Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ឆ្កែ​រ៉ូបូត​បំពាក់​កាំភ្លើង​បាញ់​គ្រាប់បែក​ត្រូវបាន​បង្ហាញ​ក្នុង​ពិព័រណ៍​អាវុធ​របស់​រុស្ស៊ី (វីដេអូ)

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មើល​មួយ​ភ្លែត វា​ហាក់ដូចជា​ឆ្កែ​យន្ត​សម្រាប់​សង្គ្រាម​នាពេល​អនាគត​ដ៏​គួរឱ្យខ្លាច ពោល​គឺជា​ឆ្កែ​យន្ត​ប្រដាប់​ដោយ​កាំភ្លើង​បាញ់​គ្រាប់បែកដៃ​ដែល​រចនា​ឡើង​​ដើម្បី​ប្រមាញ់​និង​បាញ់​កម្ទេច​រថក្រោះ​។​

Video of the M-81 robot-dog armed with an RPG-26 at the Army 2022 defense expo. https://t.co/rUnwoCMoyS pic.twitter.com/BEDjnwstN0

— Rob Lee (@RALee85) August 15, 2022

​ប៉ុន្តែ​នៅពេល​ពិនិត្យ​កាន់តែ​ដិត​ដល់​ទៅ អាវុធ​ថ្មី ដែល​ដាក់​បង្ហាញ​នៅឯ​ពិព័រណ៍​ការពារ​ជាតិ​ឆ្នាំ​២០២២​របស់​រុស្ស៊ី​ក្នុង​ទីក្រុង​មូ​ស្គូ តាមពិតទៅ​ហាក់ដូចជា “​រ៉ូបូត​ជំនួយការ​ចាំផ្ទះ​” របស់​ចិន​ដែល​គ្រប់​​គ្នា​អាច​ទិញ​តាម​អ៊ីនធឺណិត​ក្នុងតម្លៃ​ត្រឹមតែ ២.៥០០ ផោន​។​

​ឆ្កែ​រ៉ូបូត​នេះ​ត្រូវបានរ​ចនាឡើង​ដើម្បី​ដើរ​តាម​ដៃគូ​ជា​មនុស្ស​នៅ​ជុំវិញ​ផ្ទះ​ដូច​សត្វ​ចិញ្ចឹម​ពិតៗ អាច​ផ្ទុក​ទម្ងន់​ស្រាល​ត្រឹម​បី​គីឡូក្រាម ឬ ទម្ងន់​ប្រហែល​កាំភ្លើង​សម្រាប់​បាញ់​គ្រាប់បែក​ដែល​មិន​ទាន់​ញាត់​​គ្រាប់ ដោយ​មិន​អាច​ទៅ​បំផ្ទុះ​រថពាសដែក​ស្អី​នោះទេ​។​

​បំពាក់​ជាមួយ​កាំភ្លើង RPG-26 ឆ្កែ​យន្ត​នេះ​ត្រូវ​គេ​បង្ហាញ​ជាមួយ​ការផ្ទុក​ទម្ងន់​ប្រហែល ៤,៥ គីឡូក្រាម ដែល​ច្រើន​ហួស​ពេក​ហើយ​សម្រាប់​វា​។​

​តម្រុយ​នៃ​អត្តសញ្ញាណ​របស់​ឆ្កែ​រ៉ូបូត​នេះ​ត្រូវបាន​បិទបាំង​ដោយ​ឈុត​ពណ៌​ខ្មៅ​ចម្លែក​ដែ​លពាក់​ជុំវិញ​វា នៅពេលដែល “​អ្នក​រចនា​របស់​វា​”​បានបង្ហាញ​វា​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៥​សីហា​។​

​ជាជាង​បំពាក់​ឈុត​ក្លែង​កាយ សម្លៀក​បំពាក់​នេះ​ហាក់ដូចជា​ត្រូវបាន​រចនា​ឡើង​ដើម្បី​បោក​បញ្ឆោត​ភ្នែក​របស់​អ្នក​ទស្សនា​ឱ្យ​គិតថា​វា​ជា​រ៉ូបូត​ថ្មី​។​

​ទោះយ៉ាងណា អ្នកលេង​អ៊ីនធឺណិត​រវៀសរវៃ បាន​និយាយថា ក្បាល​រាង​ឆកោណ​របស់​រ៉ូបូត​និងទី​តាំងភ្នែក​កាមេរ៉ា​ពីរ​គ្រាប់​របស់​វា​នៅ​ខាង​មុខ បាន​លាតត្រដាង​ពី​ការពិត​។​

​ពួក​គេ​ជឿ​ថា រ៉ូបូត​នេះ​តាមពិតជា​ឆ្កែ Go1 Yushu Technology Dog ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ឈ្មោះថា Unitree​។​

​ការផ្សាយ​ពាណិជ្ជកម្ម​នៅ​លើ​វេបសាយ​ចិន AliExpress បង្ហាញថា សត្វ​ឆ្កែ​នេះ​អាច​ទិញ​បាន​ក្នុងតម្លៃ​ចន្លោះ​ពី ២.៥០០ ទៅ ៣.០០០ ផោន​។​

​នៅក្នុង​ប្រទេស​រុស្ស៊ី ឆ្កែ Go1 ត្រូវ​បាន​លក់​ដោយ​ក្រុមហ៊ុន​ឈ្មោះថា Robosobaka ដែលមាន​ទំនាក់ទំនង​ជាមួយ​ក្រសួង​កិច្ចការ​ផ្ទៃក្នុង​និង​ក្រសួង​គ្រាអាសន្ន នេះ​បើ​យោង​តាម​វេបសាយ The Insider ។​

​ក្រុមហ៊ុន Robosobaka និយាយថា ឆ្កែ​នេះ​មិន​អាច​ឆ្លងកាត់​ដី​សើម ឬ​ដី​ភក់​បានទេ ព្រោះ​វា​មិន​មាន​ប្រព័ន្ធ​ការពារ​ជម្រៀប​ទឹក​គ្រប់គ្រាន់​ឬ​ការពារ​ពី​ភាពកខ្វក់ មិនអាច​ដើរ​លើ​ដី​រដិបរដុប​បាន និង​ដើរ​បាន​តែ​ក្នុង​អាកាសធាតុ​មាន​ពន្លឺ​ថ្ងៃ​ប៉ុណ្ណោះ​។​

​ការពិនិត្យ​របស់​អតិថិជន​នៅ​លើ​វេបសាយ​ចិនខាង​លើក៏​លើក​ឡើង​ផងដែរ​ថា ថ្ម​របស់​វា​មាន​ទំហំ​ធំ​ល្មម​អាច​ដំណើរការ​បាន​រយៈពេល​ពីរ​ម៉ោង ហើយ​ពេល​ខ្លះ​ដើរ​បាន​តិច​ជាង ៣០ នាទី​៕

អ្នកលេង​អ៊ីនធឺណិត​ជឿ​ថា​ឆ្កែ​យន្ត​ដែល​រុស្ស៊ី​បង្ហាញ​ជា​ឆ្កែ​យន្ត​ធម្មតាៗ​របស់​ចិន​ប៉ុណ្ណោះ​

Post navigation