់តំបន់បឹងតាមោកតាំងពីឆ្នាំ១៩៩០ ដោយកាលពីដើមឡើយធ្វើស្រែប្រាំង និងបច្ចប្បន្នដាំឈូក ចិញ្ចឹមត្រីលើផ្ទៃបឹង និងប្រកបរបរលក់ដូរជាប់ចិញ្ចើមផ្លូវលេខ១៥១។
អ្នកស្រីបន្តថា ក្នុងជំនួបជាមួយតុលាការនោះ គឺអ្នកស្រីបានស្នើទៅតុលាការទម្លាក់ចោលបទចោទលើតំណាងពលរដ្ឋទាំងអស់ ដោយថា ពួកគាត់មិនបានធ្វើខុសដូចការចោទប្រកាន់របស់អាជ្ញាធរឡើយ។
អ្នកស្រី បន្ថែមថា៖ «ខ្ញុំបានឆ្លើយទៅកាន់តុលាការថា ពួកខ្ញុំអត់បានបិទផ្លូវ ឬបង្កបញ្ហាដូចការចោទប្រកាន់ដែលថា ពួកខ្ញុំញុះញង់នោះទេ។ ពួកខ្ញុំគ្រាន់តែដើរតាមផ្លូវសុំឱ្យអាជ្ញាធរដោះស្រាយដីធ្លីបានរស់នៅនឹងកន្លែង និងចេញបណ្ណសិទ្ធិជូនពួកខ្ញុំតែប៉ុណ្ណោះ។ ខ្ញុំសូមបដិសេធទាំងអស់ចំពោះការចោទប្រកាន់មកលើពួកខ្ញុំ និងស្នើឱ្យទម្លាក់ចោលការចោទប្រកាន់លើពួកខ្ញុំ និងដោះស្រាយឱ្យពួកខ្ញុំបានអភិវឌ្ឍនៅនឹងកន្លែង»។
តំណាងពលរដ្ឋដែលជាប់បណ្តឹងនៅតុលាការម្នាក់ទៀត អ្នកស្រី ប្រាក់ សុភា និយាយថា ប្រជាពលរដ្ឋនៅតែរក្សាជំហរទាមទារការអភិវឌ្ឍនៅនឹងកន្លែង និងសុំបណ្ណកម្មសិទ្ធិ ដោយមិនព្រមដោះដូរទៅកន្លែងផ្សេងឡើយ ទោះមានការគំរាមកំហែង និងជាប់បណ្តឹងនៅតុលាការក៏ដោយ។
តំណាងពលរដ្ឋរូបនេះ បន្តថា វាជារឿងអយុត្តិធម៌មួយដែលរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុនឯកជន និងអ្នកមានលុយមានអំណាច មានសិទ្ធិទទួលបានដីធ្លីនៅបឹងតាមោក ខណៈពួកគាត់ ២៥០គ្រួសាររស់នៅ និងអាស្រ័យផលនៅជាប់បឹងធម្មជាតិមួយនេះជាង ៣០ឆ្នាំ ត្រូវបណ្តេញចេញទៅកន្លែងផ្សេងទៅវិញ។
ម្យ៉ាងទៀតអ្នកស្រីថា អ្នកភូមិមិនព្រមដោះដូរទៅកន្លែងផ្សេង ដោយសារបារម្ភពីជីវភាពគ្រួសារធ្លាក់ចុះដោយសារការបាត់បង់មុខរបរ។
អ្នកស្រីបន្ថែមថា៖ «មន្ត្រីមានលុយមានអំណាចអាចនៅលើផ្ទៃបឹងតាមោក ដែលជាកេរដំណែលដូនតាបាន។ ចុះហេតុអីពួកខ្ញុំជាប្រជាពលរដ្ឋដែលម្ចាស់ទឹកដីដែរ ហេតុអីពួកខ្ញុំមិនអាចរស់នៅជាប់បឹង ឬជាប់ផ្លូវបឹងតាមោកហ្នឹងបាន។ តើការអភិវឌ្ឍហ្នឹងវាស្មើភាពគ្នាអត់ ហើយសមដែរអត់អភិវឌ្ឍកន្លែងណា ប្រជាពលរដ្ឋស្រក់ទឹកភ្នែកកន្លែងហ្នឹង។ ខ្ញុំស្អប់ការអភិវឌ្ឍ ខ្ញុំឈឺចាប់នឹងការអភិវឌ្ឍណាស់»។
វីអូឌី មិនអាចសុំការបញ្ជាក់ពី អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេនៅថ្ងៃព្រហស្សតិ៍នេះ។
ចំណែកដើមបណ្តឹងដែលជាប្រធានសន្តិសុខខណ្ឌព្រែកព្នៅលោក មាស សម្បូ មានប្រសាសន៍ថា លោកប្តឹងតំណាងពលរដ្ឋទាំងនោះ ដោយសារពួកគេបាននាំគ្នាតវ៉ា រារាំង និងជេរប្រមាថមន្ត្រីរាជការពេលចុះអនុវត្តការងារ និងបានតវ៉ាបិទផ្លូវសាធារណៈជាដើម។
លោកបន្ថែមថា៖ «ខ្ញុំប្តឹងពួកគាត់ទាំងហ្នឹង ដោយសារតែពេលយើងចុះទៅអនុវត្តការងារតាមច្បាប់ បែរជាពួកគាត់នាំគ្នារារាំង មិនត្រឹមតែប៉ុណ្ណោះទេ បានជេរប្រមាថកាតទានមកលើពួកខ្ញុំយ៉ាងចាស់ដៃថែមទៀត។ ក្នុងនោះ យើងមានភស្ភតាងក្នុងដៃគ្រប់គ្រាន់ដែលពួកគាត់បានប្រព្រឹត្តមកលើពួកយើងខ្ញុំ រហូតដល់មានការបិទផ្លូវជាដើម។ ខ្ញុំជាមន្ត្រីអនុវត្តច្បាប់ ខ្ញុំធ្វើអ្វីទៅតាមច្បាប់ ដល់ពេលពួកគាត់មកជេរប្រមាថអ៊ីចឹង ខ្ញុំមិនអាចទទួលបានទេ។ អ៊ីចឹងខ្ញុំមានតែអនុវត្តទៅតាមនីតិវិធីច្បាប់តែប៉ុណ្ណឹង»។
អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ ប្រាប់ វីអូឌី កាលពីថ្ងៃទី៣ ខែសីហានេះថា រដ្ឋបាលរាជធានីភ្នំពេញនឹងពិភាក្សាជាមួយប្រជាពលរដ្ឋនិងអាជ្ញាធរពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ចប់រឿងនេះ ប៉ុន្តែមិនអាចឱ្យអភិវឌ្ឍនៅនឹងកន្លែងបាននោះទេ។ លោកថា ពលរដ្ឋទាំងនោះបានរស់នៅលើចំណីផ្លូវលេខ១៥១ ដោយខុសច្បាប់ ដែលផ្លូវនេះ រដ្ឋាភិបាលគ្រោងពង្រីក៥០ម៉ែត្រ។
មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៅ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍ថា អាជ្ញាធរតែងតែប្រើប្រាស់កម្លាំង និងប្រព័ន្ធតុលាការ ដើម្បីបង្ក្រាប និងគំរាមកំហែងពលរដ្ឋដើម្បីបំបាក់ស្មារតីពលរដ្ឋហ៊ានតវ៉ាដីធ្លីរបស់ខ្លួន។
លោកបន្តថា ទង្វើរបស់អាជ្ញាធរនេះ គឺមិនអាចដោះស្រាយបញ្ហាចប់បានឡើយ ហើយទង្វើនេះ បានរំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរក្នុងការទទួលបានដីធ្លី និងសិទ្ធិលំនៅឋានដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិ។
លោកបន្ថែមថា៖ «សិទិ្ធមានដីធ្លី និងសិទ្ធិមានលំនៅឋានសមរម្យរបស់ប្រជាពលរដ្ឋ ត្រូវបាន [រំលោភ] យ៉ាងធ្ងន់ធ្ងរ ដោយកម្លាំងអាជ្ញាធរ និងប្រព័ន្ធតុលាការ។ យើងដឹងហើយថា ពលរដ្ឋទាមទារឱ្យមានដំណោះស្រាយឱ្យបានសមរម្យសម្រាប់ពួកគាត់ អាហ្នឹងជាសិទ្ធិដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ពិសេសដទៃទៀត ក៏ដូចជា បទដ្ឋានគតិយុត្តដែលប្រទេសយើងបានផ្តល់សច្ចាប័ន»។
ប្រធានគម្រោងសិទ្ធិលំនៅឋាន និងស្រាវជ្រាវ នៃអង្គការសមាគមធាងត្នោត លោក ស៊ាង មួយឡៃ មានប្រសាសន៍ថា ករណីរដ្ឋាភិបាលកាត់ដីផ្ទៃបឹងតាមោក រាប់ពាន់ហិកតាទៅឱ្យក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ និងអ្នកមានលុយមានអំណាច បង្កឱ្យមានភាពអយុត្តិធម៌សង្គម។
លោកបន្តថា ក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ និងអ្នកមានលុយមានអំណាច មានសិទ្ធិទទួលបានដីបឹងមកធ្វើជាកម្មសិទ្ធិ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋក្រីក្រដែលរស់នៅនិងអាស្រ័យផលនៅជាប់បឹងនោះរាប់ឆ្នាំ បែរជាមិនទទួលបានកម្មសិទ្ធិលើដីរបស់ខ្លួន និងរងការបណ្តេញចេញពីលំនៅឋានទាំងបង្ខំយ៉ាងអយុត្តិធម៌ថែមទៀត។
បឹងតាមោក ឬបឹងកប់ស្រូវ មានផ្ទៃដីសរុប៣ ២៣៩ហិកតា ជាអាងស្ដុកទឹកកខ្វក់ និងរំដោះទឹកចេញពីរាជធានីភ្នំពេញ ហើយបឹងមួយនេះ ត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យ កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ ដោយកំណត់យកបឹងធម្មជាតិមួយនេះជាសម្បតិ្តសាធារណៈរបស់រដ្ឋ។
បើយោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលដែលបានចេញជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨ ដល់ចុងខែធ្នូឆ្នាំ២០២១ ផ្ទៃបឹងតាមោក សរុបជាង ២ ០០០ហិកតាហើយត្រូវបានរដ្ឋាភិបាលកាត់ឬដោះដូរទៅឱ្យស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងបុគ្គលមានលុយមានអំណាចសម្រាប់សាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ព្រមទាំងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនជាដើម៕