Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

CAMSOC បូកសរុបវឌ្ឍនភាពការងារ ៩ខែ ដោយធានានូវការដោះស្រាយរួមគ្នា

Views: 7

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី២២ កញ្ញា ម្សិលមិញនេះ គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ( CAMSOC ) បានរៀបចំកិច្ចប្រជុំរួមមួយ ដើម្បីបូកសរុបវឌ្ឍនភាពការងារ រយៈពេល ៩ខែ នៃឆ្នាំ២០២២ និងទិសដៅយុទ្ធសាស្រ្ដ សំខាន់ៗ ក្រោមការចូលរួមពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានដឹកនាំកិច្ចប្រជុំប្រកបដោយជោគជ័យ និងដំណើរការ ដោយរលូន ដែលធានាបាននូវសុវត្ថិភាពខ្ពស់ ក្នុងការដឹកនាំគ្រប់គ្រង ដំណើរឆ្ពោះទៅរៀបចំ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ចំពោះគណៈកម្មការជំនាញ នីមួយៗ ក៏បានធ្វើសេចក្តីរាយការណ៍យ៉ាងជាក់លាក់ នូវការងាររបស់ខ្លួន ក៏ដូចជាដាក់ ចេញនូវសំណើ និងសំណូមពរមួយចំនួន ដើម្បីឲ្យរួមគ្នា ដោះស្រាយទៀតផង។

សម្ដេចពិជ័យសេនា បានផ្ដល់អនុសាសន៍សំខាន់ៗ មួយចំនួន ដើម្បីជំរុញ និងពង្រឹង សកម្មភាពការងារ កាន់តែមានប្រសិទ្ធភាព។ ជាពិសេស សម្ដេចបានជំរុញឲ្យរាជធានី-ខេត្ត ទាំងអស់ ត្រូវរៀបចំអភិបាលរងម្នាក់ ដើម្បីធ្វើការជាក់លាក់ ជាមួយគណៈកម្មាធិការជាតិ CAMSOC ក្នុងយុទ្ធនាការជាតិ ដែលបានដាក់ចេញ នាពេលកន្លងមក។ នេះបើតាមការបញ្ជាក់ របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ក្រោយបញ្ចប់កិច្ចប្រជុំខាងលើ។

លោកបានមានប្រសាសន៍ថាៈ «គណៈកម្មាធិការជាតិ CAMSOC មានការវាយតម្លៃខ្ពស់ នូវវឌ្ឍនភាពការងារហើយ តែក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែររួមទាំងការងារ ត្រូវធ្វើបន្ដ។ ក្នុងនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានផ្ដល់អនុសាសន៍ណែនាំមួយចំនួន ហើយចំណុច ដែលសំខាន់ គឺសម្ដេចបានឲ្យរាជធានី ខេត្ត ដែលជារដ្ឋបាលដែនដី ទទួលបន្ទុកគាំទ្រដល់ស៊ីហ្គេម ត្រូវរៀបចំជាក់លាក់ អំពីការទទួលខុសត្រូវរបស់រាជធានី ខេត្ត និងរៀបចំអ្នកទទួលខុសត្រូវ ជាអភិបាលរងម្នាក់ ដើម្បីធ្វើការជាមួយ CAMSOC ឲ្យមានភាពច្បាស់លាស់ ហើយទទួលបាន នូវការទទួលខុសត្រូវ និងបំពេញបាន តាមភារកិច្ចការងារ ដែល CAMSOC បំផុសឲ្យមានយុទ្ធនាការជាតិទូទាំងប្រទេស»។

លើសពីនេះ សម្ដេចពិជ័យសេនា បានសង្កត់ធ្ងន់ទៅលើការប្រមូលផ្ដុំកម្លាំង មកធ្វើការ ក្នុងមជ្ឈមណ្ឌលប្រតិបត្តិការរួម ដែលគ្រោងបើកដំណើរការ ចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។ កម្លាំងទាំងអស់ មកពីគ្រប់ក្រសួង-ស្ថាប័ន និងអង្គភាពមួយចំនួន ត្រូវប្រមូលផ្ដុំធ្វើការរួមគ្នា សម្រេចជាមួយគ្នា និងអនុវត្តជាមួយគ្នា ដើម្បីពង្រឹងបាន នូវប្រសិទ្ធភាពការងារ និងធានាបាន នូវការដឹកនាំគ្រប់គ្រង ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ឲ្យទទួលបានជោគជ័យ។

សម្ដេចពិជ័យសេនា បានជំរុញឲ្យរៀបចំយន្ដការច្បាស់លាស់ លើការងារថវិកា ទាំងចំណាយ និងចំណូល ដោយមានគម្រោងស្នើសុំ និងកិច្ចសន្យាទាំងអស់។ ពិសេស ត្រូវមានការ ផ្ទៀងផ្ទាត់ពីគុណភាព និងផលិតផលត្រឹមត្រូវ ដើម្បីជាគោល និងធានាបាននូវតម្លាភាព គណនេយ្យភាព សុចរិតភាព ក្នុងការប្រើប្រាស់ថវិកាជាតិ។ នេះគឺជាការដាស់តឿនក្រើនរំឭក ដល់គណៈកម្មការជំនាញទាំងអស់ ក៏ដូចជាស្ថាប័ននានាថា រាល់ការចំណាយ គឺត្រូវតែមាន ការផ្ទៀងផ្ទាត់ច្បាស់លាស់ និងមានការទទួលខុសត្រូវទាំងអស់គ្នា។ ក្នុងនោះ សម្ដេចបាន ជំរុញឲ្យសម្រេចឲ្យខាងតែបាន នូវយុទ្ធនាការជាតិទាំង ៥ រួមមាន យុទ្ធនាការកម្ពុជាស្អាត, បដិសណ្ឋារកិច្ចល្អ, ប្រជាជនម្នាក់ លេងកីឡាមួយមុខប្រចាំជីវិត, កីឡារស់ក្នុងសន្ដិភាព, ឆ្នាំទស្សនាកម្ពុជា ២០២៣, កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់ បន្ថយគ្រឿងញៀន៕/V

Post navigation