ខេត្តកណ្តាល ៖ នៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ លោក អាត ចន្ទ័ដារា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនចាងហ្វាងគេហទំព័រ TCN TV ថៃ ប៊ុនរិទ្ធ ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «ញុះញង់ដែលបង្កឲ្យមានភាពវឹកវរដល់សង្គម និងបរិហារកេរ្តិ៍ជាសាធារណៈ» តាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២២ និងកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ។
ជនត្រូវចោទខាងលើនេះមានឈ្មោះ ថៃ ប៊ុនរិទ្ធ ហៅបូ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរចាងហ្វាងគេហទំព័រ TCN TV មានទីលំនៅនៅភូមិក្រពើហារកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
បើតាមប្រភពព័ត៌មានច្បាស់ការណ៍បានអោយដឹងថា ពាក់ព័ន្ធនឹងការឃាត់ខ្លួនចាងហ្វាងខាងលើនេះ គឺធ្វើឡើងដោយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រហ្មទណ្ឌ ។
ប្រភពដដែលបន្តថា ហើយចំពោះមូលហេតុ គឺដោយសារឈ្មោះ ថៃ ប៊ុនរិទ្ធ ហៅបូ មុខរបរចាងហ្វាងគេហទំព័រ TCN TV រូបនេះ បានជេរប្រមាថថ្នាក់ដឹកនាំខេត្តកណ្តាល និងដើរសម្លុតគំរា.មយកលុយពីថ្នាក់ដឹកនាំ ជាថ្នូរជាមួយនឹងការដាក់រូបភាពពីកន្លែងលួចលាក់បើកល្បែងស៊ីសងខុសច្បាប់។