Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​ព្រឹ​តិ្ត​ការណ៍​ជាតិ​សំខាន់ៗ ប្រចាំ​សប្តាហ៍

Views: 14

​ដោយ​៖ ម៉េង​ឆៃ / ភ្នំពេញ​៖ នៅក្នុង​សប្តាហ៍​នេះ មាន​ព្រឹត្តិការណ៍​ជាតិ​សំខាន់ៗ ជាច្រើន បានកើត​ឡើង ពិសេស​គឺ​ព្រឹត្តិការណ៍​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​កម្ពុជា បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ ក្នុងនាម​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០២២ នេះ​។​

១-​គណបក្សនយោបាយ ស្ថាប័នរដ្ឋ និង​ឯកជន​ជាច្រើន បង្ហាញ​ការគាំទ្រ​ចំពោះ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ លើក​ទី​១០ នេះ

​ញត្តិ​គាំទ្រ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជាច្រើន ត្រូវបាន​គណបក្សនយោបាយ ស្ថាប័ន​ក្រសួង និង​អង្គភាព​នានា បានធ្វើ​ឡើងជា​បន្តបន្ទាប់​។ ញត្តិ​គាំទ្រ​ទាំងនោះ បាន​គាំទ្រ និង​ចាត់ទុក​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ថា​មិនមាន​ការរាំងស្ទះ​ដល់​ដំណើរការ​ស្ថាប័ន​ជាតិ និង​ដើម្បី​ធានា​ឱ្យ​ស្ថាប័ន​កំពូល​របស់​ជាតិ អាចមាន​ដំណើរការ​រ​លូន ដោយ​មិន​ជាប់គាំង​នៅ​គ្រប់​កាលៈទេសៈ​ណាមួយ​ឡើយ​។​

២-​រដ្ឋមន្ដ្រីការបរទេស​អាស៊ាន ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​តំបន់​គ្មាន​អាវុធ​នុយក្លេអ៊ែរ នៅ​អាស៊ីអាគ្នេយ៍ (SEANWFZ)

​នៅ​រសៀល​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២២ រដ្ឋមន្ត្រីការបរទេស​អាស៊ាន បាន​ចូលរួម​ប្រជុំ ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​តំបន់​គ្មាន​អាវុធ​នុយក្លេអ៊ែរ នៅ​អាស៊ីអាគ្នេយ៍ (SEANWFZ)​។ កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​អគ្គលេខាធិការ​អាស៊ាន​។ ប៉ុន្តែ​រដ្ឋមន្ត្រី​ហ្វីលីពីន មិនបាន​ចូលរួម​ទេ ដោយសារតែ​បញ្ហា​សុខភាព តែ​ជំនួស​ដោយ​អនុរដ្ឋមន្ត្រី​ការបរទេស​។ រីឯ​មី​យ៉ាន់​ម៉ា មិនបាន​ចូលរួម​ទេ ក្រោយ​អាស៊ាន ឲ្យ​បញ្ជូន​ត្រឹម​តំណាង​មិនមែន​នយោបាយ​។​

៣-​ប្រធាន​អាស៊ាន ប្តេជ្ញា​បន្ត​ដោះស្រាយ​បញ្ហា​មី​យ៉ាន់​ម៉ា តែ​ព្រមាន​ប្រើប្រាស់​វិធានការ​ថ្មី ប្រសិនបើ​ស្ថានការណ៍ កាន់តែ​អាក្រក់​ជាង​បច្ចុប្បន្ន

​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែសីហា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាស៊ាន បានប្រកាសថា កម្ពុជា​ក្នុងតួនាទី​ជា​អ្នកដឹកនាំ​អាស៊ាន នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​មី​យ៉ាន់​ម៉ា ដោយ​មិនឱ្យ​ប៉ះពាល់​ដល់​ឯកភាព​អាស៊ាន​នោះទេ ប៉ុន្តែ​ក្នុងករណី​ដែល​ស្ថានភាព​ប្រទេស​មី​យ៉ាន់​ម៉ា កាន់តែ​អាក្រក់​ជាង​នេះ ពិសេស​ក្នុងករណី ដែលមាន​ការកាត់ទោស​ប្រហារជីវិត​ថ្មី​បន្តទៀត ប្រធាន​អាស៊ាន បាន​ព្រមាន​ថា នឹង​ប្រើប្រាស់​វិធានការ​ថ្មី ឆ្លើយតប​វិញ​ផងដែរ​។​

