Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ពលរដ្ឋឃុំប៉ាក់ខ្លង សម្រុកទៅធ្វើអត្តសញ្ញាណបណ្ណថ្មី

Views: 2

ដោយៈ សុផានីតា / កោះកុង៖​ ប្រជាពលរដ្ឋ រស់នៅក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បាននឹងកំពុងសម្រុក ទៅធ្វើអត្តសញ្ញាណបណ្ណគំរូថ្មី ខណៈមន្រ្តីសមត្ថកិច្ច ដាក់ពង្រាយកម្លាំង ផ្តល់សេវា ដល់លំនៅដ្ឋាន។លោក ពន្លឺ និងអ្នកស្រី ប៉ោ ស៊ីណា ជាពលរដ្ឋ រស់នៅភូមិចាំយាម បានឱ្យដឹងនៅថ្ងៃទី២៨ ខែវិច្ឆិកា ថាៈ កាលដែលពួកគាត់ មកធ្វើអត្តសញ្ញាណបណ្ណថ្មី យ៉ាងដូច្នេះ ដោយសារតែ អត្តសញ្ញាណបណ្ណ ចាស់ហួសសុពល ភាពប្រើប្រាស់។

បើតាមពលរដ្ឋ ការមកផ្តាស់ប្តូរធ្វើអត្តសញ្ញាណបណ្ណ វាផ្តល់ភាពងាយស្រួល នៅពេលមាន តម្រូវការបំពេញបែបបទ ឯកសាររដ្ឋបាលផ្សេងៗ ដែលទាក់ទងនឹងការរកស៊ី និងរស់នៅ ប្រចាំថ្ងៃ ពិសេសប្រើប្រាស់ ពេលទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នាពេលខាងមុខ។

តំណាងពលរដ្ឋ ក៏អំពាវនាវ ដល់ពលរដ្ឋដែលបាត់ ឬមានអត្តសញ្ញាណបណ្ណ ផុតកំណត់ ប្រើប្រាស់ និងពលរដ្ឋគ្រប់អាយុ សូមប្រញាប់មកធ្វើថ្មីឡើងវិញ ទៅតាមការជូនដំណឹងរបស់ អាជ្ញាធរមូលដ្ឋាន ដើម្បីយកទៅប្រើប្រាស់ តាមសេចក្តីត្រូវការណាមួយ។

គួរបញ្ជាក់ថា រាល់ការធ្វើអត្តសញ្ញាណបណ្ណបាន ប្រជាពលរដ្ឋ ត្រូវភ្ជាប់ទៅជាមួយនូវឯកសារ ដូចជា សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់។

កាលពីថ្ងៃទី២៣ ខែវិច្ឆិកា កន្លងទៅ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សាខេត្តកោះកុង ឆ្នាំ២០២២ លោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ធ្លាប់ជំរុញដល់ប្រជាពលរដ្ឋ រស់នៅក្នុង មូលដ្ឋានខេត្ត ទាំងអស់ ទៅធ្វើអត្តសញ្ញាណបណ្ណថ្មី ប្រសិនបើមានជ្រុះបាត់ ឬហួសសុពលភាពប្រើប្រាស់។

អាជ្ញាធរខេត្ត ពន្យល់ដែរថាៈ ប្រជាពលរដ្ឋគ្រប់អាយុ១៨ឆ្នាំឡើង អាចទៅធ្វើអត្តសញ្ញាណ បណ្ណបាន នៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាល ឬអធិការដ្ឋាននគរបាល ក្រុង ស្រុក ដោយឥតគិត ថ្លៃសេវាអ្វីឡើយ។ ដើម្បីធានានូវសិទ្ធិសេរីភាព និងផលប្រយោជន៍ស្របច្បាប់ របស់ពលរដ្ឋ ម្នាក់ៗ។

ទាំងលោក កាយ សំរួម និងលោកស្រី មិថុនា ភូថង ក៏បាណែនាំឱ្យអាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធ បានផ្សព្វផ្សាយទូលំទូលាយច្រើន អំពីការជំរុញឱ្យ ប្រជាពលរដ្ឋ ដែលគ្រប់អាយុ ឬបាត់អត្តសញ្ញាណបណ្ណ អាចមកធ្វើថ្មីបាន នៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការដ្ឋាន នគរបាល និងដាក់ទីតាំងចល័ត ដោយធ្វើយ៉ាងណា បង្ខិតសេវាកាន់តែកៀកជិតដល់ ពលរដ្ឋ៕ V / N

Post navigation