Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកសន្និសីទ «ចក្ខុវិស័យ​ប្រទេសកម្ពុជា ឆ្នាំ២០២២»

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី បើកសន្និសីទ «ចក្ខុវិស័យកម្ពុជា ឆ្នាំ២០២២» នៅសណ្ឋាគារសុខា ភ្នំពេញ។

សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា» គឺជាវេទិកាដ៏មានសារៈសំខាន់ប្រមូលផ្តុំអ្នកជំនាញ បើកកិច្ចពិភាក្សាលើប្រធានបទនានា ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច និងសង្គម ដើម្បីជាធាតុចូល សម្រាប់ដោះស្រាយបញ្ហាប្រឈម និងស្វែងរកកាលានុវត្តភាព សម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា។

សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» រៀបចំធ្វើឡើងក្រោមមូលបទ «ការស្តារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩»។ សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២នេះ មានការចូលរួមពីថ្នាក់ដឹកនាំប្រហែល ៤០០នាក់ មកពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃរាជរដ្ឋាភិបាលកម្ពុជា ស្ថានទូតបរទេស តំណាងបេសកកម្មការទូតបរទេសនានា ប្រចាំកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នអប់រំ វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិនៅប្រទេសកម្ពុជាផងដែរ។

ក្នុងពិធីបើកសន្និសីទនៅថ្ងៃស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាគន្លឹះពាក់ព័ន្ធនឹងវិបត្តិជំងឺកូវីដ១៩ ក៏ដូចជាយុទ្ធសាស្ត្រមួយចំនួនរបស់រាជរដ្ឋាភិបាល ក្នុងការស្តារប្រទេសក្រោយវិបត្តិនៃជំងឺឆ្លងសាកលមួយនេះ។ ក្នុងសន្និសីទនេះ ក៏នឹងមានការជជែកពិភាក្សាទៅលើប្រធានបទសំខាន់ៗមួយចំនួនទៀតផងដែរ។

គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រី និងផ្សាយផ្ទាល់(Live)ពិធីនេះ នៅម៉ោង 7:30 នាទីព្រឹក ពីសណ្ឋាគារសុខាភ្នំពេញ៕

Picture