៤-​ចិន ប្រកាស​ជាថ្មី​គាំទ្រ​កម្ពុជា និង​ចាត់ទុក​លោក ហ៊ុន ម៉ា​ណែ​ត បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្តវេន ជា​កូនសោ​សំខាន់​នៃ​មិត្តភាព​រវាង​កម្ពុជា​-​ចិន​
​រដ្ឋាភិបាល​ចិន តាមរយៈ​លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស​ចិន បាន​អះអាង​ពី​ជំហ​របស់​រដ្ឋាភិបាល​ចិន​សាជាថ្មី គឺ​គាំទ្រ​ដោយ​ភាពរឹងមាំ​ចំពោះ​កម្ពុជា ទាំង​នយោបាយ​ផ្ទៃក្នុង និង​ទាំង​នយោបាយ​ការបរទេស​។ បន្ថែម​លើស​នេះ រដ្ឋាភិបាល​ចិន ចាត់ទុក​លោក ហ៊ុន ម៉ា​ណែ​ត ដែលជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្តវេន​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​កូនសោ​សំខាន់​នៃ​មិត្តភាព​រវាង​កម្ពុជា និង​ចិន​ផងដែរ​។ ជំហរ​របស់​មហាមិត្ត​ចិន​ដូច្នេះ បាន​ធ្វើឡើង​ក្នុងពេល​លោក វ៉ាង យី ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងពេល​ប្រមុខ​ការទូត​ចិន អញ្ជើញ​មក​ចូលរួម​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​២-៥​សីហា ឆ្នាំ​២០២២​។​

៥-​សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​សហគមន៍​អឺរ៉ុប ពិចារណា​ឡើងវិញ នូវ​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​រុស្ស៊ី​

​សម្តេច​ត​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃទី​៤ ខែសីហា បាន​ស្នើឱ្យ​សហគមន៍​អឺរ៉ុប ពិចារណា​ឡើងវិញ​នូវ​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​រុស្ស៊ី​។ ក្រៅពីនេះ ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក ជូ​ស៊េ​បបូ​រ៉ែ​ល សង់​តែ​ល តំណាង​ជាន់ខ្ពស់​សហគមន៍​អឺរ៉ុប ទទួលបន្ទុក​នយោបាយ កិច្ចការបរទេស និង​សន្តិសុខ នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើង និង​ពិភាក្សា​ការងារ​ជាច្រើន​ជា​តំណាង​សហគមន៍​អឺរ៉ុប​ផងដែរ ដូចជា បញ្ហា EBA និង​រឿង​មី​យ៉ាន់​ម៉ា ជាដើម​។ លោក ជូ​ស៊េ​បបូ​រ៉ែ​ល សង់​តែ​ល តំណាង​ជាន់ខ្ពស់​សហគមន៍​អឺរ៉ុប បាន​អញ្ជើញ​មក​កម្ពុជា ដើម្បី​ចូលរួម​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្ត្រីការបរទេស និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ចាប់ពី​ថ្ងៃទី​៤-៥ ខែសីហា ឆ្នាំ​២០២២​។​

៦-​ប្រធាន​អាស៊ាន​សម្ដេច​តេ​ជោ ហ៊ុន សែន ចង់ឃើញ​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ដោះស្រាយ​បញ្ហា​តានតឹង បច្ចុប្បន្ន ដោយ​សន្តិវិធី​

​សម្ដេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ​ជំហ​របស់​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន ជុំវិញ​បញ្ហា​សង្គ្រាម​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ដែល​បច្ចុប្បន្ន បាន​ក្លាយជា​ក្តី​ព្រួយ​កង្វល់​រួម​រួចជាស្រេច​ទៅហើយ​របស់​តំបន់ និង​ពិភពលោក តាមរយៈ​ការកើនឡើង​នៃ​វិបត្តិ​ស្បៀង និង​ថាមពល​។ សម្តេច​ប្រធាន​អាស៊ាន ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី នៅ​វិមាន​សន្តិភាព នា​ថ្ងៃទី​៤ ខែសីហា ដោយ​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា កម្ពុជា ក៏ដូចជា​អាស៊ាន​ទាំងមូល ចង់ឃើញ​ភាគី​ប្រឈមមុខ​ដាក់គ្នា រុស្ស៊ី​-​អ៊ុយ​ក្រែ​ន ស្វែងរក​ការចរចា ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ជៀសវាង​ការបន្ត​ប្រើប្រាស់​កម្លាំង​។​

៧-​រដ្ឋមន្ត្រីការបរទេស​អាស៊ាន សម្តែង​ការព្រួយបារម្ភ​នូវ​ភាពផុយស្រួយ​នៃ​ស្ថានការណ៍​តំបន់ និង​អន្តរជាតិ​

​ក្រៅពី​លើកឡើង និង​ពិភាក្សា​ក្នុង​កិច្ចប្រជុំ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣ ខែសីហា រដ្ឋមន្ត្រីការបរទេស​អាស៊ាន បានចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា ស្តីពី ការវិវឌ្ឍ​ឆ្លង​ច្រក​សមុទ្រ ដោយបាន​សម្តែង​ការព្រួយបារម្ភ​ពី​ភាពផុយស្រួយ​នៃ​ស្ថានការណ៍​តំបន់ និង​អន្តរជាតិ ជាពិសេស​ការវិវឌ្ឍ​ថ្មីៗ​នេះ នៅ​តំបន់​ក្បែរ​អាស៊ាន ដែល​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ចាត់ទុកថា អាច​បង្ក​អស្ថិរភាព​ដល់​តំបន់​អាស៊ាន​។ សេចក្តីថ្លែងការណ៍​នេះ បានធ្វើ​ឡើង ខណៈដែល​ភាព​តានតឹង បានកើត​ឡើង នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ បន្ទាប់ពី​ប្រធានសភា​អាមេរិក បំពេញ​ទស្សនកិច្ច នៅ​កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី​២ និង​ថ្ងៃទី​៣​សីហា​។ ចិន​បាន​ជំទាស់​នឹង​ដំណើរ​ទស្សនកិច្ច​នេះ ហើយ​បានធ្វើ​សមយុទ្ធ​យោធា​បាញ់​គ្រាប់​ពិត បាញ់​រំលង និង​នៅ​ជុំវិញ​កោះ​តៃវ៉ាន់ ចាប់តាំងពី​ថ្ងៃទី​៤ ខែសីហា​។​

៨-​រដ្ឋមន្ត្រី​ការ​បរ​ទស​អាស៊ាន ជួបប្រជុំ​ផ្សេងៗ​គ្នា ជាមួយ​រដ្ឋមន្ត្រីការបរទេស​ប្រទេស​ដៃគូ​សន្ទនា ១១​ប្រទេស

​នៅ​ថ្ងៃទី​៤ ខែសីហា កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន បាន​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រីការបរទេស និង​តំណាង​ប្រទេស​ដៃគូ​សន្ទនា ក្នុង​កិច្ចប្រជុំ​ដាច់ដោយឡែកៗ​ពីគ្នា ចំនួន ១១​ប្រទេស រួមមាន​៖ ចិន កូរ៉េ ជប៉ុន អង់គ្លេស ឥណ្ឌា កាណាដា អូស្ត្រាលី ញូ​វ​ហ្ស​ឡេ​ន អឺរ៉ុប អាមេរិក និង​រុស្ស៊ី​។ ចាប់​ផ្តើមដំបូង ជា​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​រដ្ឋមន្ត្រីការបរទេស​ចិន​។ កិច្ចប្រជុំ​នេះ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ដោយផ្ទាល់​ពី​លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន និង​លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស​ចិន​។

-​សន្តិសុខ​សណ្តាប់ធ្នាប់ ជុំវិញ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន នៅ​ភ្នំពេញ ត្រូវបាន​រឹតបន្តឹង​យ៉ាង​ហ្មត់ចត់

​នៅក្នុង​សប្តាហ៍​នេះ ទីតាំង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ គឺ​នៅ​សណ្ឋាគារ សុខា ភ្នំពេញ នៅ​ជ្រោយចង្វារ ព្រមទាំង​នៅតាម​សណ្ឋាគារ ដែល​ទី​ស្នាក់នៅ​របស់​គណៈប្រតិភូ​អន្តរជាតិ ត្រូវបាន​រឹតបន្តឹង​សន្តិសុខ​សណ្តាប់ធ្នាប់​យ៉ាង​តឹងរ៉ឹង ពី​សំណាក់​កងកម្លាំង​សមត្ថកិច្ច​កម្ពុជា​។ ការពង្រឹង​កិច្ចការពារ​សន្តិសុខ​នេះ គឺ​ក្នុង​គោលដៅ​ធានា​សុខ​សុវត្ថិភាព ជូន​ដល់​គណៈប្រតិភូ​អន្តរជាតិ ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​៣០​កក្កដា ដល់​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២២​។​

១០-​សម្ដេច ហ៊ុន សែន អរគុណ​បក្សប្រឆាំង ដែល​ធ្វើឱ្យ​សម្តេច ក្លាយជា​មេដឹកនាំ ដែល​ខ្លាំងពូកែ ហើយ​ពលរដ្ឋ​ស្រឡាញ់​គាំទ្រ​ច្រើន

​កាលពី​ថ្ងៃទី​៥ ខែសីហា សម្តេច​តេ​ជោ ហ៊ុន សែន បានទទួល​សញ្ញាបត្រ​ប​ណ្ឌិ​ត​កិត្តិយស​ផ្នែក​អភិវឌ្ឍន៍ ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ក្នុង​ពិធី​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែងថា សត្រូវ និង​ដៃគូ​នយោបាយ​របស់​សម្តេច ដែល​បានធ្វើ​សកម្មភាព​ប្រឆាំង​គ្រប់​វិធី​ជាមួយ​សម្តេច និង​គណបក្ស​ប្រជាជន​កម្ពុជា នាពេល​កន្លងមក បានរួម​ចំណែក​ធ្វើឱ្យ​សម្តេច​មាន​ភាពខ្លាំង ក្នុងការ​ដឹកនាំ និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​ក្រុម​អ្នកប្រឆាំង​បាន​បង្រៀន​សម្ដេច​ឱ្យដឹងពី​របៀប​នៃ​ការរក្សា​ស្ថិរភាព និង​ទប់ស្កាត់​បញ្ហា​បង្ក​អសន្តិសុខ​ក្នុងប្រទេស ដើម្បី​ឈាន​រក​ការអភិវឌ្ឍន៍ ការពារ​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការពារ​ជីវិត​ប្រជាជន​កម្ពុជា​។​

១១-​រដ្ឋមន្ដ្រីការបរទេស​អាស៊ាន និង​រដ្ឋមន្ត្រីការបរទេស​ប្រទេស​ដៃគូ​សន្ទនា​របស់​អាស៊ាន ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​បូព៌ា លើក​ទី​១២ និង​វេទិកា​តំបន់​អាស៊ាន លើក​ទី​២៩

​នៅ​ថ្ងៃទី​៥​សីហា ជា​ថ្ងៃ​ចុងក្រោយ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​។ នាពេល​ព្រឹក រដ្ឋមន្ដ្រីការបរទេស​អាស៊ាន និង​រដ្ឋមន្ត្រីការបរទេស​ប្រទេស​ដៃគូ​សន្ទនា​របស់​អាស៊ាន បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​បូព៌ា លើក​ទី​១២ និង​ពេល​រសៀល ជា​កិច្ចប្រជុំ វេទិកា​តំបន់​អាស៊ាន លើក​ទី​២៩​។​

១២-​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ បាន​បិទ​បញ្ចប់​ហើយ ដោយ​សម្រេចបាន​ជោគជ័យ គួរអោយកត់សំគាល់

​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៅ​ថ្ងៃទី​៥ ខែសីហា បាន​បិទ​បញ្ចប់​ហើយ ដោយ​នាំមក​នូវ​ជោគជ័យ​ជាច្រើន គួរអោយកត់សំគាល់​។ តាមរយៈ​កិច្ចប្រជុំ​អាស៊ាន​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២២​នេះ មេដឹកនាំ​អាស៊ាន មេដឹកនាំ​តំបន់ និង​ពិភពលោក បាន​ប្រើប្រាស់​វេទិកា​នេះ ដើម្បី​រិះរក​មធ្យោបាយ​រួម ក្នុងការ​ដោះស្រាយ​បញ្ហា​ធំៗ​ជា​ក្តីកង្វល់​រួម ដូចជា បញ្ហា​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន បញ្ហា​តានតឹង​នៅ​ច្រក​សមុទ្រ​កោះ​តៃវ៉ាន់ បញ្ហា​មី​យ៉ាន់​ម៉ា ការពង្រឹង និង​ស្តារ​សេដ្ឋកិច្ច​ពី​វិបត្តិ​កូ​វីត​១៩ បញ្ហា​វិបត្តិ​ស្បៀងអាហារ ក៏ដូចជា​បញ្ហា​ប្រែប្រួល​អាកាសធាតុ ជាដើម​។​

១៣-​កម្ពុជា បញ្ជាក់​ជំហរ មិន​បោះបង់​មី​យ៉ាន់​ម៉ា ក្នុង​កាលៈទេសៈ​ដែល​មី​យ៉ាន់​ម៉ា កំពុង​ជួបប្រទះ​បញ្ហាលំបាក​

​បន្ទាប់ពី​បញ្ចប់​ដោយ​ជោគជ័យ​នូវ​ការរៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​ព្រឹក​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២២ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន បានធ្វើ​សន្និសីទកាសែត ប្រកាស​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​រយៈពេល ១​សប្តាហ៍​នេះ​។ ក្នុង​សន្និសីទកាសែត លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់​ពី​ជំហរ​កម្ពុជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន គឺ​កម្ពុជា នឹងមិន​បោះបង់​មី​យ៉ាន់​ម៉ា ក្នុង​កាលៈទេស ដែល​មី​យ៉ាន់​ម៉ា កំពុង​ជួបប្រទះ​បញ្ហាលំបាក ដោយ​កម្ពុជា នឹង​សម្របសម្រួល​ដល់​ភាគី​ទាំងសងខាង ឱ្យ​វិល​មករក​តុ​ចរចា និង​ដោះស្រាយ​បញ្ហា​ដោយ​សន្ដិវិធី​។​

១៤-​ជប៉ុន ផ្តល់ប្រាក់​កម្ចីសម្បទាន​ជាង ៣០០​លាន​ដុល្លារ ដើម្បី​អភិវឌ្ឍន៍​ផែ​កុងតឺន័រ​ថ្មី នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​

​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៦ ខែសីហា ឆ្នាំ​២០២២ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក ហា​យ៉ា​ស៊ិ យ៉ុ​ស៊ិ​ម៉ាសា (HAYASHI Yoshimasa) នៅ​វិមាន​សន្តិភាព​។ បន្ទាប់ពី​កិច្ចប្រជុំ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា លើ​ឯកសារ​សំខាន់ៗ រួមមាន​៖ ១- លិខិត​ប្ដូរ​សារ និង​ឯកសារ​ពាក់ព័ន្ធ ស្តីពី​ការផ្តល់​ឥណទាន​សម្បទា​ន​ប្រាក់​យ៉េន ដែលមាន​ទឹកប្រាក់​ចំនួន ៤១,៣៨៨​ប៊ី​លាន​យ៉េន ស្មើនឹង​ប្រមាណ ៣៨៣,២២​លាន​ដុល្លារ​អាមេរិក​។ សម្រាប់​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍ ចំណត​ផែ​កុងតឺន័រ​ថ្មី នៅ​កំពង់ផែ​ក្រុងព្រះសីហនុ ជំហាន​ទី​១ ដែល​ចុះហត្ថលេខា​រវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ហា​យ៉ា​ហ្ស៊ី យ៉ូ​ហ៊ី​ម៉ាសា រដ្ឋមន្ត្រីការបរទេស​ជប៉ុន​។ ២- កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន សម្រាប់​គម្រោង​ខាងលើ រវាង​លោក ហែម វណ្ណឌី រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោកស្រី កា​មេ ហា​វឺ ប្រធាន​តំណាង JICA ប្រចាំ​កម្ពុជា​។ ឥណទាន​សម្បទាន​នេះ នឹង​រួមចំណែក​យ៉ាងសំខាន់​ដល់​ការពង្រីក និង​ធ្វើ​ទំនើបកម្ម​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​ដើម្បី​ប្រែក្លាយ​កំពង់ផែ​នេះ ទៅជា​កំពង់ផែ​ទឹក​ជ្រៅ​ស្នូល សម្រាប់​ប្រទេស​កម្ពុជា និង​ក្នុង​តំបន់ ស្របតាម​ការប្តេជ្ញាចិត្ត​របស់​នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ទាំងពីរ កាលពីដើម​ឆ្នាំនេះ​៕​

Post navigation